[ហ្កាល់/ ស្រីលង្កា]៖ នាវិកអ៊ីរ៉ង់ដែលនៅរស់រានមានជីវិតពីការវាយប្រហារដោយនាវាមុជទឹកសហរដ្ឋអាមេរិកនៅមហាសមុទ្រឥណ្ឌាបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងកំពង់ផែ Galle ប្រទេសស្រីលង្កា កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមួយថ្ងៃបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៨៧ នាក់ បានបាត់បង់ជីវិត។ អាជ្ញាធរមន្ទីរពេទ្យជាតិ និងប្រភពពីកងទ័ពជើងទឹកបានបញ្ជាក់ថាសាកសពជនរងគ្រោះទាំង ៨៧ នាក់ ត្រូវបាននាំយកមកដោយក្រុមសង្គ្រោះយោធា បន្ទាប់ពីទទួលបានសញ្ញាអាសន្នពីនាវា IRIS Dena កាលពីព្រឹកព្រលឹមថ្ងៃពុធ។

នាវិកចំនួន ៣២ នាក់ ត្រូវបានជួយសង្គ្រោះ និងកំពុងព្យាបាលរបួសស្រាលដោយរំពឹងថានឹងអាចចាកចេញពីមន្ទីរពេទ្យបាននៅថ្ងៃព្រហស្បតិ៍នេះ និងប្រតិបត្តិការស្វែងរក និងសង្គ្រោះមនុស្សប្រមាណ ៦០ នាក់ ទៀតដែលកំពុងបាត់ខ្លួននឹងបន្តធ្វើឡើងនៅថ្ងៃនេះ។ ចំណែកឯប៉ូលិសពីររូបត្រូវបានដាក់ពង្រាយយាមកាមនៅច្រកចូលវួដលេខ ៥៨ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ពិនិត្យសុខភាពអ្នករងគ្រោះយ៉ាងដិតដល់។ ការវាយប្រហារនេះបានធ្វើឱ្យវិសាលភាពនៃសង្រ្គាមរីករាលដាលយ៉ាងខ្លាំងដល់ពាក់កណ្តាលមហាសមុទ្រឥណ្ឌាឆ្ងាយពីតំបន់ឈូងសមុទ្រដែលជាសមរភូមិប្រឈមមុខដាក់គ្នារវាងកងកម្លាំងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។
នៅឯមន្ទីរបញ្ចកោណ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងថា នាវាមុជទឹកអាមេរិកបានវាយលិចនាវាចម្បាំងអ៊ីរ៉ង់ដែលធ្លាប់តែយល់ថាមានសុវត្ថិភាពក្នុងដែនទឹកអន្តរជាតិ។ លោកបានហៅប្រតិបត្តិការនេះថាជា "Quiet Death" (មរណៈភាពដ៏ស្ងប់ស្ងាត់)។ វីដេអូពីមន្ទីរបញ្ចកោណបានបង្ហាញពីទិដ្ឋភាពនៃការផ្ទុះយ៉ាងខ្លាំងក្លាដែលបានធ្វើឱ្យតួនាវាដាច់ចេញពីគ្នានិងលិចចូលទៅក្នុងទឹកក្នុងល្បឿនយ៉ាងលឿន។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters