លោកស្រី Delcy Rodríguez ប្រធានាធិបតីបណ្ដោះអាសន្ននៃប្រទេសវេណេស៊ុយអេឡានិងលោក Doug Burgum រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យជីកយករ៉ែនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

លោក Burgum ដែលជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងថាមពលជាតិរបស់លោកប្រធានាធិបតី Donald Trump បានជួបពិភាក្សាជាមួយលោកស្រី Rodríguez នៅវិមានប្រធានាធិបតីក្នុងទីក្រុងការ៉ាកាស់។ នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកទី២ របស់មន្ត្រីអាមេរិកចាប់តាំងពីសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍រឹបអូសអំណាចពីលោក Nicolás Maduro កាលពីខែមករាកន្លងទៅ។

បច្ចុប្បន្ន វេណេស៊ុយអេឡាបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកផ្លូវឱ្យមានការវិនិយោគពីបរទេសកាន់តែច្រើនក្នុងវិស័យប្រេងកាត ហើយរដ្ឋាភិបាលក៏កំពុងរៀបចំផែនការកំណែទម្រង់ស្រដៀងគ្នានេះសម្រាប់វិស័យរ៉ែផងដែរ។ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបង្ហាញទាំងស្រុង ប៉ុន្តែលោក Jorge Rodríguez ប្រធានសភាបានបញ្ជាក់ថា កំណែទម្រង់ថ្មីនេះនឹងអនុញ្ញាតឱ្យ "ក្រុមហ៊ុនបរទេសខ្នាតយក្ស" ចូលមកវិនិយោគលើការជីកយករ៉ែ និងធាតុរ៉ែកម្រ។ ក្រៅពីមានទុនបំរុងប្រេងធំបំផុតក្នុងលោក វេណេស៊ុយអេឡាក៏សម្បូរទៅដោយ មាស និងពេជ្រ រ៉ែសំខាន់ៗ និងរ៉ែកម្រ (ដែលប្រើប្រាស់សម្រាប់ផលិតទូរស័ព្ទដៃ និងបច្ចេកវិទ្យាទំនើប)។

កន្លងមក ការរុករករ៉ែខុសច្បាប់បានរីករាលដាលយ៉ាងខ្លាំងដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ និការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុមឧក្រិដ្ឋជន និងអំពើពុករលួយ។ សហរដ្ឋអាមេរិកបានចោទប្រកាន់លោក Maduro (ដែលត្រូវឡើងសវនាការនៅអាមេរិកក្នុងខែមីនានេះ) ថាបានដឹកនាំអង្គការឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការរុករករ៉ែខុសច្បាប់និងការជួញដូរគ្រឿងញៀន ប៉ុន្តែលោកតែងតែបដិសេធ។

ក្រោយជំនួបនេះ លោកប្រធានាធិបតី Trump បានកោតសរសើរលោកស្រី Rodríguez ថាបានបំពេញការងារយ៉ាងល្អក្នុងការសហការជាមួយតំណាងអាមេរិក។ លោកបានសង្កត់ធ្ងន់ថា៖"ប្រទេសទាំងពីរមានទំនាក់ទំនងដ៏អស្ចារ្យ។ សហរដ្ឋអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីប្រេងរាប់លានបារ៉ែល ហើយយើងនឹងធ្វើឱ្យជីវិតរបស់ប្រជាជនវេណេស៊ុយអេឡាកាន់តែប្រសើរឡើង។"

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោកស្រី Delcy Rodríguez បានជំរុញឱ្យសភាកម្ពុជាគាំទ្រច្បាប់កំណែទម្រង់នេះដើម្បីទាក់ទាញវិនិយោគិន។ លោកស្រីបានផ្តល់ពិន្ទុ "២០ លើ ២០" ដល់កិច្ចសហប្រតិបត្តិការនេះ ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។

ជាមួយគ្នានេះ លោក Burgum បានបញ្ជាក់ថា មានក្រុមហ៊ុនរុករករ៉ែខ្នាតធំរបស់អាមេរិកជាង ២៤ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចដែលនឹងនាំមកនូវទុនវិនិយោគរាប់ពាន់លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ពលរដ្ឋក្នុងតំបន់។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC