រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសថា មនុស្សជាង ២០០ នាក់ ក្នុងនោះមានកុមារ ៧០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយបាក់ដីនៅតំបន់រុករករ៉ែមួយក្បែរទីក្រុង Rubaya កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ គ្រោះធម្មជាតិនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែរដ្ឋាភិបាលបានទម្លាក់កំហុសទៅលើក្រុមឧទ្ទាម M23 ដែលកំពុងគ្រប់គ្រងតំបន់នោះបណ្តោយឱ្យមានការធ្វើអាជីវកម្មរ៉ែខុសច្បាប់។ ការខ្វះខាតស្តង់ដារសុវត្ថិភាពនិងការត្រួតពិនិត្យបច្ចេកទេស និងរឹតត្បិតសិទ្ធិសេរីភាពជនស៊ីវិលដែលធ្វើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះមានភាពយឺតយ៉ាវ។

ផ្ទុយទៅវិញ ប្រភពពីក្នុងតំបន់បានប្រាប់ BBC ថា ការបាក់រលំនេះបណ្តាលមកពីការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាល ហើយអះអាងថាមានមនុស្សស្លាប់តែ ៦ នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ពិតប្រាកដនៅតែពិបាកផ្ទៀងផ្ទាត់ដោយសារតំបន់នោះដាច់ស្រយាលនិងមានការរំខានដល់ប្រព័ន្ធទូរគមនាគមន៍។ ទីក្រុង Rubaya គឺជាប្រភពរ៉ែ Coltan ដ៏ធំបំផុតមួយ ដែលផ្តល់ការផ្គត់ផ្គង់ប្រហែល ១៥% នៃទីផ្សារពិភពលោក។ រ៉ែប្រភេទនេះមានផ្ទុកសារធាតុ Tantalum ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតគ្រឿងអេឡិចត្រូនិក (ដូចជាស្មាតហ្វូន និងកុំព្យូទ័រ)។

ក្រុមឧទ្ទាមនេះបានវាយយកទីក្រុង Rubaya តាំងពីឆ្នាំ ២០២៤ និងបានពង្រីកឥទ្ធិពលលើតំបន់សម្បូររ៉ែជាច្រើនទៀត។ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរវ៉ាន់ដាថាបានគាំទ្រក្រុម M23 និងជួយនាំចេញរ៉ែខុសច្បាប់ពីកុងហ្គោ ប៉ុន្តែរវ៉ាន់ដាបានបដិសេធ កាលពីខែមករាកន្លងទៅ ទីតាំងដដែលនេះក៏ធ្លាប់មានគ្រោះបាក់ដីសម្លាប់មនុស្សអស់ជាង ២០០ នាក់រួចមកហើយ។ បច្ចុប្បន្ន អ្នករងរបួសជាច្រើននាក់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Goma ខណៈស្ថានភាពនៅកន្លែងកើតហេតុនៅតែបន្តមានគ្រោះថ្នាក់ខ្លាំងនៅឡើយ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC