បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើបង្អួច អំឡុងពេលមានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅ ប្លុកអគារស្នាក់នៅ (Tower Block) មួយកន្លែងក្នុងតំបន់ North Lanarkshire ប្រទេសស្កុតឡែន។ សេវាពន្លត់អគ្គិភ័យនិងសង្គ្រោះស្កុតឡែន (SFRS) បានទទួលសេចក្តីរាយការណ៍ពីការឆាបឆេះនៅ ជាន់ទី១២ នៃអគារដែលស្ថិតនៅលើផ្លូវ Shields Drive ក្នុងទីក្រុង Motherwell កាលពីវេលាម៉ោងប្រហែល ១០:០៨ យប់ (ម៉ោងក្នុងតំបន់) នាថ្ងៃព្រហស្បតិ៍។

យោងតាមការបញ្ជាក់ពីប៉ូលីសស្កុតឡែន បុរសរងគ្រោះត្រូវបានគេឃើញធ្លាក់ពីលើបង្អួច ខណៈដែលភ្លើងកំពុងឆាបឆេះ។ គាត់ត្រូវបានប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងប្រតិបត្តិការនោះ រថយន្តពន្លត់អគ្គិភ័យចំនួន ៩ គ្រឿង រួមនឹងក្រុមជំនាញជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ប៉ុន្តែជាសំណាងល្អមិនមានអ្នកដទៃទៀតរងរបួសនោះទេ។

លោក Chris Robb ដែលជាអ្នករស់នៅក្នុងអគារកើតហេតុនោះបានរៀបរាប់ថា លោកបានឮសំឡេងស៊ីរ៉ែន និងបានឃើញពន្លឺភ្លើងឆាបឆេះភ្លាមៗ បន្ទាប់ពីម៉ោង ១១ យប់។ ទោះជាយ៉ាងណាក៏ដោយ លោកបានប្រាប់ BBC Scotland News ថា លោកមិនបានដឹងពីទំហំនៃសោកនាដកម្មនេះទេ រហូតដល់ព្រឹកថ្ងៃសុក្រ នៅពេលដែលបងស្រីរបស់លោកផ្ញើសារមកប្រាប់។ លោកបានបន្តថា៖ “ខ្ញុំបានមើលទៅក្រៅបង្អួច ហើយឃើញឡានប៉ូលីស និងឡានពន្លត់អគ្គិភ័យជាច្រើន ប៉ុន្តែមិនដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនោះទេ។ លុះដល់ព្រឹកឡើងទើបខ្ញុំដឹងថាមានមនុស្សស្លាប់ វាពិតជាគួរឱ្យតក់ស្លុតណាស់ជាពិសេសសម្រាប់ខ្ញុំដែលទើបតែមករស់នៅទីនេះមិនទាន់បានយូរប៉ុន្មានផង។”

មេបញ្ជាការតំបន់នៃសេវា SFRS លោក Stephen Nesbit បានមានប្រសាសន៍ថា៖ វាជារឿងដ៏សោកសៅបំផុតដែលបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់គាត់ក្នុងគ្រាដ៏លំបាកនេះ។

លោកបានបន្ថែមថា បច្ចុប្បន្នភ្លើងត្រូវបានពន្លត់ទាំងស្រុងហើយ ប៉ុន្តែក្រុមពន្លត់អគ្គិភ័យមួយក្រុមនៅតែបន្តប្រចាំការនៅទីនោះដើម្បីតាមដាន និងបង្ការកុំឱ្យមានការឆាបឆេះឡើងវិញ (Hotspots)។ ទន្ទឹមនឹងនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតរួមគ្នារវាងផ្នែកអគ្គិភ័យនិងប៉ូលីសដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យនេះ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC