[ស្តុកខុល]៖ ថ្ងៃទី៩ ខែមីនា យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបានបង្ហាញថា អឺរ៉ុបបានក្លាយជាតំបន់នាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលនៃបណ្តាប្រទេសអឺរ៉ុប បានឆ្លើយតបទៅនឹងការគំរាមកំហែងពីរុស្ស៊ី និងការធ្លាក់ចុះទំនុកចិត្តលើការប្តេជ្ញាចិត្តផ្នែកសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក។

បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនការនាំចូលអាវុធយ៉ាងគំហុកក្នុងអំឡុងឆ្នាំ ២០២១-២០២៥ បើធៀបនឹងឆ្នាំ ២០១៦-២០២០ ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនក្នុងការការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនឡើងវិញ បន្ទាប់ពីការកាត់បន្ថយការវិនិយោគលើវិស័យការពារជាតិអស់ជាច្រើនទសវត្សរ៍។

លោក Mathew George នាយកកម្មវិធីផ្ទេរអាវុធរបស់វិទ្យាស្ថាន SIPRI បានលើកឡើងថា៖ «ការកើនឡើងយ៉ាងខ្លាំងនៃលំហូរអាវុធទៅកាន់បណ្តារដ្ឋនៅអឺរ៉ុបបានរុញច្រានឱ្យការផ្ទេរអាវុធជាសកលកើនឡើងជិត ១០%»។ របាយការណ៍បានបង្ហាញថា ការនាំចូលអាវុធរបស់អឺរ៉ុបមានចំនួន ៣៣% នៃការនាំចូលសរុបលើពិភពលោក ពោលគឺកើនឡើងពី ១២% កាលពី ៥ ឆ្នាំមុន។ ទោះបីជាមានការជំរុញផលិតកម្មក្នុងស្រុកក៏ដោយ ក៏បណ្តាប្រទេសអឺរ៉ុបនៅតែបន្តបង្កើនការបញ្ជាទិញអាវុធពីសហរដ្ឋអាមេរិក ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ។

ការនាំចូលសព្វាវុធដោយរដ្ឋនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះ ១៣% បើទោះបីជាអារ៉ាប៊ីសាអូឌីត និងកាតាស្ថិតក្នុងចំណោមអ្នកទិញកំពូលទាំងបួននៅលើពិភពលោកក៏ដោយ។ លោក Pieter Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI បានពន្យល់ថា ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីការបញ្ជាទិញដ៏ច្រើនលើសលប់របស់អារ៉ាប៊ីសាអូឌីតកាលពីពេលមុន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរៀបចំដាក់ឱ្យប្រើប្រាស់។ ទោះជាយ៉ាងណា ជម្លោះនាពេលបច្ចុប្បន្នទំនងជានឹងជំរុញឱ្យមានការទិញបន្ថែមទៀត ជាពិសេសប្រព័ន្ធការពារមីស៊ីល និងការពារដែនអាកាស ដើម្បីពង្រឹងសុវត្ថិភាពឱ្យកាន់តែប្រសើរជាងមុន។

សហរដ្ឋអាមេរិក បានបង្កើនចំណែកទីផ្សារនាំចេញអាវុធសកលរបស់ខ្លួនដល់ ៤២% (កើនពី ៣៦%) ដែលពង្រឹងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង។ បារាំង គឺជាអ្នកផ្គត់ផ្គង់ធំជាងគេទីពីរ ដែលមានចំណែក ៩,៨% នៃការនាំចេញសកល ចំពោះរុស្ស៊ី ទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៦,៨% (ពី ២១%) បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ជារួម ចំណែកនៃការនាំចេញអាវុធរួមគ្នារបស់បណ្តាប្រទេសអឺរ៉ុបមានចំនួន ២៨% ដែលស្មើនឹង ៤ ដងនៃចំណែករបស់រុស្ស៊ី និង ៥ ដងនៃចំណែករបស់ប្រទេសចិន។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters