[ រ៉យទ័រ]៖ ថ្ងៃទី៩ ខែមីនា ទស្សនៈវិស័យទីផ្សារអឺរ៉ុប និងសកលលោកដោយលោក Wayne Cole៖ ស្ថានភាពបច្ចុប្បន្នកំពុងវិវត្តទៅជា វិបត្តិថាមពលសកល ដ៏ធ្ងន់ធ្ងរមួយដែលមានលក្ខណៈស្រដៀងទៅនឹងវិបត្តិឆ្នាំ១៩៧០។ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងលើស ១០០ ដុល្លារភ្លាមៗនៅពេលបើកទីផ្សារ និងបានបន្តកើនឡើងរហូតដល់ចំណុចកំពូល ១១៩,៥០ ដុល្លារ។ ប្រសិនបើតម្លៃនេះនៅបន្តរក្សាដដែល វានឹងក្លាយជាការកើនឡើងប្រចាំថ្ងៃធំបំផុតក្នុងប្រវត្តិសាស្ត្រ (ប្រហែល ២៥%) ដែលធ្វើឱ្យកំណើនសរុបកើនឡើងដល់ ៦០% គិតចាប់តាំងពីមានបញ្ជាវាយប្រហារលើអ៊ីរ៉ង់។

តួលេខទាំងនេះគឺជាសញ្ញាដែលគេតែងតែផ្សារភ្ជាប់ទៅនឹង វិបត្តិសេដ្ឋកិច្ចពិភពលោក។ ទោះបីជាបច្ចុប្បន្ន ពិភពលោកកាត់បន្ថយការពឹងផ្អែកលើប្រេងជាងមុន និងមានប្រភពថាមពលជំនួសខ្លះក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា វានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីទប់ទល់នឹងជម្លោះដ៏អូសបន្លាយនេះឡើយ។ ជម្លោះនេះហាក់គ្មានសញ្ញាថមថយឡើយ។ ការទាមទារឱ្យមាន ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងការឡើងកាន់តំណែងរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានធ្វើឱ្យភាគីទាំងសងខាងកាន់តែរឹងត្អឹង និងពិបាកក្នុងការចរចា។

យោងតាមទិន្នន័យពី Marine Traffic នាវាដឹកប្រេងមិនទាន់បិទច្រកសមុទ្រ Hormuz នៅឡើយទេ ប៉ុន្តែការកើនឡើងនៃតម្លៃធានារ៉ាប់រងហានិភ័យសង្រ្គាម កំពុងក្លាយជាឧបសគ្គដ៏ធំ។ នៅពេលដែលការដឹកជញ្ជូនប្រេងឆៅត្រូវបានរអាក់រអួល រដ្ឋនៅឈូងសមុទ្រមួយចំនួនចាប់ផ្ដើមខ្វះខាតការស្តុកទុក ហើយការស្ដារផលិតកម្មឡើងវិញគឺជាដំណើរការដែលត្រូវចំណាយពេលយូរ។ តម្លៃប្រេងយន្តហោះ ប្រហែលពាក់កណ្តាលនៃប្រេងយន្តហោះរបស់អឺរ៉ុបត្រូវដឹកជញ្ជូនតាមច្រកសមុទ្រនេះ ដែលរុញតម្លៃឱ្យឡើងខ្ពស់ដល់កំណត់ត្រាថ្មីគឺ ១៩០ ដុល្លារក្នុងមួយបារ៉ែល។

ទីផ្សារភាគហ៊ុនអាស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយសន្ទស្សន៍ Nikkei ធ្លាក់ចុះ ៧%, កូរ៉េខាងត្បូង ៨% និងតៃវ៉ាន់ ៥%។ ទីផ្សារភាគហ៊ុនអឺរ៉ុប និង Wall Street កិច្ចសន្យាអនាគត បានធ្លាក់ចុះចន្លោះពី ១% ទៅ ៣%។ ទិន្នផលមូលបត្របំណុលកើនឡើង ដោយសារវិនិយោគិនបារម្ភពី អតិផរណា ដែលអាចបង្ខំឱ្យធនាគារកណ្តាលមិនអាចបញ្ចុះអត្រាការប្រាក់បាន ទោះបីជាសេដ្ឋកិច្ចដើរយឺតក៏ដោយ។ ការកើនឡើងនៃតម្លៃហ្គាស ប្រេងឥន្ធនៈ និងជី កំពុងធ្វើឱ្យតម្លៃការរស់នៅ (ការកម្ដៅក្នុងផ្ទះ ការធ្វើដំណើរ និងអាហារ) កាន់តែថ្លៃ។ សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ការឈឺចាប់បំផុតគឺតម្លៃសាំងនៅតាមស្ថានីយ ដែលអាចកើនឡើងពី ១០% ទៅ ២០% ឬលើសនេះ ដែលសម្ពាធសេដ្ឋកិច្ចនេះឯងអាចនឹងក្លាយជាកត្តាបង្ខំឱ្យបញ្ចប់សង្រ្គាម។

ព្រឹត្តិការណ៍សំខាន់ៗដែលត្រូវតាមដាននៅថ្ងៃចន្ទ៖

•សេចក្តីថ្លែងការណ៍របស់សមាជិកក្រុមប្រឹក្សាភិបាល ECB លោក Piero Cipollone

• កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់អឺរ៉ូ (Eurogroup) នៅទីក្រុងព្រុចសែល

• របាយការណ៍ទំនុកចិត្តវិនិយោគិន (Sentix) និងទិន្នផលឧស្សាហកម្មរបស់អាល្លឺម៉ង់។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters