[ភ្នំពេញ] – ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកើនឡើងកម្តៅរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កម្ពុជាដែលជាប្រទេសនាំចូលប្រេងឥន្ធនៈ ១០០% បាននឹងកំពុងរងឥទ្ធិពល ផ្ទាល់ពីការប្រែប្រួល តម្លៃថាមពលសកលនេះ។

១. តម្លៃប្រេងនៅកម្ពុជា៖ សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់

យោងតាមសេចក្តីជូនដំណឹងថ្មីបំផុតរបស់ ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ (សម្រាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា) តម្លៃប្រេងលក់រាយនៅក្នុងប្រទេសកម្ពុជាបាន ហក់ឡើងដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ៖ ប្រភេទប្រេងឥន្ធនៈ សាំងធម្មតា កើនទ្បើងដល់ទៅ ៥,២០០ រៀល និង ប្រេងម៉ាស៊ូត កើនទ្បើងដល់ទៅ ៦,០៥០ រៀល។

ចំណុចសម្គាល់៖ តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់ជាងសាំងធម្មតាយ៉ាងខ្លាំង ដែលនេះគឺជា សញ្ញាអាសន្នសម្រាប់វិស័យដឹកជញ្ជូន និងផលិតកម្ម ដោយសារម៉ាស៊ីនធុនធំ និងឡានដឹកទំនិញ ភាគច្រើនប្រើប្រាស់ប្រេងម៉ាស៊ូត។

២. ផលប៉ះពាល់ខ្សែសង្វាក់ផលិតកម្ម និងតម្លៃទំនិញ

ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ មិនមែនប៉ះពាល់តែអ្នកចាក់សាំងឡាន-ម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ ដល់សេដ្ឋកិច្ចទាំងមូល៖

  • ថ្លៃដឹកជញ្ជូន៖ នៅពេលប្រេងម៉ាស៊ូតឡើងដល់ ៦,០៥០ រៀល ថ្លៃដឹកជញ្ជូនទំនិញពីបណ្តាខេត្តមក កាន់ទីក្រុង និងការនាំចេញទៅក្រៅប្រទេសនឹងកើនឡើង ដែលបង្ខំឱ្យអាជីវករត្រូវដំឡើងថ្លៃទំនិញ សព្វសារពើនៅលើទីផ្សារ។

  • អតិផរណាម្ហូបអាហារ៖ ប្រជាពលរដ្ឋដែលមានចំណូលទាបនឹងរងគ្រោះខ្លាំងជាងគេ ដោយសារចំណាយ លើម្ហូបអាហារ និងការធ្វើដំណើរប្រចាំថ្ងៃកើនឡើង ស្របពេលដែលប្រាក់ចំណូលនៅទ្រឹង ឬក៍អាចថយចុះ។

  • វិស័យកសិកម្ម៖ កសិករដែលប្រើប្រាស់ម៉ាស៊ីនបូមទឹក និងត្រាក់ទ័រនឹងត្រូវចំណាយដើមទុនផលិត ខ្ពស់ជាងមុន ដែលអាចធ្វើឱ្យប្រាក់ចំណេញរបស់ពួកគេធ្លាក់ចុះ។

៣. ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលមកលើកម្ពុជា

ដូចដែលអ្នកសេដ្ឋកិច្ចអាមេរិកបានព្រមានអំពី «វិបត្តិសេដ្ឋកិច្ច» ប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុបធ្លាក់ ក្នុងវិបត្តិមែននោះ កម្ពុជានឹងរងគ្រោះពីរជាន់៖

  1. ការធ្លាក់ចុះការបញ្ជាទិញ៖ ប្រសិនបើអ្នកប្រើប្រាស់នៅអាមេរិកកាត់បន្ថយការចំណាយ វិស័យកាត់ដេរដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ ដែលការបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងនឹងអាចធ្លាក់ចុះ។

  2. វិស័យទេសចរណ៍៖ ការកើនឡើងថ្លៃសំបុត្រយន្តហោះ (ដោយសារថ្លៃប្រេងយន្តហោះឡើង) នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានការថយចុះ។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយសម្រួលតម្លៃ ដោយបញ្ចុះតម្លៃលក់រាយចំនួន ៦,៥ សេនដុល្លារ/លីត្រ ដើម្បីជួយសម្រាលជីវភាពពលរដ្ឋក៏ដោយ ប៉ុន្តែប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ា នៅតែបន្តឆាបឆេះ ហើយតម្លៃប្រេងសកលហក់ឡើងលើស $១២០ ក្នុងមួយបារ៉ែល នោះសម្ពាធ សេដ្ឋកិច្ចលើកម្ពុជានឹងកាន់តែធ្ងន់ធ្ងរដែលមិនអាចចៀសរួច។