កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរោងចក្រយោធាដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ដែលជាកន្លែងផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំសម្រាប់មីស៊ីលដែលរុស្ស៊ីប្រើប្រាស់ដើម្បីវាយប្រហារលើទីក្រុង និងជនស៊ីវិលអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ យោធាអ៊ុយក្រែនបានឱ្យដឹងថា មីស៊ីល Storm Shadow ដែលជាជំនួយរបស់ចក្រភពអង់គ្លេសត្រូវបានប្រើប្រាស់ដើម្បីវាយប្រហាររោងចក្រ Kremniy El ស្ថិតក្នុងតំបន់ព្រំដែន Bryansk។
ជាការឆ្លើយតប អាជ្ញាធររុស្ស៊ីបានចោទប្រកាន់ថា ការវាយប្រហារ "ភេរវកម្ម" នេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៦ នាក់ និងរបួស ៤២ នាក់។ លោក ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងដោយមន្ទិលសង្ស័យថាការបាញ់មីស៊ីលកម្រិតខ្ពស់នេះ "មិនអាចទៅរួចឡើយ បើគ្មានការជួយជ្រោមជ្រែងពីអ្នកឯកទេសអង់គ្លេស”។

ខណៈដែលរុស្ស៊ីព្យាយាមធ្វើឱ្យអ៊ុយក្រែន "គ្មានយោធា" តាមរយៈការឈ្លានពាន អ៊ុយក្រែនបែជាទទួលបានអាវុធទំនើបៗពីលោកខាងលិចដើម្បីការពារខ្លួន។ ផ្ទុយទៅវិញ រុស្ស៊ីក៏ទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអ៊ីរ៉ង់ ផ្គត់ផ្គង់ដ្រូនឃាតករ Shahed និងកូរ៉េខាងជើងបញ្ជូនកម្លាំងទាហានមកជួយរុស្ស៊ី។
កាលពីថ្ងៃពុធ ដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្ស ២ នាក់នៅទីក្រុង Kharkiv ចំណែកការវាយប្រហារនៅទីក្រុង Slovyansk បានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និង ១៦ នាក់រងរបួស។ បើទោះបីជាសង្រ្គាមស្ថិតក្នុងស្ថានភាពជាប់គាំង ប៉ុន្តែភាគីទាំងពីរនៅតែបន្តវាយបកគ្នាទៅវិញទៅមកយ៉ាងសាហាវ។
កិច្ចចរចាសន្តិភាពក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ លោកប្រធានាធិបតី ហ្សេលេនស្គី បានបង្ហើបថា កិច្ចចរចារវាងតំណាងរុស្ស៊ី និងអាមេរិក អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ចំណុចរសើបនៃកិច្ចចរចានេះ គឺសំណើដែលតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលការគ្រប់គ្រងលើតំបន់ Donbas ដែលបច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់លើសពី ៨០%។ ទោះជាយ៉ាងណា ភាគីអ៊ុយក្រែនបានអះអាងដដែលៗថា ខ្លួនមិនអាចទទួលយកលក្ខខណ្ឌនៃការបាត់បង់ទឹកដីនេះបានឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC