[រ៉យទ័រ]៖ ស្របពេលដែលតម្លៃប្រេងបានហក់ឡើងខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ដោយសារភាពតានតឹងនៃសង្គ្រាមជាមួយអ៊ីរ៉ង់កាន់តែខ្លាំងក្លា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តដាក់សម្ពាធជាថ្មីលើប្រធានធនាគារកណ្តាល (Fed) លោក Jerome Powell ឱ្យកាត់បន្ថយអត្រាការប្រាក់។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា លោក Powell គួរតែទម្លាក់អត្រាការប្រាក់ជាបន្ទាន់។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ្នកវិនិយោគបែរជាមានការរំពឹងទុកផ្ទុយពីនេះ។ ពួកគេជឿជាក់ថា តម្លៃប្រេងដែលហក់ឡើងខ្ពស់នឹងធ្វើឱ្យស្ថានភាពអតិផរណាកាន់តែអាក្រក់ដែលបង្ខំឱ្យធនាគារកណ្តាលមិនអាចកាត់បន្ថយអត្រាការប្រាក់បានរហូតដល់ដាច់ឆ្នាំ ឬយូរជាងនេះ។

មុនពេលជម្លោះផ្ទុះឡើង ទីផ្សារបានព្យាករណ៍ថា Fed នឹងកាត់បន្ថយអត្រាការប្រាក់ចំនួនពីរលើក (ក្នុងកម្រិត ០,២៥% ម្តង) នៅត្រឹមដំណាច់ឆ្នាំនេះ ប៉ុន្តែឥឡូវនេះ ការរំពឹងទុកបានធ្លាក់មកនៅត្រឹមតែមួយលើកប៉ុណ្ណោះ។ ការប្រែប្រួលនេះកើតឡើងទោះបីជាមានការរំពឹងថា លោក Kevin Warsh (បេក្ខភាពដែលលោក Trump ជ្រើសរើសឱ្យមកបន្តតំណែងពីលោក Powell ក្នុងខែឧសភា) គឺជាអ្នកនិយមគោលនយោបាយអត្រាការប្រាក់ទាបក៏ដោយ។

ស្ថានភាពកាន់តែតានតឹង បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថានឹងបិទ ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ (ប្រហែល ១ ភាគ ៥ នៃពត់ផ្គត់ផ្គង់ពិភពលោក)។ ការគំរាមកំហែងនេះបានធ្វើឱ្យតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក លោតឡើងដល់ ៩៥,៧០ ដុល្លារ ក្នុងមួយបារ៉ែល។

ការកើនឡើងនៃតម្លៃប្រេង មិនត្រឹមតែធ្វើឱ្យតម្លៃសាំងឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏រុញច្រានតម្លៃទំនិញ និងម្ហូបអាហារឱ្យខ្ពស់តាមរយៈការកើនឡើងនៃថ្លៃដឹកជញ្ជូន។ អ្នកវិភាគបានព្រមានថា តម្លៃអាហារនឹងរងផលប៉ះពាល់ខ្លាំងដោយសារច្រកសមុទ្រ Hormuz ក៏ជាច្រកយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនជីកសិកម្មរបស់ពិភពលោកផងដែរ។ ក្រុមអ្នកវិភាគនៃធនាគារ Goldman Sachs បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍អតិផរណា PCE (ដែល Fed កំណត់គោលដៅ ២%) អាចនឹងហក់ឡើងដល់ ២,៩% នៅខែធ្នូ។ ពួកគេបានរុញការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់លើកដំបូងពី ខែមិថុនា ទៅខែកញ្ញា វិញ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters