[តូក្យូ]៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានថ្លែងនៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលខ្លាំងមិនធម្មតានៅក្នុងទីផ្សារប្តូរប្រាក់បរទេស (Forex) និងទីផ្សារហិរញ្ញវត្ថុផ្សេងទៀត បន្ទាប់ពីតម្លៃប្រាក់យ៉េនបានធ្លាក់ចុះជិតដល់កម្រិត ១៦០ យ៉េនក្នុងមួយដុល្លារ ដែលជាកម្រិតប៉ះពាល់ផ្នែកចិត្តសាស្ត្រយ៉ាងខ្លាំង។
លោកស្រី Katayama បានលើកឡើងក្នុងសភាថា៖ «ក្នុងចំណោមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 មានការព្រួយបារម្ភរួមគ្នាចំពោះភាពមិនប្រាកដប្រជានៃទីផ្សារ រួមទាំងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់។ យើងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុតនិងត្រៀមលក្ខណៈជានិច្ចដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា»។
ការព្រមានធ្ងន់ៗពីលោកស្រី Katayama បានធ្វើឱ្យបណ្ដាវិនិយោគិន និងក្រុមអ្នកជួញដូរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពដែលអាជ្ញាធរជប៉ុនអាចនឹងធ្វើអន្តរាគមន៍ក្នុងទីផ្សារ។ កាលពីខែមករាកន្លងទៅនៅពេលដែលប្រាក់យ៉េនធ្លាក់ថ្លៃខ្លាំង ទីក្រុងតូក្យូក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកបានអនុវត្តវិធានការ «ត្រួតពិនិត្យអត្រាប្តូរប្រាក់» ដែលជាសញ្ញាឈានទៅរកការលូកដៃក្នុងទីផ្សារ ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំគោលនយោបាយមួយចំនួនបានលួចបង្ហើបថា ការធ្វើអន្តរាគមន៍ដើម្បីលើកតម្លៃប្រាក់យ៉េននៅពេលនេះ អាចនឹងមិនសូវមានប្រសិទ្ធភាពឡើយដរាបណាតម្រូវការប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់ជាពិសេសប្រសិនបើសង្គ្រាមនៅ អ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកស្រី Katayama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Koo Yun-cheol ក៏បានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញពីក្តីបារម្ភចំពោះការធ្លាក់ចុះយ៉ាងគំហុកនៃរូបិយប័ណ្ណជាតិរៀងៗខ្លួននិងបានបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការចាត់វិធានការរួមគ្នាដើម្បីប្រឆាំងនឹងការប្រែប្រួលអត្រាប្តូរប្រាក់ដែលខុសពីធម្មតានេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters