កាលពីថ្ងៃចន្ទទី ១៦ខែ មីនា ប្រទេសអ៊ីស្រាអែលបានចេញមុខព្រមានថា ប្រជាជនលីបង់ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារយុទ្ធនាការយោធារបស់ខ្លួន នឹងមិនអាចត្រឡប់ទៅវិញបានឡើយ លុះត្រាតែសុវត្ថិភាពរបស់ពលរដ្ឋអ៊ីស្រាអែលដែលរស់នៅក្បែរតំបន់ព្រំដែនត្រូវបានធានាសុវតិភាព ខណៈដែលកងទ័ពអ៊ីស្រាអែលកំពុងបន្តរុលចូលកាន់តែជ្រៅទៅក្នុងភាគខាងត្បូងនៃប្រទេសលីបង់ (Lebanon)។

លោក ណាដាវ សូសានី (Nadav Shoshani) អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន កងកម្លាំងថ្មើរជើងកំពុងបើកប្រតិបត្តិការនៅក្នុង "ទីតាំងថ្មីៗ" បន្ថែមទៀត ដោយលោកបានបញ្ជាក់ថា ការវាយលុកចុងក្រោយនេះ គឺជាយុទ្ធសាស្ត្រ "មានគោលដៅច្បាស់លាស់ និងមានកម្រិត"។ ការពង្រីកប្រតិបត្តិការនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz) បានបញ្ជាឱ្យបង្កើនទម្ងន់វាយលុក។ លោក កាត ក៏បានព្រមានដែរថា លីបង់អាចនឹងប្រឈមមុខនឹងការបាត់បង់ទឹកដី និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្រុមហេសបូឡា (Hezbollah) មិនទម្លាក់អាវុធនោះទេ។

កងទ័ពអ៊ីស្រាអែល ដែលបានឈរជើងក្នុងតំបន់ចំនួន ៥ នៅភាគខាងត្បូងលីបង់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចបញ្ជូនកម្លាំងបន្ថែម ក្រោយពេលក្រុមហេសបូឡាបានបាញ់ស្រោចមីស៊ីលកាលពីថ្ងៃទី២ ខែមីនា ដែលធ្វើឱ្យសង្គ្រាមក្នុងតំបន់កាន់តែរីករាលដាល។

ក្រុមហេសបូឡា ដែលជាក្រុមមូស្លីមនិកាយស៊ីអ៊ីត បានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់លើទឹកដីលីបង់។

លោក អ៊ីយ៉ាល់ ហ្សាមៀ (Eyal Zamir) អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល បានលើកឡើងក្នុងអំឡុងពេលចុះសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែនថា ការវាយប្រហារលើអ៊ីរ៉ង់បានធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់អាវុធ និងហិរញ្ញវត្ថុរបស់ហេសបូឡាធ្លាក់ចុះយ៉ាងខ្លាំង។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងរបស់ក្រុមនេះជាង ៤០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីដើមខែមីនាមក។

យោងតាមក្រសួងសុខាភិបាលលីបង់ មនុស្សជាង ៨៨០ នាក់បានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលប្រជាជនជាង ១ លាននាក់ត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែង។ ក្នុងនោះ មនុស្សជាង ១៣ ម៉ឺននាក់កំពុងជ្រកកោនក្នុងជម្រកសមូហភាព ដែលជំរុញឱ្យអង្គការសហប្រជាជាតិប្រកាសស្វែងរកជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០៨ លានដុល្លារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នេះ។

រដ្ឋមន្ត្រីការពារជាតិ លោក អ៊ីស្រាអែល កាត បានផ្សារភ្ជាប់ការវិលត្រឡប់របស់ជនភៀសខ្លួនលីបង់ ទៅនឹងសុវត្ថិភាពរបស់ពលរដ្ឋអ៊ីស្រាអែលនៅភាគខាងជើង។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ពលរដ្ឋស៊ីអ៊ីតរាប់សែននាក់នៅភាគខាងត្បូងលីបង់ និងក្រុងបេរូត នឹងមិនអាចត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងខ្សែបន្ទាត់លីតានី (Litani line) បានឡើយ ដរាបណាសុវត្ថិភាពអ្នករស់នៅភាគខាងជើងអ៊ីស្រាអែលមិនទាន់ត្រូវបានធានា»។

តាមប្រភពសន្តិសុខពីលីបង់ កងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុង ខ្យាម (Khiyam) ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់ និងកំពុងរុលទៅទិសខាងលិចឆ្ពោះទៅកាន់ទន្លេលីតានី។ សកម្មភាពនេះអាចធ្វើឱ្យអ៊ីស្រាអែលគ្រប់គ្រងផ្ទៃដីដ៏ធំធេងនៅភាគខាងត្បូងលីបង់។

ទោះបីជាមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល និងលីបង់អាចនឹងមានកិច្ចចរចាឈប់បាញ់ក្នុងពេលឆាប់ៗក៏ដោយ ប៉ុន្តែលោក ដានី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់អាចជាការចរចា ប៉ុន្តែជាដំបូង អ៊ីស្រាអែលត្រូវតែ "បន្សាបសមត្ថភាព" របស់ក្រុមហេសបូឡាឱ្យអស់សិន។

ប្រែសម្រួលដោយ៖ ស៊ឺម សមាន

ប្រភព៖ Reuters