[សាន់ហូហ្សេ/កាលីហ្វ័រញ៉ា]៖ លោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group របស់កូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃចន្ទថា កង្វះខាតបន្ទះឈីបសកលអាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០៣០ ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កើនឡើងខ្លាំងលើសពីសមត្ថភាពផ្គត់ផ្គង់។
នៅក្នុងសន្និសីទ Nvidia GTC នៅទីក្រុង San Jose លោក Chey បានទម្លាយឱ្យដឹងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ក្រុមហ៊ុន SK Hynix កំពុងពិនិត្យលទ្ធភាពចុះបញ្ជីបង្កាន់ដៃបណ្ដោះអាសន្នរបស់អាមេរិក (ADR) ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ និងពង្រឹងវត្តមានរបស់ខ្លួនលើទីផ្សារសកល។
លោកបានបញ្ជាក់ថា៖ «យើងត្រូវការពេលយ៉ាងហោចណាស់ ៤ ទៅ ៥ ឆ្នាំ ដើម្បីសាងសង់រោងចក្រផលិត Wafer បន្ថែម។ ការខ្វះខាតនេះអាចនឹងធ្វើឱ្យការផ្គត់ផ្គង់ Wafer ធ្លាក់ចុះជាង ២០% រហូតដល់ឆ្នាំ២០៣០»។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននឹងប្រកាសផែនការថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីរក្សាលំនឹងតម្លៃអង្គចងចាំប្រភេទ DRAM ឱ្យមានស្ថិរភាព។

យោងតាមទិន្នន័យពី Counterpoint ក្រុមហ៊ុន SK Hynix គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ NVIDIA ដោយក្តោបក្តាប់ចំណែកទីផ្សារ HBM ដល់ទៅ ៥៧% និងទីផ្សារ DRAM សកលចំនួន ៣២% (ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក)។
ទោះបីជាមានតម្រូវការខ្លាំងពីអតិថិជននៅសហរដ្ឋអាមេរិកក៏ដោយ លោក Chey បានបញ្ជាក់ថា ការពង្រីកការផលិតនៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលនោះទេ៖ “ការសាងសង់រោងចក្រត្រូវគិតគូរពីកត្តាថាមពល ទឹក លក្ខខណ្ឌសំណង់ និងធនធានវិស្វករ។ ដូច្នេះ បច្ចុប្បន្នយើងនៅតែផ្តោតសំខាន់លើការផលិតក្នុងប្រទេសកូរ៉េខាងត្បូងដដែល។”
ក្រៅពីបញ្ហាបច្ចេកទេស លោកប្រធានក្រុមហ៊ុនក៏បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ ជាហេតុជំរុញឱ្យក្រុមហ៊ុនស្វែងរកប្រភពថាមពលជំនួសផ្សេងទៀត។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ SK Hynix នៅទីក្រុងសេអ៊ូលបានកើនឡើង ២,៧% នៅព្រឹកថ្ងៃអង្គារ ខណៈដែលសន្ទស្សន៍ KOSPI កើនឡើង ២,៤%។
ប្រែសម្រួលដោយ៖សុធា
ប្រភព៖ Reuters