យោងតាមប្រភពសន្តិសុខបានឱ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃពុធនេះ មានការវាយប្រហារដោយដ្រូន (Drone) ក្នុងគោលដៅយាយីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាកដាដ ដែលបង្កឱ្យមានសំឡេងផ្ទុះយ៉ាងខ្លាំងផ្អើលពេញតំបន់ជុំវិញនោះ។ ហេតុការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងការទូតរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។

កាលពីថ្ងៃអង្គារកន្លងទៅ ប្រភពសន្តិសុខដដែលបានបញ្ជាក់ថា ការវាយប្រហារតាមរយៈគ្រាប់រ៉ុកកែត និងដ្រូនបានកំណត់គោលដៅលើស្ថានទូតអាមេរិក ដោយបង្កឱ្យមានសំឡេងស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើង និងមានការផ្ទុះនៅក្បែរតំបន់បរិវេណការទូតនោះ។ ក្នុងថ្ងៃដដែលនោះ ដ្រូនបំពាក់គ្រឿងផ្ទុះយ៉ាងតិចចំនួន ៣ គ្រឿង ក៏បានវាយប្រហារទៅលើទីតាំងការទូតរបស់អាមេរិកមួយកន្លែងទៀត នៅក្បែរព្រលានយន្តហោះអន្តរជាតិបាកដាដ (Baghdad International Airport) ដែលនាំឱ្យប្រព័ន្ធការពារអាកាស ស៊ី-រ៉េម (C-RAM) ត្រូវបានដំណើរការដើម្បីស្ទាក់ចាប់ការវាយប្រហារទាំងនោះ។

សកម្មភាពវាយប្រហារទាំងនេះ ត្រូវបានគេមើលឃើញថាជាទង្វើសងសឹករបស់ក្រុមជីវពលដែលគាំទ្រដោយទីក្រុងតេអ៊ីរ៉ង់ (Tehran) ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ភាពតានតឹងនេះបានផ្ទុះឡើងខ្លាំងបន្ទាប់ពីមានការប្រកាសសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីចំនួនអ្នករងគ្រោះ ឬទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។
ប្រែសម្រួលដោយ៖ ស៊ឺម សមាន
ប្រភព៖ Reuters