[សាន់ហ្វ្រាន់ស៊ីស្កូ]៖ ក្នុងសវនាការចុងក្រោយនៅតុលាការសហព័ន្ធកាលពីថ្ងៃទី១៧ ខែមីនា មេធាវីតំណាងឱ្យអតីតម្ចាស់ភាគហ៊ុន Twitter បានជំរុញឱ្យគណៈវិនិច្ឆ័យទាមទារឱ្យលោក Elon Musk ទទួលខុសត្រូវចំពោះការខាតបង់របស់ពួកគេ កាលពីអំឡុងពេលដែលលោកបានទិញយកក្រុមហ៊ុនបណ្តាញសង្គមនេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២។
ក្នុងសេចក្តីថ្លែងការណ៍បិទសវនាការ មេធាវីដើមបណ្តឹង លោក Mark Molumphy បានចោទប្រកាន់ថា លោក Musk បាន "បោកប្រាស់" វិនិយោគិនដោយការបង្ហោះសារជាសាធារណៈម្តងហើយម្តងទៀត សង្ស័យអំពីចំនួនគណនីក្លែងក្លាយនៅលើ Twitter។ លោកបន្តថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបន្ទាបតម្លៃភាគហ៊ុនដើម្បីបង្ខំឱ្យមានការចរចាតម្លៃទិញយកក្រុមហ៊ុនឡើងវិញ ឬដើម្បីដកខ្លួនពីកិច្ចសន្យា។ គាត់បានបង្ខូចឈ្មោះក្រុមហ៊ុន បំពានលើនាយកប្រតិបត្តិ និងធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក នេះជាការលើកឡើងរបស់លោក Molumphy។

ផ្ទុយទៅវិញ លោក Michael Lifrak មេធាវីការពារក្តីរបស់លោក Musk បានឆ្លើយតបថា មហាសេដ្ឋីរូបនេះមានការព្រួយបារម្ភ “ពិតប្រាកដ” អំពីបញ្ហាគណនីក្លែងក្លាយហើយការបង្ហោះសារនោះ គឺជាការស្វែងរកការពិតមិនមែនជាការរៀបចំផែនការក្លែងបន្លំដើម្បីចំណេញប្រាក់នោះទេ។ លោកបានសង្កត់ធ្ងន់ថា៖ "គ្រាន់តែការបង្ហោះ Twitter ពីរដង និងការនិយាយក្នុង Podcast មួយ មិនអាចចាត់ទុកថាជាការក្លែងបន្លំមូលបត្របានទេ"។
តុលាការកំពុងពិចារណាថា តើការលើកឡើងរបស់លោក Musk អំពីចំនួន Bot លើសពី ៥% គឺជាការភូតភរដោយចេតនាដើម្បីបង្ខូចតម្លៃភាគហ៊ុនមែនឬទេ? តើការបង្ហោះសាររបស់លោកថាការទិញយកត្រូវ "ផ្អាកជាបណ្តោះអាសន្ន" បានធ្វើឱ្យអ្នកលក់ភាគហ៊ុនខាតបង់ទឹកប្រាក់ប៉ុន្មាន? បច្ចុប្បន្ន គណៈវិនិច្ឆ័យបានចាប់ផ្តើមពិភាក្សាគ្នា ប៉ុន្តែមិនទាន់ឈានដល់សាលក្រមចុងក្រោយនៅឡើយទេ ហើយនឹងបន្តពិភាក្សានៅថ្ងៃពុធខាងមុខ។
គួររំលឹកផងដែរថា បន្ទាប់ពីការទិញយកជោគជ័យ លោក Musk បានប្តូរឈ្មោះ Twitter ទៅជា X ហើយបច្ចុប្បន្នវាជាផ្នែកមួយនៃចក្រភពអាជីវកម្មរបស់លោក រួមមាន SpaceX និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់លោក Musk ត្រូវបានប៉ាន់ប្រមាណថា មានចំនួនរាប់រយពាន់លានដុល្លារដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតម្នាក់ក្នុងលោក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters