(រ៉យទ័រ)៖ យោងតាមការចុះផ្សាយរបស់ Bloomberg News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ធនាគារយក្ស HSBC Holdings Plc កំពុងពិចារណាលើផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំរហូតដល់ ២០,០០០ នាក់ ឬស្មើនឹងប្រហែល ១០% នៃកម្លាំងពលកម្មសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ យុទ្ធសាស្ត្រកាត់បន្ថយនេះ នឹងផ្ដោតសំខាន់លើផ្នែកការិយាល័យក្រោយ (Back-office) ក្នុងមជ្ឈមណ្ឌលសេវាកម្មសកល ដែលជាផ្នែកងាយរងគ្រោះបំផុតពីការធ្វើស្វ័យប្រវត្តិកម្ម។
HSBC កំពុងដាក់គោលដៅលើការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជំនួសតួនាទីដែលដដែលៗ ដែលជាផ្នែកមួយនៃផែនការរយៈពេលមធ្យម (ពី ៣ ទៅ ៥ ឆ្នាំ)។ ការកាត់បន្ថយនេះ អាចនឹងធ្វើឡើងតាមរូបភាពពីរ គឺការមិនជ្រើសរើសបុគ្គលិកថ្មីជំនួសអ្នកដែលលាឈប់និងការលក់ចេញនូវអាជីវកម្មមួយចំនួន។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ HSBC មានបុគ្គលិកសរុបចំនួន ២០៨,៧២០ នាក់។ ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិលោក Georges Elhedery ដែលបានកាន់តំណែងប្រហែល ១៨ ខែមកនេះ ធនាគារបានជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ រួមមានការបែងចែកតំបន់ប្រតិបត្តិការរវាងប្លុក "ខាងកើត និងខាងលិច" ឱ្យដាច់ពីគ្នា ការដកខ្លួនចេញពីផ្នែកធនាគារវិនិយោគខ្នាតតូចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ព្រមទាំងការលក់អាជីវកម្មធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសសិង្ហបុរី ដើម្បីកាត់បន្ថយចំណាយ និងលើកកម្ពស់តម្លៃភាគហ៊ុន។
យ៉ាងណាមិញ មកទល់ពេលនេះ ធនាគារ HSBC មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងាររ៉យទ័រនៅឡើយទេ ខណៈការវាយតម្លៃនេះនៅស្ថិតក្នុងដំណាក់កាលដំបូង និងមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters