[ហ្ស៊េរុយសាឡឹម]៖ ស្ត្រីជនជាតិប៉ាឡេស្ទីន ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ក្នុងតំបន់ West Bank កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមការបញ្ជាក់ពីសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនដែលជាករណីស្លាប់ដំបូងបង្អស់របស់ប្រជាជនប៉ាឡេស្ទីនចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា មីស៊ីលបានធ្លាក់ចំហាងកាត់សក់មួយកន្លែង នៅទីក្រុង Beit Awwa ភាគនិរតីនៃទីក្រុង Hebron បណ្តាលឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតរងរបួស ក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោធាអ៊ីស្រាអែលបានសន្និដ្ឋានថា ការខូចខាតនេះបណ្តាលមកពីគ្រាប់បែកចង្កោម (Cluster Bomb) ដែលជាប្រភេទក្បាលគ្រាប់បែកបំបែកជាបំណែកតូចៗរាយប៉ាយពេញតំបន់។

មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ។ ខុសពីប្រជាជនអ៊ីស្រាអែលដែលមានជម្រកការពារគ្រាប់បែកត្រឹមត្រូវប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ស្ទើរតែគ្មានកន្លែងជ្រកកោនទាល់តែសោះ។ ពួកគេភាគច្រើនត្រូវពឹងផ្អែកលើសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅក្បែរនោះដើម្បីរកកន្លែងពួន។

សហគមន៍អន្តរជាតិភាគច្រើនចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅលើដីដែលដណ្តើមបានក្នុងឆ្នាំ ១៩៦៧ ថាជាអំពើខុសច្បាប់ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធដោយផ្អែកលើអំណះអំណាងខាងសាសនា និងប្រវត្តិសាស្ត្រ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងចំពេលដែលប្រជាជនប៉ាឡេស្ទីនកំពុងមមាញឹកក្នុងការទិញទំនិញ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃបញ្ចប់នៃខែបួសរ៉ាម៉ាដាន។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters