
ទីក្រុង Liverpool ប្រទេសអង់គ្លេស ថ្ងៃទី១៨ ខែមីនា ក្រុម Liverpool FC បានបង្ហាញទម្រង់លេងដ៏ខ្លាំងក្លា ដោយយកឈ្នះ Galatasaray ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Anfield ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ជាមួយលទ្ធផលសរុប ៤-១។
បន្ទាប់ពីការបរាជ័យ ១-០ នៅជើងទីមួយ ក្រុមម្ចាស់ផ្ទះបានត្រឡប់មកវិញដោយការលេងយ៉ាងមានថាមពល និងការតាំងចិត្តខ្ពស់ ដែលកម្រឃើញនៅរដូវកាលនេះ។ កីឡាករ Dominik Szoboszlai បានបើកការនាំមុខនៅនាទី ទី២៥ ដោយការស៊ុតបាល់យ៉ាងល្អ បន្ទាប់ពីទទួលបាល់ពី Alexis Mac Allister។ ក្រុម Liverpool មានឱកាសបន្ថែមគ្រាប់បាល់មុនចប់តង់ទីមួយ ប៉ុន្តែ Mohamed Salah បានខកខានបាល់ពិន័យ ដែលត្រូវបានអ្នកចាំទី Ugurcan Cakir សង្គ្រោះបានយ៉ាងល្អ។
ចូលដល់តង់ទីពីរ Liverpool បន្តវាយលុកខ្លាំង។ Hugo Ekitike បានបន្ថែមគ្រាប់ទី២ នៅនាទីទី៥១ មុនពេល Ryan Gravenberch រកបានគ្រាប់ទី៣ បន្តការគ្រប់គ្រងការប្រកួត។
បន្ទាប់មក Mohamed Salah បានសងសឹកដោយស៊ុតបាល់កោងយ៉ាងស្អាតពីក្រៅប្រអប់គ្រោះថ្នាក់ បញ្ចូលគ្រាប់ទី៤ និងជាគ្រាប់ទី៥០ របស់គាត់ក្នុង Champions League។
កីឡាករ Ekitike បាននិយាយបន្ទាប់ការប្រកួតថា ក្រុមអាចឈ្នះបានច្រើនជាងនេះ ប៉ុន្តែពួកគេមានមោទនភាពចំពោះការសម្តែង និងត្រៀមខ្លួនសម្រាប់វគ្គបន្ទាប់។
ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Liverpool នឹងត្រូវជួបក្រុមការពារតំណែងជើងឯក Paris Saint-Germain ដែលបានយកឈ្នះ Chelsea FC ដោយលទ្ធផលសរុប ៨-២។
ជ័យជម្នះនេះបានស្ដារទំនុកចិត្តដល់ Liverpool ឡើងវិញ បន្ទាប់ពីទម្រង់លេងមិនស្ថិរភាពនៅ Premier League ខណៈពួកគេកំពុងប្រជែងដើម្បីរកកៅអីលេងក្នុង Champions League រដូវកាលក្រោយ។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters