ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ អាន់ឌូរីល អ៊ិនដាសទ្រីស (Anduril Industries) ត្រៀមនឹងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដ្រូនចម្បាំងល្បឿនលឿនប្រភេទថ្មីដែលមានឈ្មោះថា (FURY) ឬហៅថា (Loyal Wingman) ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅរោងចក្រថ្មីមួយក្នុងរដ្ឋអូហៃយ៉ូ។ ការឈានជើងចូលក្នុងវិស័យគ្រឿងយុទ្ធោបករណ៍ស្វ័យប្រវត្តិនេះ ធ្វើឡើងក្នុងខណៈដែលយោធាអាមេរិកកំពុងបង្កើនចំណាប់អារម្មណ៍យ៉ាងខ្លាំងលើដ្រូនគ្មានមនុស្សបើក បន្ទាប់ពីបានឃើញប្រសិទ្ធភាពជាក់ស្តែងនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន និងអ៊ីរ៉ង់។

មានទីតាំងស្ថិតនៅចំកណ្តាលតំបន់កសិកម្ម ចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងកូឡំបូស (Columbus) រដ្ឋអូហៃយ៉ូ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិលំដាប់ខ្ពស់ (Start-up) មួយនេះ រំពឹងថាបរិវេណផលិតកម្មប្រព័ន្ធស្វ័យប្រវត្តិ "អាសឺណល-វ៉ាន់" (Arsenal-1) តម្លៃ ១ ពាន់លានដុល្លារនេះ នឹងបង្កើតការងារបានជាង ៤,០០០ កន្លែងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ដោយឡែក ត្រឹមដាច់ឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងទទួលបុគ្គលិកដំបូងប្រមាណ ២៥០ នាក់។
អាន់ឌូរីល គឺជាក្រុមហ៊ុនការពារជាតិខ្នាតតូចមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងរីកដុះដាលខ្លាំង ដែលមានបំណងប្រកួតប្រជែងដេញថ្លៃកិច្ចសន្យាដ៏មហាសាលពីក្រសួងការពារជាតិអាមេរិក (Pentagon) សម្រាប់យុទ្ធោបករណ៍ជំនាន់ក្រោយ។ រដ្ឋបាលលោក ត្រាំ រំពឹងថា ក្រុមហ៊ុនថ្មីៗទាំងនេះនឹងជួយធ្វើបដិវត្តន៍វិស័យផលិតកម្មអាវុធ តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងល្បឿនលឿន និងតម្លៃសមរម្យជាងមុន។
លោក ម៉ាត ហ្គ្រីម (Matt Grimm) សហស្ថាបនិក និងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន អាន់ឌូរីល បានលើកឡើងថា យុទ្ធសាស្ត្រផលិតកម្មរបស់ក្រុមហ៊ុនលោក មានលក្ខណៈខុសប្លែកពីក្រុមហ៊ុនម៉ៅការការពារជាតិបែបប្រពៃណីទាំងស្រុង។ លោកបានបញ្ជាក់ថា៖
“ជំនួសឱ្យការរចនាផលិតផលមុន រួចទើបបារម្ភពីរឿងផលិតតាមក្រោយ ក្រុមហ៊ុនយើងបានបញ្ជ្រាបគំនិត 'ផលិតកម្មនិយម' តាំងពីថ្ងៃដំបូង។ យើងជ្រើសរើសវត្ថុធាតុដើមពាណិជ្ជកម្មដូចជា អាលុយមីញ៉ូម ជំនួសឱ្យទីតានីញ៉ូម ប្រើប្រាស់បច្ចេកទេសផ្សំដែលខ្ចីពីឧស្សាហកម្មទូកកម្សាន្ត និងជ្រើសរើសម៉ាស៊ីនយន្តហោះពាណិជ្ជកម្មសម្រាប់កម្មវិធី FURY ព្រោះវាមានខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធថែទាំដែលរឹងមាំរួចជាស្រេច។”
ការផលិតយន្តហោះស្វ័យប្រវត្តិ FURY នឹងក្លាយជាគម្រោងដំបូងគេដែលត្រូវដាក់ដំណើរការនៅក្នុងរោងចក្រនេះ។ FURY គឺជាបេក្ខភាពរបស់អាន់ឌូរីល សម្រាប់កម្មវិធីយន្តហោះចម្បាំងសហការ (Collaborative Combat Aircraft) ដែលជាផ្នែកមួយនៃផែនការរបស់កងទ័ពអាកាសអាមេរិក ក្នុងការបំពាក់យន្តហោះចម្បាំងមានមនុស្សបើក ឱ្យហោះហើរអមដោយដ្រូនស្វ័យប្រវត្តិ។

ក្រៅពីគម្រោងខាងលើ លោក ហ្គ្រីម ក៏បានបង្ហើបថា អាវុធស្ទាក់ចាប់ "រ៉ូដរាន់ណឺ" (Roadrunner), គ្រួសារមីស៊ីលគ្រូស "បារ៉ាគូដា" (Barracuda) និងកម្មវិធីសម្ងាត់មួយចំនួនទៀត ត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងរោងចក្រថ្មីនេះត្រឹមដំណាច់ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនអាន់ឌូរីល ក៏កំពុងមានមូលដ្ឋានផលិតកម្មនៅតាមបណ្តារដ្ឋមួយចំនួនដូចជា មីស៊ីស៊ីពី រ៉ូដអាយឡិន កូឡូរ៉ាដូ អាត្លង់តា ន័រថខារ៉ូឡៃណា ភាគខាងត្បូងកាលីហ្វ័រញ៉ា និងនៅប្រទេសអូស្ត្រាលីផងដែរ។
ប្រែសម្រួលដោយ៖ ស៊ឺម សមាន
ប្រភព៖ Reuters