[ទីក្រុងម៉ាឌ្រីដ]៖ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រកាសកាលពីថ្ងៃទី១៩ ខែមីនាថា ប្រទេសអេស្ប៉ាញនឹងពន្យារពេលការបង្ហាញកញ្ចប់ថវិកាជាតិប្រចាំឆ្នាំដើម្បីទុកពេលឱ្យគណៈរដ្ឋមន្ត្រីរៀបចំវិធានការបន្ទាន់ឆ្លើយតបនឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។
រដ្ឋាភិបាលគ្រោងនឹងប្រកាសវិធានការថ្មីនៅថ្ងៃសុក្រនេះ ដោយផ្ដោតសំខាន់លើការទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈនិងអគ្គិសនី បន្ទាប់ពីមានការបិទច្រកសមុទ្រ Hormuz។ គួរជម្រាបថា តម្លៃឧស្ម័នបានហក់ឡើងជាង ៦០% ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។

លោក Sanchez បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែលថា៖ «យើងកំពុងបន្តធ្វើការលើកញ្ចប់ថវិកា ប៉ុន្តែគ្មាននរណាម្នាក់អាចព្យាករណ៍ពីសង្គ្រាមនេះទុកជាមុនឡើយ។ រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាចំពោះមុខដែលបន្ទាន់បំផុតក្នុងពេលនេះ នោះគឺផលប៉ះពាល់នៃសង្គ្រាម»។
ទោះជាយ៉ាងណា លោកមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការដាក់ចេញកញ្ចប់ថវិកាថ្មីនៅឡើយទេ។ តាមគម្រោងដើម ទីក្រុងម៉ាឌ្រីដបានប្តេជ្ញាថានឹងបង្ហាញថវិកាឆ្នាំ២០២៦ នៅចុងខែមីនានេះ ដែលមានភាពយឺតយ៉ាវជាងកាលវិភាគធម្មតាចំនួន ៣ ខែរួចទៅហើយ។
ការអនុម័តកញ្ចប់ថវិកានេះកំពុងជួបឧបសគ្គយ៉ាងខ្លាំងនៅក្នុងសភា ដោយសាររដ្ឋាភិបាលចម្រុះរបស់លោក Sanchez មិនមានសំឡេងភាគច្រើនដាច់ខាត និងត្រូវពឹងផ្អែកលើការគាំទ្រពីគណបក្សតូចៗ។ ចាប់តាំងពីឆ្នាំ២០២៣ មក លោក Sanchez មិនទាន់អាចប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តថវិកាថ្មីបានឡើយ ដែលតម្រូវឱ្យរដ្ឋាភិបាលប្រើប្រាស់កញ្ចប់ថវិកាចាស់បន្តរហូតដល់ពីរដង។
កាលពីខែវិច្ឆិកា ការប៉ុនប៉ងដំឡើងពិដានចំណាយរបស់រដ្ឋាភិបាលត្រូវបានបរាជ័យ បន្ទាប់ពីមានការជំទាស់ពីគណបក្សប្រឆាំង (PP, Vox និង Podemos)។ បច្ចុប្បន្ន អេស្ប៉ាញបានប្រើប្រាស់ថវិកាប្រមាណ ១០៣ ពាន់លានអឺរ៉ូ (១១៨ ពាន់លានដុល្លារ) ពីមូលនិធិស្តារឡើងវិញរបស់សហភាពអឺរ៉ុប។
ទោះជាយ៉ាងណា កាលកំណត់នៃការបើកប្រាក់ពីគណៈកម្មការអឺរ៉ុបនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះហើយ។ ទោះជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងថវិកា លោកស្រី Maria Jesus Montero នៅតែបង្ហាញជំនឿចិត្តថា រដ្ឋាភិបាលនឹងអាចសម្រេចបាននូវកញ្ចប់ថវិកាថ្មី មុនពេលមូលនិធិសហភាពអឺរ៉ុបអស់សុពលភាព។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters