[សាន់ហ្វ្រាន់ស៊ីស្កូ]៖ ក្រុមហ៊ុន Nvidia បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា នេះថា ខ្លួននឹងលក់បន្ទះឈីបក្រាហ្វិក (GPU) ចំនួន ១លានគ្រាប់ រួមជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផ្សេងទៀតទៅឱ្យក្រុមហ៊ុន Amazon.com ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud Computing ថ្មីនៅឆ្នាំ ២០២៧។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Nvidia និង Amazon Web Services (AWS) បានប្រកាសថា AWS បានឈានដល់កិច្ចព្រមព្រៀងទិញ GPU ចំនួន ១លានគ្រាប់ ប៉ុន្តែមិនបានបញ្ជាក់ពីកាលវិភាគច្បាស់លាស់នោះទេ។ ទើបតែនៅថ្ងៃព្រហស្បតិ៍នេះ លោក Ian Buck អនុប្រធានផ្នែក Hyperscale និង High-Performance Computing របស់ Nvidia បានបញ្ជាក់ប្រាប់រ៉យទ័រថា ការលក់នឹងចាប់ផ្តើមពីឆ្នាំនេះ ហើយបន្តរហូតដល់ឆ្នាំ ២០២៧។

ពេលវេលានេះ ស្របទៅនឹងអ្វីដែលនាយកប្រតិបត្តិ Nvidia លោក Jensen Huang ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនមើលឃើញឱកាសលក់ក្នុងតម្លៃសរុប ១ទ្រីលានដុល្លារ សម្រាប់បន្ទះឈីបជំនាន់ថ្មីក្នុងគ្រួសារ Rubin និង Blackwell។ ទោះបីជា Nvidia និង Amazon មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងនេះក៏ដោយ ប៉ុន្តែលោក Buck បានបង្ហើបថា ក្រៅពី GPU ចំនួន ១លានគ្រាប់ ប្រតិបត្តិការនេះក៏រួមបញ្ចូលនូវបន្ទះឈីបបណ្តាញ (Networking Chips) ម៉ូដែល Spectrum និងបន្ទះឈីប Groq ដែល Nvidia ទើបតែដាក់ឱ្យដំណើរការ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណតម្លៃ ១៧ពាន់លានដុល្លារពីក្រុមហ៊ុន AI Startup កាលពីចុងឆ្នាំមុន។
ជាពិសេស AWS គ្រោងនឹងប្រើប្រាស់ការបញ្ចូលគ្នារវាងបន្ទះឈីប Groq និងបន្ទះឈីប ៦ប្រភេទផ្សេងទៀតពី Nvidia សម្រាប់ដំណើរការ Inference (ដំណើរការដែលប្រព័ន្ធ AI ប្រើដើម្បីបង្កើតចម្លើយ ឬអនុវត្តភារកិច្ចតាមតម្រូវការអ្នកប្រើប្រាស់) ឱ្យកាន់តែមានប្រសិទ្ធភាព។ លោក Buck បានពន្យល់ថា ដំណើរការ Inference គឺស្មុគស្មាញណាស់។ ដើម្បីទទួលបានលទ្ធផលល្អបំផុត វាមិនមែនពឹងផ្អែកលើបន្ទះឈីបតែមួយប្រភេទនោះទេ គឺយើងប្រើប្រាស់បន្ទះឈីបទាំង ៧ប្រភេទរួមគ្នា។
កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការដំឡើងឧបករណ៍ភ្ជាប់បណ្តាញ ConnectX និង Spectrum-X របស់ Nvidia នៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ AWS។ ចំណុចនេះមានសារៈសំខាន់ខ្លាំង ព្រោះកន្លងមក AWS តែងតែប្រើប្រាស់ឧបករណ៍បណ្តាញដែលខ្លួនផលិតឡើងដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Buck បានបន្ថែមថា ជាការពិតណាស់ ពួកគេនៅតែបន្តប្រើប្រាស់ឧបករណ៍របស់ខ្លួន ប៉ុន្តែពេលនេះ យើងកំពុងសហការគ្នាក្នុងការដាក់ពង្រាយ ConnectX និង Spectrum-X សម្រាប់គាំទ្រដល់បន្ទុកការងារសំខាន់ៗ និងបម្រើអតិថិជនធំៗបំផុតរបស់ AWS នៅក្នុងវិស័យ AI។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters