LONDON, ថ្ងៃទី១៩ ខែមីនា (រ៉យទ័រ) — ក្រុម Aston Martin បានបញ្ជាក់ថា Adrian Newey នៅតែបន្តដឹកនាំក្រុម ក្នុងតួនាទីជាប្រធានក្រុម និងដៃគូបច្ចេកទេស ទោះបីមានការរំពឹងទុកខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយថា គាត់អាចត្រូវបានជំនួសដោយ Jonathan Wheatley ពីគម្រោង Audi ក៏ដោយ។ របាយការណ៍ពីគេហទំព័រ Motorsport បានអះអាងថា Newey អាចនឹងដកខ្លួនចេញពីតួនាទីគ្រប់គ្រង ដើម្បីផ្តោតលើផ្នែកបច្ចេកទេស ខណៈដែល Wheatley អាចត្រឡប់មកចក្រភពអង់គ្លេសវិញ។ ទោះជាយ៉ាងណា ក្រុម Aston Martin បានបដិសេធមិនអត្ថាធិប្បាយលើការរំពឹងទុកទាំងនេះ ហើយបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ។ ផ្នែកខាង Audi ក៏បានឆ្លើយតបដូចគ្នា ដោយនិយាយថា មិនមានព័ត៌មានផ្លូវការថ្មីៗទេ ហើយពួកគេមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាម។ ក្នុងរដូវកាលថ្មីនេះ Aston Martin កំពុងប្រឈមមុខនឹងបញ្ហាដំណើរការ ដោយមិនទាន់រកបានពិន្ទុក្នុងការប្រណាំងពីរលើកដំបូង។ ម៉ាស៊ីនថ្មីពី Honda ត្រូវបានរាយការណ៍ថាមានបញ្ហាខ្វះសមត្ថភាព និងបង្ករំញ័រខ្លាំង។ 

ជើងឯកពិភពលោកពីរដង Fernando Alonso បានចាកចេញពីការប្រណាំងនៅប្រទេសចិន បន្ទាប់ពីមានអារម្មណ៍សន្លប់នៅដៃ និងជើង ដោយវីដេអូបង្ហាញថាគាត់ត្រូវដកដៃចេញពីចង្កូតជាញឹកញាប់ ដើម្បីបន្ថយការឈឺចាប់។ ក្រុមនេះស្ថិតក្រោមកម្មសិទ្ធិរបស់ Lawrence Stroll ខណៈដែលកូនប្រុសរបស់គាត់ Lance Stroll ជា

អ្នកបើកបរជាមួយ Alonso។ កាលពីរដូវកាលមុន ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ដោយប្រើម៉ាស៊ីនពី Mercedes។ Newey ដែលមានប្រវត្តិជោគជ័យខ្លាំង ដោយរថយន្តរបស់គាត់ឈ្នះពានអ្នកបើកបរ 14 ដង និងអ្នកសាងសង់ 12 ដង បានចូលរួម Aston Martin ពី Red Bull Racing កាលពីឆ្នាំមុន។ គាត់ធ្លាប់ធ្វើការជិតស្និទ្ធជាមួយ Christian Horner និងជើងឯកពិភពលោកបួនដង Max Verstappen។

ក្នុងបរិបទនេះ ការរំពឹងទុកបន្ថែមក៏មានអំពី Horner ដែលអាចវិលត្រឡប់មកកាន់ Aston Martin បន្ទាប់ពីមានព័ត៌មានថាគាត់បានជួប Stroll ខណៈដែលវិស្វករ Gianpiero Lambiase ត្រូវបានទាក់ទង ប៉ុន្តែបានសម្រេចបន្តនៅជាមួយ Red Bull។ ការប្រណាំងបន្ទាប់នឹងធ្វើឡើងនៅសៀគ្វី Suzuka ប្រទេសជប៉ុន នៅថ្ងៃទី២៩ ខែមីនា គឺជាផ្ទះមួយសម្រាប់ក្រុមហ៊ុន Honda ប៉ុន្តែទំនងជាមិននាំមកនូវការធូរស្បើយសម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុននោះទេ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters