[ម៉ានីល]៖ យោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយរដ្ឋសភានៅថ្ងៃទី២២ ខែមីនានេះ គណបក្សកុម្មុយនីស្តវៀតណាមបានដណ្តើមយកអាសនៈចំនួន ៤៨២ ក្នុងចំណោមអាសនៈសរុប ៥០០ ដែលស្មើនឹងជិត ៩៧%។ លទ្ធផលនេះបានបញ្ជាក់ជាថ្មីនូវឥទ្ធិពលដាច់ខាតរបស់បក្សកាន់អំណាច ខណៈបេក្ខជនស្ទើរតែទាំងអស់សុទ្ធតែត្រូវបានចម្រាញ់និងតែងតាំងដោយផ្ទាល់ពីសំណាក់គណបក្ស។

ចំនួនអាសនៈដែលទទួលបានក្នុងអាណត្តិនេះ មានកម្រិតប្រហាក់ប្រហែលនឹងអាណត្តិចាស់ដែលទើបផុតកំណត់។ ដោយឡែក អាជ្ញាធរវៀតណាមបានឱ្យដឹងថា អត្រាអ្នកទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភា និងក្រុមប្រឹក្សាមូលដ្ឋានមានចំនួនរហូតដល់ជាង ៩៩% ដែលជាតួលេខខ្ពស់ស្របតាមទម្លាប់នៃបណ្ដាការបោះឆ្នោតមុនៗ។

ទោះបីជារដ្ឋសភាឯកបក្សមួយនេះ ហាក់ពុំមានអំណាចក្នុងការជំទាស់នឹងសេចក្តីសម្រេចចិត្តសំខាន់ៗរបស់គណបក្សរួមទាំងការតែងតាំងបុគ្គលិកជាន់ខ្ពស់ក៏ដោយ ប៉ុន្តែស្ថាប័ននេះជារឿយៗតែងតែធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់មួយចំនួនតាមការចាំបាច់។តាមការគ្រោងទុករដ្ឋសភានឹងបើកសម័យប្រជុំដំបូងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៦ ខែមេសាតទៅ។ ក្នុងសម័យប្រជុំពេញអង្គនោះ សមាជិកសភានឹងធ្វើការអនុម័តបញ្ជាក់សមាសភាពថ្នាក់ដឹកនាំរដ្ឋថ្មីដែលកំណត់ដោយគណបក្សរួមមានតំណែងនាយករដ្ឋមន្ត្រី និងប្រធានាធិបតី។

លោក តូ ឡាំ (To Lam) ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សនៅក្នុងមហាសន្និបាតកាលពីខែមករា ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានរដ្ឋបន្ថែមទៀត។ ការឡើងកាន់តំណែងទន្ទឹមគ្នារបស់លោក ឡាំ នឹងធ្វើឱ្យរចនាសម្ព័ន្ធនយោបាយរបស់វៀតណាមកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយប្រទេសចិនដែលនៅទីនោះលោក ស៊ី ជីនពីង ក៏កំពុងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីក្នុងពេលតែមួយផងដែរ។ ទោះបីជាវៀតណាម និងចិន ស្ថិតក្នុងចំណោមរដ្ឋកុម្មុយនីស្តតិចតួចដែលនៅសេសសល់ក្នុងពិភពលោក ហើយធ្លាប់មានប្រវត្តិមិនចុះសម្រុងនឹងគ្នា ក៏ដូចជាមានវិវាទដែនដីនៅសមុទ្រចិនខាងត្បូងយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងរវាងបក្សកុម្មុយនីស្តនៃប្រទេសទាំងពីរ នៅតែត្រូវបានរក្សាឱ្យមានភាពជិតស្និទ្ធជាផ្លូវការ។ ការបញ្ចប់ការបោះឆ្នោតជាតិរបស់វៀតណាមនាពេលនេះ ធ្វើឡើងស្របពេលដែលទីក្រុងហាណូយ ក៏ដូចជាបណ្ដាប្រទេសដទៃទៀតកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃវិបត្តិនៅមជ្ឈិមបូព៌ាដែលកំពុងញាំញីដល់ខ្សែចង្វាក់ពាណិជ្ជកម្មសកល ទីផ្សារថាមពល និងស្ថិរភាពក្នុងតំបន់ទាំងមូល។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters