អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើតំបន់ចំនួន ៤ ក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្ស ៦ នាក់បាត់បង់ជីវិត។ នៅទីក្រុង Zaporizhzhia ភាគខាងត្បូង មនុស្ស ២ នាក់បានស្លាប់ និង ៨ នាក់ទៀត (រួមទាំងកុមារ ២ នាក់) បានរងរបួស បន្ទាប់ពីដ្រូនអត្តឃាតបានបុកចំផ្ទះលំនៅដ្ឋានកាលពីថ្ងៃសៅរ៍។ ដោយឡែក នៅតំបន់ Dnipropetrovsk មានអ្នកស្លាប់ ២ នាក់ និង ៥ នាក់រងរបួស ចំណែកនៅតំបន់ Donetsk និង Kherson ក៏មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ម្នាក់ក្នុងមួយតំបន់ផងដែរ។
ស្របពេលដែលសមរភូមិកំពុងឡើងកម្ដៅ ក្រុមការងារអ៊ុយក្រែនកំពុងបន្តកិច្ចពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកក្នុងរដ្ឋផ្លរីដា ដើម្បីស្វែងរកវិធីសាស្ត្របញ្ចប់សង្គ្រាម។ នេះគឺជាការចរចាលើកដំបូង បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីខែមុនដែលបានបង្វែរការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។ ក្នុងជំនួបជាមួយលោក Steve Witkoff បេសកជនរបស់លោក Donald Trump និងលោក Jared Kushner កាលពីថ្ងៃសៅរ៍ ភាគីអ៊ុយក្រែនបានលើកឡើងពីកង្វល់ជុំវិញការសម្រេចចិត្តរបស់វ៉ាស៊ីនតោន ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរុស្ស៊ី ដែលអាមេរិកអះអាងថាធ្វើឡើងដើម្បីរក្សាលំនឹងតម្លៃថាមពលពិភពលោក។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់តាមរយៈសុន្ទរកថាវីដេអូថា៖ «វាមានសារៈសំខាន់ណាស់ដែលពិភពលោកត្រូវបន្តកិច្ចចរចាដើម្បីពិនិត្យមើលថាតើរុស្ស៊ីមានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់សង្គ្រាមដែរឬទេ»។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាអាមេរិកកំពុងផ្ដោតលើបញ្ហានៅមជ្ឈិមបូព៌ាក៏សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ដោយយុត្តិធម៌ដោយធានាថាអ្នកឈ្លានពានមិនទទួលបានផលចំណេញពីសង្គ្រាមនេះឡើយ។
ទោះជាយ៉ាងណា ក្តីសង្ឃឹមនៃរបកគំហើញសន្តិភាពនៅតែមានកម្រិតទាប ដោយសាររុស្ស៊ីនៅតែរក្សាការទាមទារកម្រិតអតិបរមា។ សាច់ញាតិជនរងគ្រោះម្នាក់នៅ Zaporizhzhia បានប្រាប់ Reuters ទាំងក្ដុកក្ដួលថា៖ «ខ្ញុំឈប់ជឿលើការចរចាហើយ។ តើត្រូវចាំដល់ពេលណាទៀត? យើងគួរតែវាយបកឱ្យរុស្ស៊ីឈឺចាប់ដូចអ្វីដែលយើងកំពុងជួបប្រទះដែរ»។
ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលទំនាក់ទំនងជាមួយលោក Donald Trump ដែលធ្លាប់រិះគន់រូបលោកកាលពីមុន លោក Zelensky បានផ្តល់ជូននូវបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់ដល់អាមេរិក ដើម្បីជួយការពារប្រឆាំងនឹងការគំរាមកំហែងពីអ៊ីរ៉ង់។ លោកបានព្រមានតាមរយៈ BBC ថា លោក ពូទីន កំពុងព្យាយាមអូសបន្លាយជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ដើម្បីធ្វើឱ្យការគាំទ្រដល់អ៊ុយក្រែនចុះខ្សោយ។ ការបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់អាមេរិកកាលពីដើមខែនេះ ត្រូវបានអ៊ុយក្រែនមើលឃើញថាជាសញ្ញានៃការថយចុះសម្ពាធលើរុស្ស៊ី ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ក្រុងគៀវ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC