កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រទេសអ៊ីរ៉ង់ (Iran) បានបដិសេធចំពោះការលើកឡើងដែលថាខ្លួនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។ ការចេញមុខបដិសេធនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពន្យារពេលការគំរាមកំហែងបំផ្ទុះគ្រាប់បែកលើបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ ដោយយោងលើហេតុផលថា មានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះ។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានពិភាក្សាគ្នាយ៉ាងល្អ និងមានប្រសិទ្ធភាព ដើម្បីឈានទៅរក "ការបញ្ចប់អរិភាពទាំងស្រុងនៅមជ្ឈិមបូព៌ា"។ ជាលទ្ធផល លោកបានសម្រេចផ្អាកផែនការវាយប្រហារលើបណ្តាញថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ។ សេចក្តីប្រកាសនេះបានធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើងខ្ពស់ ខណៈតម្លៃប្រេងឆៅបានធ្លាក់ចុះមកនៅក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលវិញ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ប្រេសិតពិសេសលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងកូនប្រសាលោកគឺលោក ជារីដ ឃូសណឺ (Jared Kushner) បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់តាំងពីល្ងាចថ្ងៃអាទិត្យរហូតដល់ថ្ងៃច័ន្ទ។ លោកបានបញ្ជាក់ដោយទំនុកចិត្តថា៖
"យើងមានការជជែកគ្នាខ្លាំងក្លាបំផុត... យើងមានចំណុចឯកភាពគ្នាជាច្រើន ឬអាចនិយាយបានថាស្ទើរតែគ្រប់ចំណុចតែម្តង"។
ទោះជាយ៉ាងណា លោក មហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលត្រូវបានគេជឿថាជាអ្នកសន្ទនាជាមួយភាគីអាមេរិក បានច្រានចោលទាំងស្រុង និងបានចំអកតាមបណ្តាញសង្គម X ថាជា "ព័ត៌មានក្លែងក្លាយ" ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុ និងដើម្បីដោះដៃចេញពី "ភក់ជ្រាំ" ដែលអាមេរិក និងអ៊ីស្រាអែលកំពុងជាប់ផុង។
ខណៈពេលដែលលោក ត្រាំ និយាយពីកិច្ចចរចា សកម្មភាពយោធានៅតែបន្តយ៉ាងសស្រាក់សស្រាំ៖
- ការវាយប្រហារពីអ៊ីរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបើកការវាយប្រហារថ្មីលើគោលដៅរបស់អាមេរិក និងបានបាញ់មីស៊ីលសំដៅទីក្រុងជាច្រើនរបស់អ៊ីស្រាអែល រួមមានទីក្រុងឌីម៉ូណា (Dimona) និងទែលអាវីវ (Tel Aviv)។ ពួកបានហៅសម្តីរបស់លោក ត្រាំ ថាគ្រាន់តែជា "សង្គ្រាមចិត្តសាស្ត្រ" ដែលស៊ាំទៅហើយ។
- ជំហររបស់អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយលោក ត្រាំ ហើយអ៊ីស្រាអែលនឹងនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់ និងអ៊ីរ៉ង់។ ប៉ុន្តែលោកបានបន្ថែមថា លោក ត្រាំ ជឿជាក់លើលទ្ធភាពនៃការប្រើប្រាស់សមិទ្ធផលយោធារបស់កងទ័ពអ៊ីស្រាអែល (IDF) និងអាមេរិក ដើម្បីប្រែក្លាយទៅជាកិច្ចព្រមព្រៀងមួយដែលការពារផលប្រយោជន៍ដ៏សំខាន់របស់ពួកគេ។
បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតគឺការបិទច្រកសមុទ្រហូមូស (Strait of Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនប្រេង និងហ្គាស ១ ភាគ ៥ របស់ពិភពលោក។ លោក ត្រាំ បានទាមទារឱ្យអ៊ីរ៉ង់បើកច្រកនេះឡើងវិញ ប៉ុន្តែទីក្រុងតេអេរ៉ង់អះអាងថានឹងធ្វើទៅបាន លុះត្រាតែអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។
មានសេចក្តីរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ (JD Vance) រួមជាមួយលោក វីតខូហ្វ និងលោក ឃូសណឺ អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ប្រទេសប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមន្ត្រីអ៊ីរ៉ង់ ក្រោយមានកិច្ចសន្ទនារវាងលោក ត្រាំ និងមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក អាស៊ីម មូនី (Asim Munir)។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមដែលអាមេរិក និងអ៊ីស្រាអែលបានបើកឆាកកាលពីថ្ងៃទី២៨ ខែកុម្ភៈមក មនុស្សជាង ២,០០០ នាក់បានបាត់បង់ជីវិត ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីអស្ថិរភាពថាមពលសកល និងសន្តិសុខក្នុងតំបន់។
ប្រែសម្រួលដោយ៖ ស៊ឺម សមាន
ប្រភព៖ Reuters