[ឡុងដ៍]៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៤ គ្រឿងរបស់សហគមន៍ជ្វីហ្វ ត្រូវបានដុតបំផ្លាញនៅក្នុងតំបន់ភាគខាងជើងទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះហេតុការណ៍នេះ ដោយចាត់ទុកថាជា ការវាយប្រហារដោយចេតនាបង្កឡើងដោយការរើសអើងពូជសាសន៍ជ្វីហ្វដ៏គួរឱ្យរន្ធត់។ យោងតាមរបាយការណ៍ពីកងពន្លត់អគ្គីភ័យ ស៊ីឡាំងហ្គាសនៅលើរថយន្តទាំងនោះបានផ្ទុះឡើងបណ្តាលឱ្យបែកកញ្ចក់បង្អួចអគារនៅក្បែរខាង ប៉ុន្តែជាសំណាងល្អមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសឡើយ។ រហូតមកទល់ពេលនេះមិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។
គេហទំព័រ SITE Intelligence បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធមួយដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ក្រោមឈ្មោះថា "ចលនាឥស្លាមរបស់ប្រជាជននៃស្លាបស្តាំ” បានអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារជិតវិហារជ្វីហ្វក្នុងតំបន់ Golders Green នេះ។ ក្រុមដដែលនេះក៏ត្រូវបានគេសង្ស័យថា បានបង្កហេតុស្រដៀងគ្នានៅទីក្រុង Liege ប្រទេសបែលហ្ស៊ិក រួមទាំងទីក្រុង Rotterdam និង Amsterdam នៃប្រទេសហូឡង់ផងដែរ។

កន្លងមក ទីភ្នាក់ងារចារកម្ម MI5 និងសមាជិកសភាអង់គ្លេស ធ្លាប់បានចេញមុខព្រមានរួចជាស្រេចអំពីការគំរាមកំហែងពីអ៊ីរ៉ង់ដែលមានគោលដៅលើសហគមន៍ជ្វីហ្វ បើទោះបីជាទីក្រុងតេហេរ៉ង់តែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះក៏ដោយ។ ស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងឡុងដ៍ បានសម្តែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេហៅថា "បរិយាកាសនៃការបំភិតបំភ័យ" និងបានរិះគន់ថា ការវាយប្រហារនេះគឺជាលទ្ធផលនៃការបណ្តោយឱ្យមានការញុះញង់ស្អប់ខ្ពើមតាមរយៈការដើរក្បួននាពេលកន្លងមក។ ស្ថានទូតបានបញ្ជាក់លើបណ្តាញសង្គម X ថា៖ "ភាពស្ងៀមស្ងាត់និងការមិនចាត់វិធានការ លែងជាជម្រើសទៀតហើយ"។

ជាមួយគ្នានេះ អភិបាលក្រុងឡុងដ៍ លោក Sadiq Khan បានបញ្ជាឱ្យបង្កើនការល្បាតរបស់ប៉ូលិសជាបន្ទាន់។ ទោះបីជាប៉ូលិសចាត់ទុកករណីនេះជា "ឧក្រិដ្ឋកម្មបង្កដោយការស្អប់ខ្ពើម" (Hate Crime) ក៏ដោយ ក៏អង្គភាពប្រឆាំងភេរវកម្មត្រូវបានចាត់តាំងឱ្យដឹកនាំការស៊ើបអង្កេតនេះដោយផ្ទាល់។
រថយន្តសង្គ្រោះបន្ទាន់ដែលរងការខូចខាតជាកម្មសិទ្ធិរបស់អង្គការ Hatzola ដែលជាអង្គការសប្បុរសធម៌បម្រើសហគមន៍តាំងពីឆ្នាំ ១៩៦០។ រដ្ឋមន្ត្រីសុខាភិបាល លោក Wes Streeting បានសន្យាថា រដ្ឋាភិបាលនឹងផ្តល់រថយន្តថ្មីជំនួសវិញដើម្បីធានាថាការបម្រើសហគមន៍មិនត្រូវបានរអាក់រអួល។
គួររំលឹកផងដែរថា ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារលើជនជាតិជ្វីហ្វបានកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោក។ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទាំងសហគមន៍មូស្លីម និងជ្វីហ្វ ដើម្បីទប់ស្កាត់រាល់អំពើហិង្សា និងការពារទីតាំងដែលងាយរងគ្រោះបំផុត។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters