ទីក្រុងហាណូយ៖ ថ្ងៃទី២៤ ខែមីនា មន្ត្រីជាន់ខ្ពស់របស់ សហភាពអឺរ៉ុប បានព្រមានថា ការចូលរួមរបស់ក្រុមហ៊ុនចិនក្នុងការអភិវឌ្ឍបណ្តាញ 5G នៅវៀតណាម អាចបង្កឱ្យមានការសង្ស័យពីសុវត្ថិភាពទិន្នន័យ និងប៉ះពាល់ដល់ការវិនិយោគបរទេសនៅអនាគត។ បច្ចុប្បន្ន ក្រុមហ៊ុនអឺរ៉ុបដូចជា Ericsson និង Nokia កំពុងអភិវឌ្ឍបណ្តាញ 5G ស្នូល ប៉ុន្តែក្រុមហ៊ុនចិនដូចជា Huawei និង ZTE ត្រូវបានផ្តល់កិច្ចសន្យាថ្មីៗពីប្រតិបត្តិកររដ្ឋវៀតណាម ដែលបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់។

លោក Jozef Sikela បានបញ្ជាក់ថា 5G គឺជាវិស័យយុទ្ធសាស្ត្រសំខាន់ ដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងទិន្នន័យ និងសុវត្ថិភាព។ លោកព្រមានថា ប្រសិនបើអ្នកវិនិយោគមានការព្រួយបារម្ភអំពីសុវត្ថិភាព ពួកគេអាចជ្រើសរើសមិនវិនិយោគ។ ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មសំខាន់ សម្រាប់ក្រុមហ៊ុនអន្តរជាតិដូចជា Adidas និង Lego ពឹងផ្អែកយ៉ាងខ្លាំងលើវិនិយោគបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ទោះយ៉ាងណា មន្ត្រីវៀតណាមបានអះអាងថា ឧបករណ៍ទូរគមនាគមន៍ពីចិនមានតម្លៃសមរម្យ និងអាចទុកចិត្តបាន ខណៈក្រុមហ៊ុន Huawei និង ZTE ក៏បានបដិសេធការចោទប្រកាន់អំពី ហានិភ័យសន្តិសុខផងដែរ។

ជារួមមកបញ្ហា 5G កំពុងក្លាយជាកត្តាយុទ្ធសាស្ត្រសំខាន់ មិនត្រឹមតែផ្នែកបច្ចេកវិទ្យាទេ ប៉ុន្តែទាក់ទងទៅ​នឹងសន្តិសុខជាតិ និងការទាក់ទាញវិនិយោគអន្តរជាតិ។ 

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters