[អុីស្លាម៉ាបាត/ហ្សេរុយសាឡឹម]៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងកិច្ចចរចាបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ រួមទាំងការទទួលបានសម្បទានសំខាន់ៗពីទីក្រុងតេហេរ៉ង់។ ទន្ទឹមនឹងនេះ ប្រភពផ្ទៃក្នុងបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនសំណើដំណោះស្រាយចំនួន ១៥ ចំណុច ទៅកាន់ភាគីអ៊ីរ៉ង់រួចរាល់ហើយ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា អាមេរិកកំពុងពិភាក្សាជាមួយ "បុគ្គលដែលពាក់ព័ន្ធផ្ទាល់" ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់អរិភាព ដោយលោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងស្ថិតក្នុងដំណាក់កាលចរចា ហើយភាគីអ៊ីរ៉ង់ពិតជាមានឆន្ទៈខ្ពស់ក្នុងការសម្រេចកិច្ចព្រមព្រៀងនេះ»។

ទោះបីជាមានការអះអាងពីលោក ត្រាំ ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានចេញមុខបដិសេធចំពោះការចរចាដោយផ្ទាល់នេះ។ លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់ បានច្រានចោលរបាយការណ៍នេះថាជា "ព័ត៌មានមិនពិត"។
ផ្ទុយទៅវិញ កាសែត The New York Times និងទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ស្របគ្នាថា អាមេរិកពិតជាបានផ្ញើផែនការ ១៥ ចំណុច ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយក្នុងនោះរួមមាន ការរំលាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធតំណាង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់នាវាចរណ៍អន្តរជាតិ។
លោក ត្រាំ បានចាត់ទុកការយល់ព្រមរបស់អ៊ីរ៉ង់លើបញ្ហាថាមពលមិនមែននុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ថាជា "អំណោយដ៏ធំធេង"។ គួររំលឹកថា ច្រកសមុទ្រដ៏សំខាន់នេះត្រូវបានបិទជិត បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលកាលពី ៤ សប្តាហ៍មុនដែលបង្កឱ្យមានវិបត្តិថាមពលសកល និងការហក់ឡើងនៃតម្លៃប្រេង។

ទោះបីជាសញ្ញានៃការចរចាហាក់មានពន្លឺ ប៉ុន្តែស្ថានភាពយោធានៅតែមានភាពតានតឹងដដែល។ យោងតាមប្រភពពី Reuters អាមេរិកត្រូវបានរំពឹងថានឹងបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ពីកងពលធំទ័ពអាកាសលេខ ៨២ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងកម្លាំងដែលមានស្រាប់ចំនួន ៥០,០០០ នាក់ ដែលនាំឱ្យមានការបារម្ភពីការអូសបន្លាយនៃជម្លោះ។
ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសតាមរយៈបណ្តាញសង្គម X ថា ប៉ាគីស្ថានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបង្ហើបថា ការពិភាក្សាអំពីការរៀបចំជំនួបនេះកំពុងមានសន្ទុះខ្លាំងហើយអាចនឹងកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ គួរបញ្ជាក់ថា ភាពតានតឹងរវាងភាគីទាំងពីរបានផ្ទុះឡើងខ្លាំងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោមហេតុផលថា កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរដែលសម្របសម្រួលដោយប្រទេសអូម៉ង់បានបរាជ័យ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters