ទិន្នន័យដឹកជញ្ជូន និងឯកសារសម្ងាត់ដែលទីភ្នាក់ងារ Reuters ទទួលបាន បានបង្ហាញថា អ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកបានបញ្ជូនប្រេងឥន្ធនៈប្រមាណ ៣០,០០០ បារ៉ែល ទៅកាន់វិស័យឯកជននៅក្នុងប្រទេសគុយបា (Cuba) គិតចាប់តាំងពីដើមឆ្នាំ ២០២៦ នេះ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ (Trump Administration) ក្នុងគោលបំណងលើកស្ទួយសហគ្រាសឯកជនឱ្យមានប្រៀបជាងសហគ្រាសរដ្ឋនៃរបបកុម្មុយនីស្ត។
ចាប់តាំងពីខែមករាមក សហរដ្ឋអាមេរិកបានរឹតបន្តឹងការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើវិស័យប្រេងយ៉ាងខ្លាំងក្លាប្រឆាំងនឹងគុយបា ដើម្បីកាត់ផ្ដាច់ប្រភពថាមពល និងដាក់សម្ពាធឱ្យរដ្ឋាភិបាលក្រុងហាវ៉ាណា (Havana) ចុះចាញ់។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបើក "ផ្លូវពិសេស" មួយ ដោយអនុញ្ញាតឱ្យមានការនាំចូលប្រេងសម្រាប់តែវិស័យឯកជនខ្នាតតូច ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាំចេញប្រេងនេះ គឺជាគោលនយោបាយច្បាស់លាស់របស់រដ្ឋបាលលោក ត្រាំ ដើម្បីផ្ដល់អាទិភាពដល់វិស័យឯកជន និងប្រជាជនគុយបាទូទៅ ដែលមិនមានការពាក់ព័ន្ធនឹងរដ្ឋាភិបាល ឬកងទ័ព។
បើទោះបីជាបរិមាណប្រេងប្រមាណ ៣០,០០០ បារ៉ែល (ស្មើនឹង ១.២៧ លានហ្គាឡុង) មានកម្រិតតិចតួច បើធៀបនឹងតម្រូវការសរុបរបស់ប្រទេសគុយបា ដែលធ្លាប់ប្រើប្រាស់ប្រេងដល់ទៅ ១០០,០០០ បារ៉ែលក្នុងមួយថ្ងៃ ក៏ដោយ ប៉ុន្តែតួលេខនេះបង្ហាញពីការកើនឡើងជាលំដាប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ការរឹតបន្តឹងរបស់អាមេរិកបានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករា ដែលនាំឱ្យប្រភពប្រេងចម្បងរបស់គុយបាត្រូវបានកាត់ផ្ដាច់។ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស-កាណែល (Miguel Diaz-Canel) បានទទួលស្គាល់ថា ប្រទេសនេះមិនបានទទួលប្រេងអស់រយៈពេល ៣ ខែមកហើយ ប៉ុន្តែលោកមិនបានលើកឡើងអំពីការនាំចូលរបស់វិស័យឯកជននោះទេ។
តាមរយៈទិន្នន័យតាមដាននាវាពី LSEG គិតត្រឹមដើមឆ្នាំ ២០២៦ មាននាវាដឹកទំនិញចំនួន ៦១ គ្រឿងបានចូលចតនៅគុយបា ដែលភាគច្រើននៅកំពង់ផែម៉ារីយ៉ែល (Mariel)។ នាវាទាំងនេះបានដឹកទំនិញចម្រុះ រួមទាំងប្រេងឥន្ធនៈផងដែរ ដោយធ្វើដំណើរចេញពីឈូងសមុទ្រអាមេរិក ពិសេសពីរដ្ឋផ្លរីដា (Florida) និងរដ្ឋលីយូស៊ីអាណា (Louisiana)។

ការហូរចូលនៃប្រេងឥន្ធនៈនេះ បានក្លាយជា "ខ្សែជីវិត" សម្រាប់អាជីវកម្មឯកជនមួយចំនួន ដែលកំពុងដង្ហក់ដោយសារវិបត្តិថាមពល។ ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានប្រេងទាំងនោះ រួមមាន៖
- សហគ្រាសផលិតនំប៉័ងឯកជន
- ក្រុមហ៊ុនបោះដុំទំនិញតាមផ្សារតូចៗ
- ហាងទំនិញអនឡាញខ្នាតធំ ដូចជា Supermarket23 ជាដើម។
យោងតាមប្រភពពីអាជីវករក្នុងស្រុក ប្រេងទាំងនេះត្រូវបានដឹកជញ្ជូនតាមធុងប្រភេទ ISO Tanks ដែលមានសុវត្ថិភាពខ្ពស់។ ក្នុងចំណោមប្រេងដែលនាំចូល ៩៩% គឺជាប្រេងម៉ាស៊ូត (Diesel) ខណៈប្រេងសាំងមានត្រឹមតែ ១% ប៉ុណ្ណោះ ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធរក្សាទុកនៅមានកម្រិត។
ទោះបីជាមានការបើកដៃក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់។ លោក រ៉ូប៊ីយ៉ូ បានព្រមានយ៉ាងធ្ងន់ៗថា៖ «ប្រសិនបើយើងរកឃើញថា វិស័យឯកជនលេងល្បិច ដោយបង្វែរប្រេងទាំងនេះទៅឱ្យរបបដឹកនាំរដ្ឋ ឬកងទ័ព នោះអាជ្ញាប័ណ្ណនាំចេញនឹងត្រូវលុបចោលភ្លាមៗ»។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុនឯកជននៅគុយបាបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ដោយធានាថាប្រេងដែលនាំចូលមក គឺប្រើប្រាស់សម្រាប់តែសង្វាក់ផលិតកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ មិនត្រូវបានអនុញ្ញាតឱ្យលក់បន្តជាលក្ខណៈពាណិជ្ជកម្មឡើយ។
ប្រែសម្រួលដោយ៖ ស៊ឺម សមាន
ប្រភព៖ Reuters