[ទីក្រុងវ៉ាស៊ីនតោន]៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា លោកនឹងអញ្ជើញទៅជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៤-១៥ ខែឧសភាខាងមុខ។ ដំណើរទស្សនកិច្ចនេះត្រូវបានពន្យារពេលកាលពីពេលថ្មីៗនេះ ដោយសារមមាញឹកនឹងការដោះស្រាយភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រធានាធិបតីអាមេរិកអញ្ជើញទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍។

តាមរយៈការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោក ត្រាំ ក៏បានបង្ហាញពីបំណងអញ្ជើញលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញម្តងនៅចុងឆ្នាំនេះ។ លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មានសេតវិមាន បានបញ្ជាក់ថា ភាគីចិនបានយល់ព្រមតាមសំណើពន្យារពេលនេះ ដោយលោកស្រីបានបញ្ជាក់ថា៖ «លោកប្រធានាធិបតី ស៊ី យល់ច្បាស់ពីភាពចាំបាច់ដែលលោកប្រធានាធិបតី ត្រាំ ត្រូវវត្តមានក្នុងប្រទេសដើម្បីបញ្ជាការផ្ទាល់លើប្រតិបត្តិការយោធាដែលកំពុងឡើងកម្ដៅ»។

ដំណើរទស្សនកិច្ចដែលគ្រោងធ្វើតាំងពីថ្ងៃទី៣១ ខែមីនា ត្រូវបានអាក់ខាន បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់បានផ្ទុះឡើងរហូតឈានដល់ការបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដឹកជញ្ជូនថាមពលពិភពលោក បង្កឱ្យមានវិបត្តិប្រេងឥន្ធនៈសកល។ ក្នុងស្ថានភាពនេះ លោក ត្រាំ បានជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តរួមគ្នាដោះស្រាយបញ្ហានៅច្រកសមុទ្រនេះ និងបានព្រមានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើផ្លូវទឹកមិនត្រូវបានបើកឡើងវិញ។ លោកស្រី Leavitt បានប៉ាន់ប្រមាណថា ប្រតិបត្តិការយោធានេះអាចនឹងអូសបន្លាយពី ៤ ទៅ ៦ សប្តាហ៍ទៀត មុនពេលស្ថានភាពអាចវិលមករកភាពធូរស្រាល។

ទោះបីជាទំនាក់ទំនងរវាងមហាអំណាចទាំងពីរមានភាពរកាំរកូសលើបញ្ហាពាណិជ្ជកម្មនិងបច្ចេកវិទ្យាក៏ដោយ ដំណើរទស្សនកិច្ចនាពេលខាងមុខត្រូវបានសហគមន៍អន្តរជាតិរំពឹងថា នឹងក្លាយជាសញ្ញាវិជ្ជមាននៃការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ។

កាសែតរដ្ឋចិន Global Times បានចុះផ្សាយថា ការអវត្តមាននៃជំនួបកំពូលក្នុងរយៈពេលយូរបែបនេះ គឺជា «រឿងមិនធម្មតា» ដោយបានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា៖ «ទាំងចិន និងអាមេរិក សុទ្ធតែទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការ និងរងផលប៉ះពាល់អវិជ្ជមានដូចគ្នា ប្រសិនបើជ្រើសរើសការប្រឈមមុខដាក់គ្នា»។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC