[ម៉ិកស៊ិកស៊ីធី]៖ លោកស្រីប្រធានាធិបតី Claudia Sheinbaum បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមីនា នេះថា ប្រទេសម៉ិកស៊ិកនឹងរក្សាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីក្រុង Havana ដើម្បីបន្តទទួលយកគ្រូពេទ្យគុយបាឱ្យមកបម្រើការក្នុងប្រទេសរបស់ខ្លួន បើទោះបីជាប្រទេសជិតខាងមួយចំនួនបានសម្រេចចិត្តដកខ្លួនចេញក្រោមសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មានពេលព្រឹក លោកស្រី Sheinbaum បានលើកឡើងថា៖ «យើងមានកិច្ចព្រមព្រៀងដ៏ល្អមួយដែលជាជំនួយដ៏មានសារៈសំខាន់សម្រាប់យើង។ វាជាកិច្ចព្រមព្រៀងទ្វេភាគីដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសម៉ិកស៊ិក»។ ចាប់តាំងពីឆ្នាំ២០២២ ម៉ិកស៊ិកបានក្លាយជាគោលដៅដ៏ធំសម្រាប់បុគ្គលិកពេទ្យគុយបា ដោយមានវេជ្ជបណ្ឌិត និងអ្នកជំនាញរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលនិងជនបទដែលខ្វះខាតសេវាសុខាភិបាល។ កម្មវិធីបេសកកម្មវេជ្ជសាស្ត្រនេះ គឺជាប្រភពចំណូលបរទេសដ៏ធំបំផុតមួយសម្រាប់រដ្ឋាភិបាលគុយបា។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបាចាប់តាំងពីឆ្នាំ១៩៦០ បានចោទប្រកាន់កម្មវិធីនេះថា ជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ នៅឆ្នាំនេះ រដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធបន្ថែមទៀតតាមរយៈការគំរាមកំហែងដំឡើងពន្ធលើប្រទេសណាដែលដឹកជញ្ជូនប្រេងទៅឱ្យគុយបា ដែលជាហេតុធ្វើឱ្យកោះមួយនេះប្រឈមនឹងវិបត្តិថាមពល និងការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។
ខណៈដែលម៉ិកស៊ិកនៅតែបន្តផ្តល់ជំនួយមនុស្សធម៌ និងរក្សាទំនាក់ទំនងជាមួយគុយបា ប្រទេសមួយចំនួនទៀតរួមមាន៖ បាហាម៉ា (Bahamas), ហុងឌូរ៉ាស (Honduras), ហ្គោតេម៉ាឡា (Guatemala), ហ្សាម៉ាអ៊ីក (Jamaica) និង ហ្គីយ៉ាន (Guyana) បានប្រកាសផែនការបញ្ចប់កិច្ចព្រមព្រៀងជាមួយគុយបា ដោយយោងតាមការចោទប្រកាន់របស់អាមេរិកជុំវិញបញ្ហាកម្លាំងពលកម្ម។ យ៉ាងណាមិញ ប្រទេសម្ចាស់ផ្ទះដែលពឹងផ្អែកលើគ្រូពេទ្យគុយបាបានបដិសេធការចោទប្រកាន់នេះដោយអះអាងថា ប្រាក់បៀវត្សរ៍ និងស្តង់ដារការងារគឺអនុលោមតាមច្បាប់ក្នុងស្រុកនិងអន្តរជាតិយ៉ាងត្រឹមត្រូវ។
ទន្ទឹមនឹងនេះ និន្នាការនយោបាយស្តាំនិយមក្នុងតំបន់កំពុងធ្វើឱ្យមានការប្រែប្រួលសហព័ន្ធ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ បានផ្លាស់ប្តូរជំហរមកគាំទ្រទណ្ឌកម្មរបស់អាមេរិកលើគុយបា ចំណែកឯ កូស្តារីកា បានផ្តាច់ទំនាក់ទំនងជាមួយគុយបាកាលពីដើមខែនេះនិងអេក្វាឌ័រ បានបណ្តេញមន្ត្រីការទូតគុយបាចេញពីប្រទេស។ ជាចុងក្រោយ បន្ទាប់ពីលោក ត្រាំ បានថ្លែងកាលពីសប្តាហ៍មុនក្នុងន័យគំរាមកំហែងខ្លាំងៗលើប្រទេសគុយបា មន្ត្រីទីក្រុង Havana បានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ស្ថានការណ៍ទាំងអស់រួមទាំងលទ្ធភាពនៃការប៉ះទង្គិចផ្នែកយោធាដែលមិនអាចមើលរំលងបាន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters