[ប៉េកាំង]៖ នៅថ្ងៃទី២៧ ខែមីនា នេះ ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានរាយការណ៍ពីកំណើនប្រាក់ចំណេញយ៉ាងខ្លាំងក្លានៅដើមឆ្នាំនេះ ដែលជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ទោះបីជាមានការគំរាមកំហែងដល់កំណើនសកលពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអាជីវកម្មនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសារការកើនឡើងនៃតម្លៃដើមផលិតនិងការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងវិស័យផ្សេងៗ។ ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ក៏កំពុងជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ចេញផ្សាយកាលពីថ្ងៃសុក្រនេះថា ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១៥,២% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦ (ធៀបនឹងកំណើនត្រឹម ០,៦% ក្នុងឆ្នាំ២០២៥)។ ចំណែកឯ ការផលិតកុំព្យូទ័រ និងឧបករណ៍ទំនាក់ទំនងនាំមុខគេដោយមានកំណើនរហូតដល់ ២០០% ឧស្សាហកម្មស្ល កើនឡើង ១៥០%។

សេដ្ឋកិច្ចចិនបានចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងសន្ទុះនាំចេញដ៏រឹងមាំ ដែលជំរុញដោយតម្រូវការបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ការបង្កើនទិន្នផលឧស្សាហកម្ម និងការងើបឡើងវិញនៃវិស័យលក់រាយ។ សន្ទុះនេះកើតឡើងសូម្បីតែក្នុងស្ថានភាពដែលទីផ្សារថាមពលសកលកំពុងរង្គោះរង្គើ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ក៏ដោយ។

ផលប៉ះពាល់ពីវិបត្តិមជ្ឈិមបូព៌ា អាចនឹងលេចចេញជារូបរាងកាន់តែច្បាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ទីផ្សារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ដើម្បីស្វែងរកសញ្ញាណនៃកំណើនសកល។ ទោះបីជាអតិផរណាអ្នកប្រើប្រាស់កើនឡើងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអតិផរណាអ្នកផលិត (PPI) នៅតែមានកម្រិតទាបដែលបង្ហាញថា តម្រូវការក្នុងស្រុកនៅមានកម្រិតខ្សោយ និងបង្កឱ្យមានសង្គ្រាមតម្លៃក្នុងវិស័យរថយន្ត និងបន្ទះសូឡា។

លោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi បានកត់សម្គាល់ថា ការហក់ឡើងនៃតម្លៃគ្រឿងបន្លាស់ ជាពិសេស បន្ទះឈីប អាចនឹងស៊ីដាច់ប្រាក់ចំណេញ និងអាចរុញច្រានក្រុមហ៊ុនមួយចំនួនឱ្យប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ឬក្ស័យធន។ ទិន្នន័យនេះគ្របដណ្តប់លើក្រុមហ៊ុនឧស្សាហកម្មដែលមានចំណូលប្រចាំឆ្នាំចាប់ពី ២០ លានយន់ (ប្រហែល ២,៩០ លានដុល្លារ) ឡើងទៅ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters