[ទីក្រុងព្យុងយ៉ាង]៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បានជូនកាំភ្លើងវែងមួយដើមជាកាដូដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពជាប្រវត្តិសាស្ត្រនៅក្នុងទីក្រុងព្យុងយ៉ាង។ មេដឹកនាំទាំងពីរ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន បានឯកភាពគ្នាក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធដើម្បីប្រឆាំងនឹងសម្ពាធពីបណ្តាប្រទេសលោកខាងលិច។
យោងតាមវីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស លោក Lukashenko បាននិយាយលេងសើចទៅកាន់លោក Kim ថា លោកនាំយកកាំភ្លើងស្វ័យប្រវត្តិមួយដើមនេះមកឱ្យ "ទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានសត្រូវលេចមុខ"។ ជាការឆ្លើយតប លោក គីម ជុងអ៊ុន ក៏បានផ្ដល់ជូននូវដាវមួយដើម និងថូផ្កាដែលមានរូបបញ្ឈររបស់លោក លូកាសិនកូ ជាកាដូប្តូរវិញផងដែរ។

ក្នុងឱកាសនោះ លោក Lukashenko បានលើកសរសើរពីសក្តានុពលរបស់កូរ៉េខាងជើងថា៖ "ក្នុងនាមជាមិត្តម្នាក់ និងជាមនុស្សម្នាក់ដែលបានឆ្លងកាត់បទពិសោធន៍ជុំវិញពិភពលោក ខ្ញុំអាចប្រាប់អ្នកបានថា អនាគតដ៏រុងរឿងកំពុងរង់ចាំប្រទេសរបស់អ្នក ជាមួយប្រជាជនដ៏ឧស្សាហ៍ព្យាយាមនិងមានវិន័យខ្ពស់បែបនេះ។" លោកបានបន្ថែមថា នៅពេលដែល"បទដ្ឋានច្បាប់អន្តរជាតិត្រូវបានមហាអំណាចមួយចំនួនរំលោភបំពានដោយចំហ"ប្រទេសនានាចាំបាច់ត្រូវតែសហការគ្នាដើម្បីការពារអធិបតេយ្យភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរាប់ចាប់ពីវិស័យកសិកម្ម ព័ត៌មាន រហូតដល់សុខាភិបាល។ គួរបញ្ជាក់ថា ទាំងកូរ៉េខាងជើងនិងបេឡារុស សុទ្ធតែកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ក្រោមបទចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនិងការគាំទ្រសង្រ្គាមរបស់រុស្ស៊ី។ ដោយឡែក ទីក្រុងព្យុងយ៉ាងក៏កំពុងជាប់ទណ្ឌកម្មដាច់ដោយឡែកផ្សេងទៀត ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរផងដែរ។

កន្លងមក ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានផ្គត់ផ្គង់កម្លាំងទ័ពដល់យុទ្ធនាការសង្រ្គាមរបស់រុស្ស៊ី។ មន្ត្រីលោកខាងលិចបានប្រាប់ BBC កាលពីឆ្នាំមុនថា ទាហានកូរ៉េខាងជើងប្រហែល ១,០០០ នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានខែដំបូងនៃសង្គ្រាមនៅអ៊ុយក្រែន។ តាមរយៈសារផ្ញើទៅកាន់លោក ពូទីន ក្នុងសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីថា "ទីក្រុងព្យុងយ៉ាងនឹងនៅឈរខាងទីក្រុងមូស្គូជានិច្ច"។ ទន្ទឹមនឹងនេះ អ៊ុយក្រែនក៏បានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ទឹកដីបេឡារុសជាមូលដ្ឋានទ័ពដើម្បីបើកការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC