ខណៈដែលសង្គ្រាមក្នុងប្រទេសអ៊ីរ៉ង់កំពុងគំរាមកំហែងដល់កេរ្តិ៍ឈ្មោះនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វាក៏បានក្លាយជាសមរភូមិវាស់ស្ទង់សមត្ថភាពយ៉ាងស្រួចស្រាល់សម្រាប់បុគ្គលសំខាន់ពីររូប ដែលជាដៃស្ដាំរបស់លោក គឺអនុប្រធានាធិបតី ជេឌី វ៉ាន់ (JD Vance) និងរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ (Marco Rubio)។ អ្នកទាំងពីរដែលត្រូវបានគេចាត់ទុកថាជាអ្នកបន្តវេនដ៏មានសក្ដានុពល កំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកនយោបាយបក្សសាធារណរដ្ឋ ខណៈដែលសង្គ្រាមនេះនឹងក្លាយជាខ្នាតវាស់វែងថា តើនរណានឹងក្លាយជាមេដឹកនាំអាមេរិកបន្ទាប់ពីយុគសម័យលោក ត្រាំ។

នៅក្នុងវិបត្តិសង្គ្រាមនេះ លោក វ៉ាន់ និងលោក រូប៊ីអូ បានបង្ហាញនូវឥរិយាបថខុសគ្នាស្រឡះ៖

  • លោក ជេឌី វ៉ាន់ (JD Vance)៖ បានប្រកាន់យកជំហរប្រុងប្រយ័ត្នខ្ពស់ ដោយបង្ហាញពីភាពមន្ទិលសង្ស័យចំពោះការដែលអាមេរិកត្រូវជាប់ផុងក្នុងសង្គ្រាមនៅបរទេសយូរអង្វែង។ ជំហរនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់ម្ចាស់ឆ្នោតដែលជាមូលដ្ឋានគ្រឹះរបស់លោក ត្រាំ ដែលមិនចង់ឱ្យអាមេរិកធ្វើអន្តរាគមន៍យោធាហួសហេតុ។
  • លោក ម៉ាកូ រូប៊ីអូ (Marco Rubio)៖ បានដើរតួជាអ្នកការពារគោលនយោបាយវាយលុករបស់លោក ត្រាំ យ៉ាងប្ដូរផ្ដាច់។ លោកបានក្លាយជាសម្លេងដ៏មានឥទ្ធិពលបំផុតមួយក្នុងការគាំទ្រយុទ្ធនាការយោធា និងការដាក់សម្ពាធឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាការបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ។

ដោយសារច្បាប់កំណត់អាណត្តិប្រធានាធិបតីមិនអនុញ្ញាតឱ្យលោក ត្រាំ ឈរឈ្មោះបានទៀតសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨ លោកបានចាប់ផ្ដើមសាកសួរទីប្រឹក្សាជាសម្ងាត់នូវសំណួរដ៏រសើបថា៖ «តើគួរយក ជេឌី ឬ ម៉ាកូ?»។ អ្នកវិភាគយល់ថា លទ្ធផលនៃប្រតិបត្តិការយោធាដែលឈានចូលសប្ដាហ៍ទី៥ នេះ នឹងកំណត់អនាគតអ្នកទាំងពីរ។ ប្រសិនបើសង្គ្រាមបញ្ចប់ដោយជោគជ័យយ៉ាងឆាប់រហ័ស វានឹងក្លាយជាពិន្ទុដ៏ធំសម្រាប់លោក រូប៊ីអូ ប៉ុន្តែប្រសិនបើសង្គ្រាមអូសបន្លាយ វានឹងផ្ដល់ឱកាសឱ្យលោក វ៉ាន់ បង្ហាញថាការប្រុងប្រយ័ត្នរបស់លោកគឺជាជម្រើសដ៏ត្រឹមត្រូវ។

ស្របពេលដែលសង្គ្រាមកំពុងឡើងកម្ដៅ ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះមកត្រឹម ៣៦% ដែលជាកម្រិតទាបបំផុតចាប់តាំងពីលោកត្រឡប់មកសេតវិមានវិញ ដោយសារបញ្ហាតម្លៃប្រេងឡើងថ្លៃ និងការមិនពេញចិត្តចំពោះសង្គ្រាម។ យ៉ាងណាមិញ ក្នុងចំណោមអ្នកគាំទ្របក្សសាធារណរដ្ឋ លោក វ៉ាន់ នៅតែនាំមុខក្នុងការស្ទង់មតិ (៥៣%) ខណៈដែលលោក រូប៊ីអូ កំពុងដេញតាមពីក្រោយយ៉ាងប្រកិត (៣៥%)។

ទោះបីជាមានការសន្មតពីការប្រកួតប្រជែងផ្ទៃក្នុង សេតវិមានបានចេញមុខច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលថា លោក ត្រាំ មានចិត្តលម្អៀងទៅរកភាគីណាមួយ។ អ្នកនាំពាក្យសេតវិមាន លោក ស្ទីវិន ឆឹង (Steven Cheung) បានបញ្ជាក់ថា គ្មានការប៉ាន់ស្មានណាមួយអាចមករំខានដល់បេសកកម្មបម្រើប្រជាជនអាមេរិករបស់រដ្ឋាភិបាលលោក ត្រាំ បានឡើយ។

ប្រែសម្រួលដោយ៖ ស៊ឺម សមាន

ប្រភព៖ Reuters