[ទីក្រុងតូក្យូ]៖ ថ្ងៃទី៣០ ខែមីនា ប្រទេសជប៉ុនបានបង្កើនការព្រមានយ៉ាងខ្លាំងក្លាអំពីការត្រៀមលូកដៃចូលអន្តរាគមន៍ក្នុងទីផ្សារដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន។ ជាមួយគ្នានេះ អាជ្ញាធរក៏បានផ្តល់សញ្ញាថា ការធ្លាក់ចុះបន្ថែមទៀតនៃរូបិយប័ណ្ណជាតិ អាចជាមូលហេតុឈានទៅរកការដំឡើងអត្រាការប្រាក់ក្នុងរយៈពេលខ្លី ខណៈអ្នកបង្កើតគោលនយោបាយកំពុងព្រួយបារម្ភកាន់តែខ្លាំងអំពីសម្ពាធអតិផរណាដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។\
នៅក្នុងការព្រមានដ៏ខ្លាំងបំផុតមួយ លោក Atsushi Mimura អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកកិច្ចការអន្តរជាតិនិងជាអ្នកការទូតរូបិយប័ណ្ណកំពូលរបស់ជប៉ុន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា អាជ្ញាធរអាចនឹងត្រូវចាត់វិធានការ "ដាច់ខាត" (Decisive) ប្រសិនបើការធ្វើប៉ាន់ស្មាននៅតែបន្តបង្កឱ្យមានភាពមិនប្រក្រតីក្នុងទីផ្សារប្តូរប្រាក់។

លោក Mimura បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងសង្កេតឃើញថា សកម្មភាពធ្វើប៉ាន់ស្មានកំពុងកើនឡើងក្នុងទីផ្សាររូបិយប័ណ្ណ ក៏ដូចជាទីផ្សារប្រេងឆៅ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត វាអាចដល់ពេលដែលយើងត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់»។ ពាក្យថា "Decisive" គឺជាសញ្ញាបច្ចេកទេសដែលពាណិជ្ជករយល់ថា ជាការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរជប៉ុនក្នុងការលក់ប្រាក់ដុល្លារដើម្បីទិញប្រាក់យ៉េនចូលវិញ។
បច្ចុប្បន្ន តម្លៃប្រាក់យ៉េនបានធ្លាក់ចុះខ្លាំងរហូតដល់លើស ១៦០ យ៉េនក្នុងមួយដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។ សម្ពាធនេះកើតឡើងបន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានឈានដល់ការបិទច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនប្រេង ១/៥ នៃពិភពលោក បណ្តាលឱ្យតម្លៃប្រេងឆៅហក់ឡើង និងធ្វើឱ្យវិនិយោគិនសម្រុកទៅរកកាន់កាប់ប្រាក់ដុល្លារដែលមានសុវត្ថិភាពជាង។ ដោយឡែក លោក Kazuo Ueda អភិបាលធនាគារកណ្តាលជប៉ុន (BOJ) បានថ្លែងទៅកាន់សភាកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលកំពុងតាមដានយ៉ាងកៀកកិតចំពោះចលនាប្រាក់យ៉េន ព្រោះវាជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចនិងតម្លៃទំនិញ។ លោកបានបញ្ជាក់ថា សម្ពាធអតិផរណាដែលបណ្តាលមកពីប្រាក់យ៉េនចុះថោក អាចជាហេតុផលសមស្របក្នុងការដំឡើងអត្រាការប្រាក់នៅប៉ុន្មានខែខាងមុខ។
លោក Ueda បានលើកឡើងថា៖ «ការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណ គឺជាកត្តាសំខាន់ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងតម្លៃទំនិញ។ យើងនឹងរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវដោយពិនិត្យមើលថា តើការប្រែប្រួលទាំងនេះប៉ះពាល់ដល់ការព្យាករណ៍កំណើនសេដ្ឋកិច្ច និងតម្លៃទំនិញរបស់យើងក្នុងកម្រិតណា»។ ការថ្លែងបែបនេះ បានបើកឱកាសឱ្យមានការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សអាចនៅត្រឹមខែក្រោយ។
អ្នកបង្កើតគោលនយោបាយរបស់ BOJ កំពុងបារម្ភថា ប្រសិនបើពួកគេមិនចាត់វិធានការឱ្យទាន់ពេលវេលាទេ ជប៉ុនអាចនឹងធ្លាក់ចូលក្នុងស្ថានភាព "Stagflation" (ស្ថានភាពដែលសេដ្ឋកិច្ចនៅទ្រឹង ប៉ុន្តែតម្លៃទំនិញបន្តកើនឡើង)។ សេចក្តីសង្ខេបនៃកិច្ចប្រជុំកាលពីខែមីនា បង្ហាញថា សមាជិកមួយចំនួនបានស្នើឱ្យមានការដំឡើងអត្រាការប្រាក់ឱ្យបានលឿនជាងការរំពឹងទុក ដើម្បីទប់ទល់នឹងតម្លៃថាមពលដែលកំពុងហក់ឡើង។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ BOJ បានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលប្រើប្រាស់អស់រយៈពេលមួយទសវត្សរ៍ ដោយបានដំឡើងអត្រាការប្រាក់រយៈពេលខ្លីដល់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ។ កាលពីថ្ងៃចន្ទ ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលជប៉ុន (JGB) រយៈពេល ១០ឆ្នាំ ក៏បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៧ឆ្នាំផងដែរ ដោយសារការរំពឹងទុកអំពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters