[ទីក្រុងស៊ីដនី]៖ ថ្ងៃទី១ ខែមេសា ក្រុមហ៊ុន Anthropic បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកទិន្នន័យសន្ទស្សន៍សេដ្ឋកិច្ចជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីជួយតាមដានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធសេដ្ឋកិច្ចព្រមទាំងផលប៉ះពាល់របស់វាទៅលើកម្លាំងពលកម្ម និងការងារ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដែលជាអ្នកផលិតកម្មវិធី Claude មួយនេះ នឹងចែករំលែកការរកឃើញអំពីសមត្ថភាព និងហានិភ័យនៃម៉ូដែល AI ដែលកំពុងវិវត្ត ចូលរួមក្នុងការវាយតម្លៃសុវត្ថិភាពរួមគ្នា និងសហការលើការស្រាវជ្រាវជាមួយបណ្តាសាកលវិទ្យាល័យនានានៅក្នុងប្រទេសអូស្ត្រាលី។ បន្ថែមពីនេះ Anthropic ក៏មានគោលដៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ (Data Center) និងវិស័យថាមពលនៅទូទាំងប្រទេសអូស្ត្រាលីផងដែរ។

លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានលើកឡើងក្នុងទីក្រុងកង់បេរ៉ាថា៖ “ការវិនិយោគរបស់អូស្ត្រាលីលើសុវត្ថិភាព AI បានធ្វើឱ្យប្រទេសនេះក្លាយជាដៃគូដ៏ស័ក្តិសមសម្រាប់ការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវ។”
លោកត្រូវបានគេរំពឹងថានឹងចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធនេះផងដែរ។ លោក Amodei បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាគ្រឹះផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងកិច្ចព្រមព្រៀងដែលក្រុមហ៊ុនបានធ្វើជាមួយវិទ្យាស្ថានសុវត្ថិភាព AI នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។
បច្ចុប្បន្ន ប្រទេសអូស្ត្រាលីមិនទាន់មានច្បាប់ជាក់លាក់សម្រាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតនៅឡើយទេ។ រដ្ឋាភិបាលកណ្តាលឆ្វេងនិយមបានបញ្ជាក់ថា ខ្លួននឹងពឹងផ្អែកលើច្បាប់ដែលមានស្រាប់ដើម្បីគ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ ស្របពេលដែលកំពុងដាក់ចេញនូវគោលការណ៍ណែនាំដោយស្ម័គ្រចិត្តដើម្បីដោះស្រាយក្តីបារម្ភផ្នែកឯកជនភាព និងសុវត្ថិភាព។
នៅក្នុង "ផែនការផលិតកម្ម AI ថ្នាក់ជាតិ" ដែលបានចេញផ្សាយកាលពីខែធ្នូកន្លងទៅក្រសួងការងារបានដាក់ចេញនូវផែនទីបង្ហាញផ្លូវក្នុងគោលបំណងជំរុញការប្រើប្រាស់ AI ក្នុងសេដ្ឋកិច្ចទាក់ទាញការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ និងកសាងជំនាញ AI ដល់ពលរដ្ឋ ដើម្បីគាំទ្រដល់ទីផ្សារការងារខណៈបច្ចេកវិទ្យានេះកំពុងជ្រាបចូលកាន់តែជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters