វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែអាចនឹងត្រឡប់មកវិញ ដើម្បីវាយប្រហារលើគោលដៅជាក់លាក់ ប្រសិនបើចាំបាច់។ ការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោងមុនពេលលោកគ្រោងថ្លែងសុន្ទរកថាជាលើកដំបូងទៅកាន់ជាតិ អំពីស្ថានភាពសង្រ្គាម។
ស្របពេលដែលជម្លោះបានឈានចូលដល់សប្តាហ៍ទី៥ ហើយលោក Trump កំពុងរងសម្ពាធខ្លាំងលើបញ្ហាតម្លៃប្រេងសាំងដែលកំពុងហក់ឡើងខ្ពស់ ប្រធានាធិបតីរូបនេះបានកំណត់ពេលថ្លែងសុន្ទរកថានៅម៉ោង ៩យប់ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាអំពីផែនការបន្ត។ គួរជម្រាបថា មុនការថ្លែងសុន្ទរកថានេះ លោក Trump ក៏បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់តុលាការកំពូលផងដែរ។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ លោក Trump បានបង្ហើបថាខ្លឹមសារមួយផ្នែកនៃសុន្ទរកថារបស់លោក គឺដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះអង្គការ NATO ដែលលោកយល់ថាខ្វះការគាំទ្រចំពោះប្រតិបត្តិការរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ង់។ ភាពរង្គោះរង្គើនៃសម្ព័ន្ធភាពអន្តរអាត្លង់ទិកក្នុងអាណត្តិទីពីររបស់លោក Trump កាន់តែរីកធំឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបបានបដិសេធសំណើជួយការពារសុវត្ថិភាពចរាចរណ៍ដឹកជញ្ជូនប្រេងនៅច្រកសមុទ្រ Hormuz។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីអង្គការ NATO ដោយលោកបានរអ៊ូរទាំថា ពួកគេមិនមែនជាមិត្តល្អទេនៅពេលយើងត្រូវការ ទំនាក់ទំនងនេះហាក់ដូចជាមានផ្លូវតែមួយ (អាមេរិកជាអ្នកផ្តល់ឱ្យតែម្ខាង)។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទដកទ័ពច្បាស់លាស់នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា នឹងចេញទៅវិញយ៉ាងលឿនហើយនឹងត្រឡប់មកវាយប្រហារគោលដៅចាំបាច់វិញនៅពេលក្រោយ។ សង្រ្គាមនេះបានរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា បណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងធ្វើឱ្យមានការភ័យខ្លាចចំពោះវិបត្តិអតិផរណាសកល។ យោងតាមការស្ទង់មតិរបស់ Reuters/Ipsos ប្រជាជនអាមេរិក ២ភាគ៣ ចង់ឱ្យអាមេរិកបញ្ចប់ការចូលរួមក្នុងសង្រ្គាមនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Trump បានលើកឡើងថា ការវាយប្រហារតាមអាកាសនាពេលកន្លងមក បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ បច្ចុប្បន្ន លោក Mojtaba Khamenei បានឡើងជំនួសតំណែងឪពុករបស់លោក។ លោក Trump បានកត់សម្គាល់ថា យើងមិនបានតម្រង់គោលដៅលើការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារឥទ្ធិពលនៃសង្រ្គាម។ ឥឡូវនេះ អ៊ីរ៉ង់មានរបបដឹកនាំថ្មី ហើយអ្វីដែលសំខាន់បំផុត គឺពួកគេនឹងមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។ ខណៈសេតវិមានអះអាងថា មានការចរចាសម្ងាត់ជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបដិសេធរឿងនេះ។ ប្រភពព័ត៌មានបានឱ្យដឹងថា អនុប្រធានាធិបតី លោក JD Vance កំពុងពិភាក្សាជាមួយអន្តរការីប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារ ក្រោមលក្ខខណ្ឌជាក់លាក់របស់អាមេរិក។
ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ លោក Trump ជឿជាក់ថាគោលដៅរារាំងអ៊ីរ៉ង់ត្រូវបានសម្រេចរួចរាល់ហើយ ទោះបីជាមានរបាយការណ៍ថា អ៊ីរ៉ង់នៅមានស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់នៅក្នុងរូងក្រោមដីនៅតំបន់ Isfahan ក៏ដោយ។ លោក Trump បានបន្ថែមដោយទំនុកចិត្តថា យើងនឹងតាមដានពួកគេជានិច្ចតាមរយៈផ្កាយរណប ពេលនេះអ៊ីរ៉ង់គ្មានសមត្ថភាពក្នុងការផលិតអាវុធនុយក្លេអ៊ែរទៀតទេ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters