[ប៉េសាវ៉ារ/កាប៊ុល]៖ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានចាប់ផ្ដើមកិច្ចពិភាក្សាជុំថ្មីមួយនៅក្នុងប្រទេសចិន ក្នុងគោលបំណងបញ្ចប់ការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងសាហាវបំផុត រវាងប្រទេសជិតខាងកាន់សាសនាឥស្លាមទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចវិញក្នុងឆ្នាំ២០២១។ យោងតាមប្រភពពីមន្ត្រីមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងកំពុងដើរតួជាអ្នកសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយតាមរយៈការចរចា បន្ទាប់ពីជម្លោះនេះបានបណ្ដាលឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសខាងភាគីអាហ្វហ្គានីស្ថានក្រោយការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានកាលពីចុងខែកុម្ភៈ។

ទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់ក្រុមតាលីបង់ថា បានផ្ដល់ជម្រក និងគាំទ្រដល់ក្រុមសកម្មប្រយុទ្ធឥស្លាមដែលតែងតែឆ្លងដែនមកវាយប្រហារក្នុងទឹកដីប៉ាគីស្ថាន។ ផ្ទុយទៅវិញ ទីក្រុងកាប៊ុលបានបដិសេធ និងអះអាងថាបញ្ហាសន្តិសុខនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប៉ាគីស្ថានសុទ្ធសាធ។ កិច្ចចរចានៅទីក្រុង Urumqi ភាគពាយ័ព្យប្រទេសចិននេះ នឹងផ្ដោតលើការឈានទៅរកបទឈប់បាញ់យូរអង្វែង និងការបើកច្រកព្រំដែនឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរនិងពាណិជ្ជកម្ម។

កិច្ចពិភាក្សានេះកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដើម្បីស្វែងរកការគាំទ្រពីចិនលើគំនិតផ្ដួចផ្ដើមសន្តិភាពផ្សេងទៀត។ ទន្ទឹមនឹងនេះ មេដឹកនាំជាន់ខ្ពស់តាលីបង់នៅទីក្រុងកាប៊ុល ក៏បានបញ្ជាក់ពីការយល់ព្រមចូលរួមក្នុងដំណើរការចរចាដែលរៀបចំដោយចិននេះដែរ។ ទោះបីជាមានការប្រកាសបទឈប់បាញ់បណ្ដោះអាសន្នក្នុងឱកាសពិធីបុណ្យ Eid al-Fitr តាមការស្នើសុំពីសំណាក់ប្រទេសតួកគី កាតា និងអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏ការបាញ់បោះដាក់គ្នានៅតាមបណ្ដោយព្រំដែនប្រវែង ២,៦០០ គីឡូម៉ែត្រ នៅតែបន្តកើតមានជាហូរហែក្នុងសប្ដាហ៍នេះ។

កាលពីខែមុន ទីក្រុងកាប៊ុលបានរាយការណ៍ថា មនុស្សជាង ៤០០ នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ដែលបានកំណត់គោលដៅលើទីតាំងមួយក្នុងទីក្រុងកាប៊ុល។ ខណៈដែលអ្នកយកព័ត៌មានរ៉យទ័របានឃើញសាកសពជាង ១០០ នាក់នៅមន្ទីរពេទ្យខាងភាគីប៉ាគីស្ថានបានបកស្រាយថា នោះជាការវាយប្រហារយ៉ាងច្បាស់លាស់លើហេដ្ឋារចនាសម្ព័ន្ធគាំទ្រភេរវកម្ម តែប៉ុណ្ណោះ។ បច្ចុប្បន្ន ក្រសួងការបរទេសប៉ាគីស្ថាន និងរដ្ឋបាលតាលីបង់ មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយជុំវិញលទ្ធផលនៃកិច្ចពិភាក្សានៅប្រទេសចិននេះនៅឡើយទេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters