លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានប្រកាសថា ការហោះហើរសាកល្បងបន្ទាប់របស់យានអវកាស Starship នឹងត្រូវលើកពេលទៅធ្វើឡើងនៅខែឧសភាវិញ ដែលខុសពីគម្រោងដើមដែលគ្រោងទុកក្នុងខែមេសា។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X លោក Musk បានបញ្ជាក់ថា ការបង្ហោះយាន Starship ជំនាន់ V3 នឹងប្រព្រឹត្តទៅក្នុងរង្វង់ ៤ ទៅ ៦ សប្តាហ៍ខាងមុខ ពោលគឺអាចស្ថិតក្នុងសប្តាហ៍ទី១ ឬទី២ នៃខែឧសភា។ ការពន្យារពេលនេះ គឺដើម្បីទុកពេលឱ្យក្រុមហ៊ុនធ្វើការកែលម្អប្រព័ន្ធបច្ចេកទេសបន្ថែម សំដៅបង្កើនភាពជឿជាក់ និងឆ្លើយតបទៅនឹងស្តង់ដារបេសកកម្មរបស់ NASA ក្នុងកម្មវិធី Artemis ដើម្បីនាំមនុស្សជាតិទៅកាន់ព្រះច័ន្ទ។
Starship គឺជាយានអវកាសជំនាន់ក្រោយដែលរចនាឡើងសម្រាប់ប្រើប្រាស់ឡើងវិញបានទាំងស្រុងនិងមានសមត្ថភាពដឹកជញ្ជូនទំនិញបានច្រើនជាងរ៉ុក្កែត Falcon 9 ឆ្ងាយណាស់។ គួររំលឹកផងដែរថា ការហោះហើរសាកល្បងលើកទី១១ កន្លងទៅ បានធ្វើឡើងកាលពីខែតុលា។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា SpaceX បានដាក់ឯកសារសម្ងាត់សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅសហរដ្ឋអាមេរិក។ ការបោះជំហានចូលទីផ្សារភាគហ៊ុននេះ អាចនឹងក្លាយជាព្រឹត្តិការណ៍ហិរញ្ញវត្ថុដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Starbase រដ្ឋតិចសាស់មួយនេះ កំពុងកំណត់គោលដៅវាយតម្លៃតម្លៃក្រុមហ៊ុនលើសពី ១៧៥ ពាន់លានដុល្លារ ។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters