[បុរីវ៉ាទីកង់]៖ ក្នុងសារលិខិតអបអរសាទរបុណ្យអ៉ីស្ទ័រ(Easter) កាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា កន្លងទៅ សម្តេចប៉ាប បានជំរុញឱ្យមេដឹកនាំពិភពលោកបញ្ចប់ជម្លោះដែលកំពុងឆាបឆេះនៅទូទាំងសកលលោក និងទទូចឱ្យបោះបង់ចោលនូវរាល់ឧបាយកលទាំងឡាយដើម្បីអំណាច ឬការត្រួតត្រា។
សម្តេចប៉ាប ដែលត្រូវបានគេស្គាល់ថាជាអ្នករិះគន់សង្គ្រាមយ៉ាងសកម្មបានសម្តែងការសោកស្តាយចំពោះមុខគ្រីស្តបរិស័ទរាប់ពាន់នាក់ ដែលបានជួបជុំគ្នានៅទីលាន Saint Peter ថា មនុស្សជាតិកំពុងតែស៊ាំទៅនឹងអំពើហិង្សារហូតដល់ថ្នាក់សុខចិត្តទទួលយកវា និងក្លាយជាមនុស្សព្រងើយកន្តើយ។

សម្តេចប៉ាបបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ថា សូមឱ្យអ្នកដែលមានអាវុធក្នុងដៃ ដាក់អាវុធចុះ! ហើយសូមឱ្យអ្នកដែលមានអំណាចបង្កសង្គ្រាម ងាកមកជ្រើសរើសផ្លូវសន្តិភាពវិញ។ ក្នុងសារលិខិត "Urbi et Orbi" (ផ្ញើជូនទីក្រុង និងពិភពលោក) លើកនេះ ទ្រង់មិនបានលើកចំឈ្មោះជម្លោះជាក់លាក់ណាមួយឡើយ ប៉ុន្តែខ្លឹមសារមានលក្ខណៈខ្លីខ្លាំង និងចំគោលដៅខុសពីធម្មតា។ ទ្រង់បានរំលឹកថាតាមរយៈព្រះគម្ពីរ ដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវក្រោយការឆ្កាង បានបង្ហាញថាព្រះគ្រីស្ទគឺជាតំណាងនៃអហិង្សាទាំងស្រុង។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ក្នុងថ្ងៃប្រារព្ធពិធីដ៏វិសេសវិសាលនេះ សូមឱ្យយើងបោះបង់រាល់បំណងប្រាថ្នានៃការចង់ជម្លោះការចង់គ្រប់គ្រង និងការស្រេកឃ្លានអំណាចហើយរួមគ្នាអង្វរករព្រះអម្ចាស់ឱ្យប្រទានសន្តិភាពដល់ពិភពលោកដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។

កាលពីយប់ថ្ងៃសៅរ៍ ក្នុងពិធីបុណ្យចម្រើនព្រះជន្មទ្រង់ក៏បានដាស់តឿនមនុស្សលោកកុំឱ្យមានអារម្មណ៍ "ស្ពឹកស្រពន់" ចំពោះទំហំនៃជម្លោះដែលកំពុងរីករាលដាល ប៉ុន្តែត្រូវរួមគ្នាធ្វើការដើម្បីសន្តិភាព។ ជាមួយគ្នានេះ កាលពីថ្ងៃអង្គារកន្លងទៅទ្រង់ក៏បានផ្ញើសារដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយជំរុញឱ្យស្វែងរកផ្លូវចេញដើម្បីបញ្ចប់ជម្លោះសង្គ្រាមផងដែរ។
នៅចុងបញ្ចប់នៃសុន្ទរកថាពីយ៉រនៃវិហារ Saint Peter’s Basilica ដែលត្រូវបានតុបតែងដោយផ្ការាប់ពាន់ទង សម្តេចប៉ាបបានផ្ដល់ពរជ័យ និងការសួរសុខទុក្ខក្នុងឱកាសបុណ្យអ៊ីស្ទើរជា ១០ ភាសា រួមមានភាសាឡាតាំង អារ៉ាប់ និងចិនជាដើម។ ទ្រង់ក៏បានប្រកាសផងដែរថានឹងវិលត្រឡប់មកកាន់វិហារ Basilica វិញនៅថ្ងៃទី១១ ខែមេសា ដើម្បីដឹកនាំពិធីបួងសួងសុំសន្តិភាពដល់ពិភពលោក។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters