[ទីក្រុងគែរ]៖ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤ នាក់ នៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ ខណៈដែលអំពើហិង្សាចុងក្រោយនេះ បានគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយ ទោះបីជាមានការជំរុញថ្មីពីអ្នកសម្របសម្រួល ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើក្រុមមនុស្សមួយក្រុម នៅតាមបណ្ដោយផ្លូវ Jaffa ក្បែរសង្កាត់ Darraj ក្នុងទីក្រុងហ្គាហ្សា ដោយបានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។

ដោយឡែក យោធាអ៊ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងជើង បានវាយប្រហារលើសមាជិកកងជីវពលប៉ាឡេស្ទីន ដែលកំពុងប្រតិបត្តិការនៅក្បែរកងទ័ពអ៉ីស្រាអែល ដែលបង្កជាការគំរាមកំហែងភ្លាមៗ។ គួរបញ្ជាក់ថា ទាំងក្រុមហាម៉ាស និងអ៉ីស្រាអែល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងកាលពីខែតុលាឆ្នាំមុន ដែលជាកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមពេញទំហំរយៈពេលពីរឆ្នាំកន្លងមក។
ក្រសួងសុខាភិបាលហ្គាហ្សាបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៧០០ នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។ ក្នុងពេលជាមួយគ្នានេះ អ៉ីស្រាអែល ក៏បានអះអាងថា ទាហានរបស់ខ្លួន ៤ នាក់ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធនៅហ្គាហ្សាផងដែរ។
ក្នុងសប្តាហ៍នេះ គណៈប្រតិភូក្រុមហាម៉ាសបានជួបពិភាក្សាជាមួយអ្នកសម្រុះសម្រួលមកពីប្រទេសអេស៊ីប កាតា និងតួកគី នៅទីក្រុងគែរ ដើម្បីផ្តល់ការឆ្លើយតបដំបូងចំពោះសំណើរំសាយអាវុធដែលត្រូវបានដាក់ជូនកាលពីខែមុន។ បើយោងតាមប្រភពពីមន្ត្រីអេស៊ីប និងប៉ាឡេស្ទីន ក្រុមហាម៉ាសបានប្រាប់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនពិភាក្សាអំពីការរំសាយអាវុធឡើយ ប្រសិនបើគ្មានការធានាថា អ៊ីស្រាអែលនឹងដកទ័ពចេញពីតំបន់ហ្គាហ្សាទាំងស្រុង ស្របតាមផែនការ Board of Peace របស់លោក ដូណាល់ ត្រាំ។

បញ្ហារំសាយអាវុធរបស់ក្រុមហាម៉ាស នៅតែជាចំណុចទាល់ច្រកដ៏សំខាន់ក្នុងការចរចាដើម្បីអនុវត្តផែនការសន្តិភាពរបស់លោក ត្រាំ។ គួររំលឹកថា សង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ តាមការបញ្ជាក់របស់អ៉ីស្រាអែល។
យុទ្ធនាការយោធារយៈពេលពីរឆ្នាំរបស់អ៉ីស្រាអែល បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧២,០០០ នាក់បាត់បង់ជីវិតដែលភាគច្រើនជាជនស៊ីវិល។ សង្គ្រាមនេះក៏បានបង្កឱ្យមានវិបត្តិគ្រោះទុរ្ភិក្សរីករាលដាល បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរទាំងស្រុងនិងធ្វើឱ្យប្រជាជនភាគច្រើននៅក្នុងតំបន់នេះ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាច្រើនលើកច្រើនសារ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters