[ទីក្រុងគែរ/ហ្គាហ្សា]៖ កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងបង្កឱ្យមានអ្នករងរបួសជាច្រើននាក់ នៅខាងក្រៅសាលារៀនមួយកន្លែងដែលជាជំរំស្នាក់នៅបណ្តោះអាសន្នរបស់ជនភៀសខ្លួនប៉ាឡេស្ទីន។ អំពើហិង្សាចុងក្រោយនេះ បានធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក កាន់តែមានភាពផុយស្រួយ។
យោងតាមប្រភពពីគ្រូពេទ្យ និងអ្នកស្រុក បានឱ្យដឹងថា មុនពេលមានការវាយប្រហារ សកម្មជនប៉ាឡេស្ទីនមួយចំនួនបានប៉ះទង្គិចគ្នាជាមួយក្រុមខ្មាន់កាំភ្លើងដែលគាំទ្រដោយអ៉ីស្រាអែល បន្ទាប់ពីក្រុមនោះបានព្យាយាមវាយឆ្មក់ចូលក្នុងសាលារៀនដើម្បីចាប់ខ្លួនមនុស្សមួយចំនួន។ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅភាគខាងកើតជំរំ Maghazi នាភាគកណ្តាលតំបន់ហ្គាហ្សា យន្តហោះគ្មានមនុស្សបើក (Drone) របស់អ៉ីស្រាអែល បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ចូលទៅក្នុងហ្វូងមនុស្ស ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។

សាក្សីម្នាក់ឈ្មោះ Ahmed al-Maghazi បានប្រាប់រ៉យទ័រថាក្រុមខ្មាន់កាំភ្លើងដែលសហការជាមួយអ៉ីស្រាអែល បានបើកការបាញ់ប្រហារមកលើអ្នកស្រុកខណៈដែលពួកគេព្យាយាមការពារផ្ទះសម្បែងរបស់ខ្លួន។ ក្រោយមក មេដឹកនាំក្រុមខ្មាន់កាំភ្លើងនោះបានអះអាងតាមរយៈវីដេអូថា ពួកគេបានសម្លាប់សមាជិកក្រុមហាម៉ាសចំនួន ៥ នាក់។ ទោះជាយ៉ាងណា ក្រុមហាម៉ាសមិនទាន់មានការឆ្លើយតបភ្លាមៗទេ ប៉ុន្តែជាទូទៅបានចាត់ទុកក្រុមទាំងនោះថាជា "អ្នកសហការជាមួយសត្រូវ"។
ក្រៅពីហេតុការណ៍ខាងលើ កងកម្លាំងអ៉ីស្រាអែល ក៏បានវាយប្រហារតាមអាកាសលើម៉ូតូមួយគ្រឿង បានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យកុមារម្នាក់រងរបួស។ កងទ័ពអ៉ីស្រាអែល បានបាញ់ទៅលើរថយន្តមួយគ្រឿងដែលពួកគេអះអាងថាជា រថយន្តគ្មានអត្តសញ្ញាណ ដែលព្យាយាមបើកសំដៅរកកងទ័ព ទោះបីជាមានការបាញ់ព្រមានក៏ដោយ។ ហេតុការណ៍នេះបានសម្លាប់មនុស្សម្នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងថ្ងៃចន្ទ កើនឡើងដល់ ១២ នាក់។

ទាក់ទងនឹងបញ្ហាសន្តិសុខនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្អាកការជម្លៀសអ្នកជំងឺពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីបជាបណ្តោះអាសន្ន បន្ទាប់ពីមានឧបទ្ទវហេតុសន្តិសុខមួយដែលបានបណ្តាលឱ្យអ្នកម៉ៅការម្នាក់របស់អង្គការស្លាប់។
គួរបញ្ជាក់ថា ស្ថានភាពបទឈប់បាញ់នៅតែបន្តជាប់គាំង ដោយសារភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ក្រុមហាម៉ាសបានបដិសេធការទាមទារឱ្យទម្លាក់អាវុធដែលជាលក្ខខណ្ឌមួយក្នុងផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចាត់ទុកថាជាការប៉ុនប៉ងបន្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន។ យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលហ្គាហ្សា យុទ្ធនាការយោធារបស់អ៉ីស្រាអែល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧២,០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល បង្កឱ្យមានគ្រោះទុរ្ភិក្ស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៅក្នុងតំបន់នេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters