[សេអ៊ូល]៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានបង្ហាញជំនឿចិត្តថា កូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានកំណត់ជាអ្នកបន្តវេនអំណាច។ យោងតាមការបញ្ជាក់របស់សមាជិកសភាកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ ខែមេសា នេះ ការបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ ក្នុងសកម្មភាពពាក់ព័ន្ធនឹងវិស័យយោធា គឺជាយុទ្ធសាស្ត្រដើម្បីបំបាត់មន្ទិលសង្ស័យទាំងឡាយលើរូបនាង។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានរាយការណ៍ក្នុងកិច្ចប្រជុំបិទទ្វារជាមួយសមាជិកសភាថា ការវាយតម្លៃនេះមិនមែនផ្អែកលើការសន្មតនោះទេ ប៉ុន្តែផ្អែកលើ «ព័ត៌មានសម្ងាត់ដែលអាចទុកចិត្តបាន» ដែលទីភ្នាក់ងារប្រមូលបាន។

យុទ្ធសាស្ត្របំបាត់មន្ទិលលើអ្នកបន្តវេនជាស្ត្រី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានវិភាគថា រូបភាពដែលបង្ហាញពីកូនស្រីមេដឹកនាំរូបនេះកំពុងបញ្ជាគ្រឿងយុទ្ធោបករណ៍ (ដូចជារថក្រោះ) មានគោលបំណងបង្ហាញពីសមត្ថភាពយោធាដែលនាងមាន និងដើម្បីកសាងទំនុកចិត្តលើអ្នកស្នងមរតកជាស្ត្រី ក្នុងសង្គមដែលប្រកាន់ទម្លាប់បុរសជាធំ។

កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានចេញផ្សាយរូបថតលោក គីម និងកូនស្រី ក្នុងសកម្មភាពពិនិត្យ និងសាកល្បងរថក្រោះស៊េរីថ្មី។ រូបភាពមុនៗក៏បានបង្ហាញពីសកម្មភាពរបស់នាងក្នុងកន្លែងហ្វឹកហាត់បាញ់កាំភ្លើងផងដែរ។ លោក Park Sun-won សមាជិកសភាមកពីគណបក្សប្រឆាំង (Democratic Party) បានលើកឡើងថា ឈុតឆាកទាំងនេះមានបំណងរំឮកដល់សកម្មភាពយោធារបស់លោក គីម ជុងអ៊ុន ផ្ទាល់ កាលពីដើមទសវត្សរ៍ឆ្នាំ២០១០ នៅពេលដែលលោកកំពុងត្រូវបានរៀបចំឱ្យបន្តតំណែងពីឪពុក (លោក គីម ជុងអ៊ីល)។

បច្ចុប្បន្ន កុមារី គីម ជូអេ (Kim Ju Ae) ដែលត្រូវបានគេជឿថាមានអាយុប្រហែល ១៣ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាបុគ្គលមានអំណាចខ្លាំងបំផុតលំដាប់ទី ២ ក្នុងប្រទេស។ កាលពីមុន NIS គ្រាន់តែវាយតម្លៃថា នាង «អាច» ជាអ្នកស្នងតំណែង ប៉ុន្តែវត្តមានដ៏មមាញឹករបស់នាងក្នុងព្រឹត្តិការណ៍ការពារជាតិ បានធ្វើឱ្យការវិភាគនេះកាន់តែច្បាស់លាស់ និងផ្លូវការជាងមុន។ លោក Lee Seong-kweun សមាជិកសភាមកពីគណបក្សកាន់អំណាច បានកត់សម្គាល់ថា ការផ្តោតខ្លាំងលើក្មួយស្រី (ជូអេ) អាចនឹងធ្វើឱ្យលោកស្រី គីម យ៉ូចុង (ប្អូនស្រីលោក គីម ជុងអ៊ុន) មានភាពមិនសប្បាយចិត្ត ទោះបីជាលោកស្រីមិនមានអំណាចសម្រេចចិត្តដាច់ដោយឡែកក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួននៅតែផ្តល់អនុសាសន៍ឱ្យមានការប្រុងប្រយ័ត្ន។ លោក ហុង មិន (Hong Min) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បានយល់ឃើញថា សកម្មភាពជិះរថក្រោះតែមួយមុខ មិនទាន់គ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា នាងគឺជាអ្នកស្នងមរតកផ្លូវការនោះទេ។ លោកបានកត់សម្គាល់ថា ជូអេ តែងតែបង្ហាញខ្លួនអមដំណើរឪពុកជានិច្ច ប៉ុន្តែនាងមិនទាន់មានការបង្ហាញខ្លួនជាលក្ខណៈ ឯករាជ្យ ក្នុងកិច្ចការយោធាដូចដែលលោក គីម ជុងអ៊ុន ធ្លាប់បានធ្វើក្នុងដំណាក់កាលត្រៀមខ្លួនឡើងកាន់អំណាចនោះឡើយ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters