[ទីក្រុងគៀវ]៖ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៧ ខែមេសា បានបណ្តាលឱ្យមនុស្ស ៨ នាក់បាត់បង់ជីវិត និងជាង ២១០ នាក់ផ្សេងទៀតរងរបួស។ ទីក្រុងគៀវបានចោទប្រកាន់ទីក្រុងមូស្គូថា បានបង្កើនអំពើហិង្សាកាន់តែខ្លាំងក្លា ជំនួសឱ្យការទទួលយកបទឈប់បាញ់ក្នុងឱកាសបុណ្យអ៉ីស្ទ័រ។
លោក Oleksandr Ganzha អភិបាលតំបន់ Dnipropetrovsk បានបញ្ជាក់តាមតេឡេក្រាមថា កងទ័ពរុស្ស៊ីបានប្រើប្រាស់ដ្រូនប្រភេទ FPV (ដ្រូនបញ្ជាដោយមើលរូបភាពផ្ទាល់) ដើម្បីវាយប្រហារលើរថយន្តក្រុងចំនួន ២ គ្រឿង ដ្រូនបានបុកឡានក្រុងដែលកំពុងចូលចតនៅកណ្តាលទីក្រុង Nikopol សម្លាប់មនុស្ស ៤ នាក់ និងរបួស ១៦ នាក់ និងរថយន្តក្រុងមួយគ្រឿងទៀតនៅក្នុងសហគមន៍ក្បែរនោះក៏ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យមនុស្ស ៥ នាក់បន្ថែមទៀតរងរបួស។

ប្រធានាធិបតី Volodymyr Zelenskiy បានបង្ហោះរូបភាពរថយន្តក្រុងដែលឆេះខ្លោច និងសាកសពនៅតាមដងផ្លូវលើបណ្តាញសង្គម X ដោយបានរិះគន់សហគមន៍អន្តរជាតិថា វាជារឿង "ចម្លែក" ដែលនៅតែមានការព្យាយាមបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ឬបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ក្នុងពេលដែលអំពើភេរវកម្មលើជនស៊ីវិលកើតឡើងរៀងរាល់ថ្ងៃបែបនេះ។
នៅតំបន់ភាគខាងត្បូងវិញ លោក Oleksandr Prokudin អភិបាលតំបន់ Kherson បានរាយការណ៍ថា ការបាញ់ផ្លោងរយៈពេល ៣០ នាទីលើតំបន់លំនៅដ្ឋាន បានសម្លាប់មនុស្ស ៤ នាក់ និងរបួស ៧ នាក់ទៀត។
មន្ត្រីអ៊ុយក្រែន និងអង្គការសិទ្ធិមនុស្សបានចោទប្រកាន់ថា កងទ័ពរុស្ស៊ីកំពុងអនុវត្តយុទ្ធនាការ "Safari" (ការបរបាញ់) ដោយប្រើដ្រូន FPV តាមប្រមាញ់ជនស៊ីវិលដោយចេតនា និងជាប្រព័ន្ធ ជាពិសេសនៅក្នុងទីក្រុង Kherson ដែលស្ថិតនៅកៀកនឹងខ្សែត្រៀមជួរមុខ។ ទោះបីជារុស្ស៊ីតែងតែបដិសេធថាខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិល ប៉ុន្តែចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំនៅដើមឆ្នាំ ២០២២ មក មនុស្សរាប់សែននាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងរងរបួសដោយសារការវាយប្រហាររបស់ទីក្រុងមូស្គូ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters