ក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ក្រុមហ៊ុនរកបានចំណូលប្រហែល 3.10 ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគដែលមានត្រឹម 3.04 ពាន់លានដុល្លារ។ ចំណូលប្រតិបត្តិការ (operating income) ក៏ឈានដល់ 171 លានដុល្លារ លើសការរំពឹងទុកទីផ្សារចំនួន 165.8 លានដុល្លារ។
នាយកប្រតិបត្តិ Jean-Marc Chery បានឲ្យដឹងថា ទោះបីមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏តម្រូវការក្នុងទីផ្សារកំពុងប្រសើរឡើង ដោយមានការកក់ទិញខ្លាំង និងស្តុកទំនិញត្រឡប់មកស្ថិតក្នុងកម្រិតធម្មតាវិញ។

STMicroelectronics គឺជាក្រុមហ៊ុនបន្ទះឈីបធំមួយនៅអឺរ៉ុប និងត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញទិសដៅទីផ្សារ  សម្រាប់វិស័យបន្ទះឈីបក្នុងឧស្សាហកម្មយានយន្ត និងឧស្សាហកម្មទូទៅ។ ក្នុងរយៈពេលកន្លងមក អតិថិជនបានកាត់បន្ថយការបញ្ជាទិញ ដើម្បីដោះស្រាយស្តុកលើស ក្រោយសម័យកូវីដ-១៩។ សម្រាប់ត្រីមាសទី២ ក្រុមហ៊ុនព្យាករថាចំណូលនឹងឡើងដល់ប្រហែល 3.45 ពាន់លានដុល្លារ ដែលខ្ពស់ជាងការរំពឹងទុកទីផ្សារនៅកម្រិត 3.21 ពាន់លានដុល្លារ បង្ហាញពីសញ្ញាថាទីផ្សារបន្ទះឈីបកំពុងចាប់ផ្តើមស្តារឡើងវិញ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters