តម្លៃប្រេងពិភពលោកបានកើនឡើងនៅថ្ងៃអង្គារ ខណៈទីផ្សារហ៊ុននៅតំបន់អាស៊ីមានភាពចម្រុះ បន្ទាប់ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា បានបន្ថយក្តីសង្ឃឹមរបស់វិនិយោគិនចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។ មន្ត្រីមួយរូបដែលបានទទួលព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បានឱ្យដឹងថា ប្រធានចរចាកំពូល និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតា ជុំវិញកិច្ចព្រមព្រៀងអាចកើតមានជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណា ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ សុទ្ធតែបានបន្ថយការរំពឹងទុកថា ការរីកចម្រើនធំៗនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

សារព័ត៌មាន Nikkei របស់ជប៉ុន ក៏បានរាយការណ៍ដែរថា ភាគីទាំងពីរកំពុងពិភាក្សាផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ ប្រហែល ៣០ថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់អរិភាព។
ប៉ុន្តែ ខណៈការចរចាកំពុងបន្ត កងកម្លាំងអាមេរិកបានបើកការវាយប្រហារនៅភាគខាងត្បូងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ដោយកំណត់គោលដៅលើទូកដែលត្រូវបានចោទថា កំពុងព្យាយាមដាក់មីនក្នុងសមុទ្រ និងទីតាំងបាញ់មីស៊ីល ដែលអាមេរិកអះអាងថា ជាសកម្មភាពការពារខ្លួន។
ការវិវត្តថ្មីនេះ បានជំរុញឱ្យតម្លៃប្រេង Brent កើនឡើងជាង ១% ក្នុងការជួញដូរពេលព្រឹកនៅអាស៊ី ដល់ ៩៧.៣២ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅអាមេរិក West Texas Intermediate (WTI) កើនឡើងបន្តិច ប៉ុន្តែនៅទាបជាងតម្លៃបិទកាលពីថ្ងៃសុក្រ ៥.៥%។ ទីផ្សារអាមេរិកមិនបានជួញដូរកាលពីថ្ងៃចន្ទ ដោយសារថ្ងៃឈប់សម្រាក Memorial Day។
លោក Joseph Capurso អ្នកយុទ្ធសាស្ត្រនៅធនាគារ Commonwealth Bank of Australia បាននិយាយថា លោកនៅតែមានការសង្ស័យចំពោះការអះអាងថា កិច្ចព្រមព្រៀងជិតសម្រេច។ លោកបញ្ជាក់ថា អ្វីដែលសំខាន់ គឺលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងពេលវេលាបើកច្រក Hormuz ព្រោះនៅមានចំណុចជាច្រើនមិនទាន់ច្បាស់លាស់។ នៅលើទីផ្សារហ៊ុន សន្ទស្សន៍ MSCI Asia-Pacific ក្រៅពីជប៉ុន បានកើនឡើង ០.៨% ខណៈសន្ទស្សន៍ Nikkei របស់ជប៉ុន ធ្លាក់ចុះ ០.២%។ អនាគតភាគហ៊ុន Nasdaq កើនឡើង ០.៩% និង S&P 500 កើនឡើង ០.៦៨%។ ក្នុងទីផ្សាររូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិកមានស្ថិរភាព ដោយសារតម្រូវការជាទ្រព្យសុវត្ថិភាពកើនឡើងវិញ។ ប្រាក់អឺរ៉ូធ្លាក់ចុះ ០.០៦% មកនៅ ១.១៦៣៦ដុល្លារ ខណៈប្រាក់ផោនអង់គ្លេសធ្លាក់មក ១.៣៤៩៨ដុល្លារ។ ចំណែកប្រាក់យ៉េនជប៉ុន មានស្ថិរភាពនៅ ១៥៨.៩៥យ៉េន ក្នុងមួយដុល្លារ។
ទីផ្សារមូលបត្របំណុលវិញ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីការលក់ចេញខ្លាំងកាលពីសប្តាហ៍មុន ដោយសារក្តីបារម្ភថា តម្លៃថាមពលខ្ពស់អាចជំរុញអតិផរណាឡើងវិញ និងបង្ខំឱ្យធនាគារកណ្ដាលជាច្រើនដំឡើងអត្រាការប្រាក់។ ចំណែកមាស Spot Gold បានធ្លាក់ចុះ ០.៥% មកនៅ ៤,៥៤៥.៩០ដុល្លារ ក្នុងមួយអោន។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters