យោធាអាមេរិកបានវាយប្រហារនាវាដឹកប្រេងមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ថាវាបានបំពានបទបញ្ជាបិទផ្លូវរបស់អាមេរិក តាមរយៈការ ប៉ុនប៉ងដឹកជញ្ជូនប្រេងចេញពីអុីរ៉ង់។ តាមរយៈបណ្តាញសង្គម X ទីបញ្ជាការកណ្តាលអាមេរិក បានឱ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានបាញ់ គ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់ ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា Settebello ដែលមានទង់ជាតិ Palau បន្ទាប់ពីនាវិកមិនព្រមអនុវត្តតាមការណែនាំពីកងកម្លាំងអាមេរិក។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ក្នុងចំណោមនាវិកទាំងអស់ នាវិកជនជាតិឥណ្ឌា ២១ នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ៣ នាក់ទៀតបានបាត់ខ្លួន។
ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលឥណ្ឌាបានកោះហៅអនុប្រធានបេសកកម្មអាមេរិកប្រចាំទីក្រុងញូវដេលី ដើម្បីសាកសួរនាំជុំវិញករណីនេះ។ យោធាអាមេរិកបានរឹតបន្តឹងការធ្វើដំណើរទៅកាន់កំពង់ផែអុីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% នៃពិភពលោក ក្នុងអំឡុងពេលជម្លោះដែលកំពុងផ្ទុះឡើង។ យោងតាម CENTCOM ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការបិទខ្ទប់កាលពីថ្ងៃទី ១៣ ខែមេសាមក កងកម្លាំងអាមេរិកបានស្ទាក់ចាប់នាវាសរុប ៨ គ្រឿង និងបង្វែរទិសដៅនាវាចំនួន ១៣៤ គ្រឿងផ្សេងទៀត។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ កងកម្លាំងអាមេរិកក៏បានវាយប្រហារលើនាវាដឹកប្រេងមួយទៀតឈ្មោះ Marivex ដែលដោតទង់ជាតិ Palau និងមាននាវិកជនជាតិឥណ្ឌាផងដែរ ដោយសារតែមិនគោរពតាមការណែនាំ។ យ៉ាងណាក៏ដោយ នាវិកទាំង ២៤ នាក់ត្រូវបានជួយសង្គ្រោះដោយយោធាអូម៉ង់។
ទន្ទឹមនឹងនេះ ភាពតានតឹងរវាងអុីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។ កាលពីថ្ងៃពុធ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានវាយប្រហារលើអុីរ៉ង់ ដោយចោទប្រកាន់ថាទីក្រុងតេអេរ៉ង់កំពុងពន្យារពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព និងកំពុងមើលងាយអាមេរិក។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារតបតគ្នាយ៉ាងខ្លាំងក្លា រួមទាំងការទម្លាក់ឧទ្ធម្ភាគចក្រអាមេរិកកាលពីថ្ងៃចន្ទ ដោយអុីរ៉ង់បានចោទប្រកាន់អាមេរិកថាជាអ្នករំលោភលើបទឈប់បាញ់។
ជម្លោះនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអុីរ៉ង់ដែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់ប្រទេសនេះស្លាប់។ អុីរ៉ង់បានឆ្លើយតបវិញតាមរយៈការវាយប្រហារលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ។ ការប្រយុទ្ធគ្នាបានរីកធំឡើងយ៉ាងឆាប់រហ័ស រហូតដល់ប្រទេសលីបង់បានចូលរួមក្នុងជម្លោះនៅខែមីនា។ បន្ទាប់មកនៅខែមេសា សហរដ្ឋអាមេរិក និងអុីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលដំបូងឡើយមានរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC