រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមល្បងមើលទ្រឹស្តីស្នូលមួយរបស់ខ្លួនឡើងវិញ ដែលថា ការប្រើប្រាស់កម្លាំងយោធាដ៏លើសលប់ រួមផ្សំនឹងការដាក់ទណ្ឌកម្ម នឹងអាចបង្ខំឱ្យទីក្រុងតេហេរ៉ង់ ព្រមចុះចាញ់ និងចូលតុចរចា ទោះបីជាកន្លងមក យុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថាមានកំហុសឆ្គងក៏ដោយ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសជាថ្មីទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអុីរ៉ង់កាលពីថ្ងៃពុធ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះថា បានអូសបន្លាយពេល និងមិនមានឆន្ទៈពិតប្រាកដក្នុងការបង្កើតកិច្ចព្រមព្រៀង។ លោកបានមានប្រសាសន៍ថា ពួកគេកំពុងលេងសើចជាមួយយើង។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានពន្យល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងផ្ញើសារយ៉ាងច្បាស់មួយទៅកាន់មេដឹកនាំអ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងជំហរការទូតរបស់ខ្លួន ដោយលោកបានបញ្ជាក់ចំៗថា ប្រសិនបើយើងត្រូវចរចាដោយប្រើគ្រាប់បែក យើងនឹងចរចាដោយប្រើគ្រាប់បែក។

ទំហំនៃការខូចខាត និងបញ្ជីគោលដៅពិតប្រាកដនៃការវាយប្រហារតាមអាកាសនេះ មិនទាន់ត្រូវបានលាតត្រដាងច្បាស់លាស់នៅឡើយទេ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិកបានប្រើប្រាស់គ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់ វាយប្រហារលើប្រព័ន្ធឃ្លាំមើលយោធា ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។ ក្រុមអ្នកវិភាគយល់ថា ការវាយប្រហារមួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ គឺមានបំណងកាត់បន្ថយការគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់នៅលើច្រកសមុទ្រ Hormuz ដើម្បីបង្រួមជម្រើសរបស់អ៊ីរ៉ង់ និងបង្ខំឱ្យពួកគេប្តូរជំហរចរចា។

ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសថាខ្លួនបានវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសគុយវ៉ែត បារ៉ែន និងហ្ស៊កដានី ព្រមទាំងបានប្រកាសបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាទាំងអស់ឆ្លងកាត់ ទោះបីជាអាមេរិកអះអាងថានៅមានកប៉ាល់ពាណិជ្ជកម្មមួយចំនួនកំពុងបន្តឆ្លងកាត់ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នេះក៏ដោយ។ ស្ថានការណ៍បានប្រែប្រួលយ៉ាងលឿនពី បទឈប់បាញ់ដ៏ផុយស្រួយ ទៅជា ការប្រឈមមុខដាក់គ្នាដោយហិង្សា ខណៈដែលភាគីទាំងពីរកំពុងល្បងមើលថាតើការប្រើប្រាស់កម្លាំងយោធានេះ អាចកែប្រែយុទ្ធសាស្ត្រចរចារបស់គូប្រជែងបានកម្រិតណា។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ភាពតានតឹងដ៏ស្រួចស្រាវនេះអាចនឹងរីករាលដាលទៅជាជម្លោះទ្រង់ទ្រាយធំទូទាំងតំបន់ ដែលធ្វើឱ្យផលវិបាកនៃសង្គ្រាមកាន់តែធ្ងន់ធ្ងរ។ ជារឿយៗនៅក្នុងសង្គ្រាម ការកែតម្រូវកលល្បិច និងការវាយប្រហារចំចំណុចសំខាន់ អាចផ្លាស់ប្តូរលទ្ធផលបាន។ ប៉ុន្តែ ហានិភ័យគឺថា ការវាយលុកជាថ្មីរបស់អាមេរិកនេះ អាចនឹងដើរចូលគន្លងចាស់ដែលធ្លាប់ធ្វើឱ្យលោក Trump ទាល់ច្រក។ ខណៈពេលដែលកងទ័ពអាមេរិកអាចបង្កើតជ័យជម្នះលើសមរភូមិជាក់ស្តែងបានជាបន្តបន្ទាប់ ប៉ុន្តែជម្រើសយោធានេះមិនទាន់អាចបង្កើតជ័យជម្នះជាយុទ្ធសាស្ត្ររួម សម្រាប់ការទូតបានឡើយ។

ភ័ស្តុតាងក្នុងរយៈពេល ៣ ខែចុងក្រោយនេះបង្ហាញថា សម្ពាធយោធារបស់ទីក្រុងវ៉ាស៊ីនតោន មានតែធ្វើឱ្យមេដឹកនាំអ៊ីរ៉ង់កាន់តែរឹងរូស និងបង្កើនការមិនទុកចិត្តលើរូបលោក Trump ថាជាមេដឹកនាំដែលមិនគោរពកិច្ចព្រមព្រៀង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បានស្រង់សម្តីរបស់ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ដែលបានថ្លែងកាលពីថ្ងៃពុធថា គ្មានកិច្ចព្រមព្រៀងយូរអង្វែងណាមួយអាចសម្រេចបានតាមរយៈការគំរាមកំហែង ការបំភិតបំភ័យ ឬការប្រើប្រាស់កម្លាំងនោះឡើយ។ និយាយម្យ៉ាងទៀត អ៊ីរ៉ង់ចង់ឱ្យពិភពលោកដឹងថា គេមិនអាចប្រើគ្រាប់បែកបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់នៅលើតុចរចាបានទេ។

រលកនៃការវាយប្រហារថ្មីនេះ បានគូសបញ្ជាក់ពីកត្តាជំរុញសំខាន់ៗចំនួន ៣។ លោកត្រាំ បង្ហាញការខកចិត្តជាសាធារណៈកាន់តែខ្លាំងឡើង ដោយសារទីក្រុងតេហេរ៉ង់មិនព្រមចុះញ៉មតាមលក្ខខណ្ឌរបស់លោក ក្នុងការបើកច្រកសមុទ្រឡើងវិញ និងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ លោក Trump នៅតែមានជំនឿចិត្តថា មានតែការប្រឈមមុខដាក់គ្នាដោយហិង្សាប៉ុណ្ណោះ ទើបអាចបង្ខំឱ្យសត្រូវព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ លោកមានទំនោរប្រើប្រាស់កម្លាំងបាយនៅចំពេលដែលការចរចាកំពុងឈានដល់ដំណាក់កាលតានតឹង។ គួរកត់សម្គាល់ថា រលកនៃការវាយប្រហារថ្មីនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមអ្នកចរចាកាតា បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធ ដើម្បីជួបពិភាក្សាការងារ ក្នុងគោលបំណងបំពេញចន្លោះប្រហោងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា រវាងវ៉ាស៊ីនតោន និងតេហេរ៉ង់។ កន្លងមក លោក Trump ធ្លាប់បានប្រើប្រាស់វិធីកាត់ផ្តាច់កិច្ចប្រឹងប្រែងការទូតបែបនេះយ៉ាងហោចណាស់ ២ ដងរួចមកហើយ លើកទីមួយ គឺមុនពេលដែលលោកបញ្ជាឱ្យទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីឆ្នាំមុន និងលើកទីពីរ នៅពេលដែលលោកអស់ការអត់ធ្មត់នឹងដំណើរការចរចាដ៏ស្មុគស្មាញនៅទីក្រុងហ្សឺណែវ កាលពីចុងខែកុម្ភៈ ដែលនៅពេលនោះ លោក និងអ៊ីស្រាអែលបានរួមគ្នាចាប់ផ្តើមបើកការវាយលុក។

ការវាយប្រហារកាលពីថ្ងៃពុធនេះ ក៏ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍កាលពីថ្ងៃអង្គារ ដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាមេរិកផងដែរ។ លោក Trump បានថ្លែងកាលពីថ្ងៃពុធថា ខ្ញុំគិតថាយើងមានសិទ្ធិពេញលេញក្នុងការធ្វើបែបនេះ។ ប៉ុន្តែតាមពិតទៅ គាត់មិនមានជម្រើសច្រើនឡើយ ព្រោះបើមិនធ្វើអ្វីសោះ មានន័យថាត្រូវបណ្តោយឱ្យទីក្រុងតេហេរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុង។ ប៉ុន្តែរាល់ពេលដែលលោក Trump ជ្រើសរើសប្រើកម្លាំងកាន់តែខ្លាំង លោកក៏កំពុងបង្កើនហានិភ័យដែលធ្វើឱ្យជម្លោះនេះផ្ទុះឡើងរហូតដល់ថ្នាក់លែងអាចគ្រប់គ្រងបាន។ លោក Jim Himes តំណាងរាស្ត្រជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាអាមេរិក បានប្រាប់ទូរទស្សន៍ CNN ថា អ៊ីរ៉ង់នៅតែមានសមត្ថភាពខ្ពស់ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអារ៉ាប់រួម ឬកាតា ដើម្បីសងសឹក។ លើសពីនេះ អ៊ីរ៉ង់ក៏អាចបញ្ជាឱ្យក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅយេម៉ែន វាយប្រហារកាត់ផ្តាច់ផ្លូវនាំចេញប្រេងនៅសមុទ្រក្រហមផងដែរ។ លោក Himes បានព្រមានថា ពួកគេមានសន្លឹកបៀជាច្រើនសន្លឹកសម្រាប់លេង ហើយសន្លឹកបៀទាំងនោះសុទ្ធតែចង្អុលទៅទិសដៅតែមួយ គឺធ្វើឱ្យតម្លៃសាំងឡើងថ្លៃកប់ពពកសម្រាប់ប្រជាជនអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានបញ្ជាក់ថា ចេតនារបស់ពួកគេមិនមែនចង់បើកសង្រ្គាមពេញលេញឡើងវិញជាមួយអ៊ីរ៉ង់នោះទេ ដែលនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់លោក Trump ក្នុងការបញ្ចប់ជម្លោះនេះឱ្យបានឆាប់។ លោក Hegseth បាននិយាយថា ប្រតិបត្តិការនេះគ្រាន់តែជាការ កំណត់លក្ខខណ្ឌប៉ុណ្ណោះ មិនមែនដោយសារតែអាមេរិកចង់ចាប់ផ្តើមសង្រ្គាមឡើងវិញនោះទេ។ មើលមួយភ្លែត ការវាយប្រហារនេះបានបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយដែលធ្លាប់មានកន្លងមក។ បទឈប់បាញ់នោះ គ្រាន់តែជាកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីផ្អាកការបាញ់បោះ ជាជាងការយល់ដឹងស៊ីជម្រៅដើម្បីរក្សាស្ថិរភាព និងការពារកុំឱ្យកើតមានសង្រ្គាមពេញលេញ។ រដ្ឋបាលអាមេរិកប្រហែលជាសង្ឃឹមថាការគាបសង្កត់នេះនឹងអាចប្តូរសមីការចរចា ប៉ុន្តែពួកគេកំពុងប្រថុយនឹងការវាយតម្លៃខុស។ អ្វីដែលវ៉ាស៊ីនតោនយល់ថាជា សកម្មភាពសមហេតុផល និងសមាមាត្រ ប្រហែលជាមិនត្រូវបានទទួលយកដោយសត្រូវរបស់ខ្លួននៅមជ្ឈិមបូព៌ានោះឡើយ។ ដើម្បីឱ្យយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកទទួលបានជោគជ័យ លុះត្រាតែអ៊ីរ៉ង់ព្រមទទួលស្គាល់ថា អាមេរិកជាអ្នកឈ្នះសង្រ្គាមនេះរួចទៅហើយ។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ហាក់ដូចជាគិតថាខ្លួនកំពុងមានប្រៀប ហេតុនេះហើយទើបពួកគេមិនព្រមធ្វើការកែប្រែណាមួយលើអនុស្សរណៈយោគយល់គ្នា កាលពីដើមសប្តាហ៍។

លើសពីនេះ តាមរយៈការបន្តគ្រប់គ្រង និងបង្កការរំខាននៅច្រកសមុទ្រ Hormuz ដែលកំពុងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោក និងកំពុងបង្កើតសម្ពាធនយោបាយលើលោក Trump អ៊ីរ៉ង់អាចនឹងវាយតម្លៃថាខ្លួនកំពុងស្ថិតក្នុង ជំហរការទូតដ៏លេចធ្លោ។ សម្រាប់របបដឹកនាំអ៊ីរ៉ង់ ការដែលអាចរស់រានមានជីវិតបានក្រោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល គឺចាត់ទុកជាជ័យជម្នះមួយទៅហើយ។ ទោះបីជាអ្នកវិភាគភាគច្រើនយល់ថា អ៊ីរ៉ង់មិនអាចទ្រាំទ្រនឹងការខូចខាតសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីការបិទខ្ទប់របស់អាមេរិកក្នុងរយៈពេលយូរបានក៏ដោយ ក៏គេនៅមិនទាន់ឃើញមានសញ្ញាណាមួយថា របបឃោរឃៅដែលមិនសូវខ្វល់ពីសុខទុក្ខប្រជាជនមួយនេះ ជិតដល់ចំណុចបាក់បែកនោះដែរ។

កត្តាទាំងអស់នេះហើយ ដែលពន្យល់ពីមូលហេតុដែលទីក្រុងតេហេរ៉ង់មិនព្រមចុះចាញ់លោក Trump ដែលជាអ្វីដែលប្រធានាធិបតីរូបនេះត្រូវការជាចាំបាច់ ដើម្បីយកទៅបង្ហាញប្រាប់ប្រជាជនអាមេរិកថា សង្រ្គាមរបស់លោកមានភាពត្រឹមត្រូវ និងដើម្បីស្រោចស្រង់ប្រជាប្រិយភាពរបស់លោកឡើងវិញ នៅក្នុងការស្ទង់មតិដែលកំពុងតែធ្លាក់ចុះ។ ការវិលត្រឡប់ទៅរកការប្រើប្រាស់កម្លាំងបាយភ្លាមៗរបស់លោក Trump អាចធ្វើឱ្យអ្នកបោះឆ្នោតអាមេរិក ដែលធ្លាប់ប្រឆាំងនឹងសង្រ្គាមនេះជាយូរមកហើយ កាន់តែមានការភ័ន្តច្រឡំ។ វាក៏បង្ហាញពី សារនយោបាយដែលមិនស៊ីសង្វាក់គ្នា ដែលធ្លាប់ជួបប្រទះក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។ ជាក់ស្តែង កាលពីថ្ងៃអង្គារ លោក Trump ទើបតែបានថ្លែងថាលោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយច្រកសមុទ្រអាចនឹងបើកឡើងវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃខាងមុខ។  កាលពីសប្តាហ៍មុន លោកក៏បានរិះគន់លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះសកម្មភាពយោធានៅលីបង់ ដែលលោកជឿថាអាចរារាំងកិច្ចព្រមព្រៀងសន្តិភាព។ លោកថែមទាំងបានប្រាប់សារព័ត៌មាន Axios ថា លោកបានព្រមានមេដឹកនាំអ៊ីស្រាអែលអំពីហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពឯកោ។ ប៉ុន្តែចុងក្រោយ បែរជាលោក Trump ខ្លួនឯងទៅវិញ ដែលជាអ្នកបញ្ចេញកម្លាំងយោធាអាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មីក្នុងសប្តាហ៍នេះ។

 

សារដ៏ចម្រុះ និងផ្ទុយគ្នាបែបនេះ បង្ហាញថាលោក Trump កំពុងជាប់អន្ទាក់ដែលបង្កើតឡើងដោយការសម្រេចចិត្តរបស់លោកផ្ទាល់។ ដើម្បីផ្លាស់ប្តូរលទ្ធផលយុទ្ធសាស្ត្រ លោកប្រហែលជាត្រូវបញ្ជាឱ្យមានសកម្មភាពយោធាកាន់តែខ្លាំង និងអូសបន្លាយពេលយូរជាងនេះ។ ប៉ុន្តែ សកម្មភាពបែបនោះច្បាស់ជាបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លាពីអ៊ីរ៉ង់ ដែលនឹងទាញយកសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់ឈូងសមុទ្រឱ្យធ្លាក់ចូលក្នុងសង្គ្រាមវិញ ហើយធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ ដែលវានឹងបំផ្លាញប្រជាប្រិយភាពរបស់លោក Trump ផ្ទាល់។ ប៉ុន្តែបើមិនធ្វើការវាយលុកទេ លោកក៏មិនអាចបង្ខំឱ្យអ៊ីរ៉ង់ដែលកំពុងមានប្រៀប ព្រមចូលមកធ្វើកិច្ចព្រមព្រៀងបានដែរ។ ភាពស្មុគស្មាញមួយទៀតគឺ ទោះបីជាមានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ និងបញ្ចប់ការបិទខ្ទប់របស់អាមេរិកក៏ដោយ វាគ្រាន់តែជាការចាប់ផ្តើមនៃការចរចាដ៏រាប់សប្តាហ៍ ឬរាប់ខែបន្តទៀត លើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជោគវាសនានៃស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ និងការទាមទារឱ្យដកទណ្ឌកម្មជាថ្នូរនឹងកិច្ចសហប្រតិបត្តិការ។

ប្រសិនបើការវាយប្រហារជុំថ្មីនេះមិនទទួលបានផល ពិភពលោកច្បាស់ជានឹងរិះគន់លើការងាកមកប្រើប្រាស់វិធីបង្ខិតបង្ខំរបស់លោក Trump ឡើងវិញ។ មូលហេតុដែលលោកជ្រើសរើសផ្លូវនេះ គឺដោយសារតែផ្នត់គំនិតពេញមួយជីវិតរបស់លោក ដែលយល់ថា រាល់ការចរចា ឬការប្រឈមមុខដាក់គ្នា គឺត្រូវតែមានអ្នកឈ្នះ និងអ្នកចាញ់ដាច់ខាត។ សភាវគតិរបស់លោកដែលគិតថា ការទម្លាក់ញញួរ អាចបង្ខំឱ្យអ៊ីរ៉ង់បត់ពត់បាន គឺចេញមកពីសៀវភៅល្បិចចរចារបស់មហាសេដ្ឋីអចលនទ្រព្យ ទោះបីជាវិធីសាស្ត្របែបនេះមិនទាន់ទទួលបានជោគជ័យធំដុំក្នុងវិស័យការទូតក៏ដោយ។

សកម្មភាពឈ្លានពានរបស់ប្រធានាធិបតី បានជះឥទ្ធិពលដល់ទស្សនៈរបស់មន្ត្រីក្នុងរដ្ឋបាលរបស់លោកផងដែរ។ លោក Hegseth បានលើកឡើងក្នុងន័យធៀបថា ជំនួសឱ្យការចំណាយពេលដេញថ្លៃ ឬចរចាបន្តិចម្តងៗ ដើម្បីបង្កើតកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកបានជ្រើសរើសយកការទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់តែម្តង។ ប៉ុន្តែ ប្រសិនបើការវាយប្រហារតាមអាកាសថ្មីនេះ នៅតែមិនអាចបង្ខំឱ្យទីក្រុងតេហេរ៉ង់ថយក្រោយបានទេ លោក Trump ច្បាស់ជាត្រូវប្រឈមមុខនឹងសំណួរជាថ្មីម្តងទៀតថា ហេតុអ្វីបានជាលោកនៅតែជម្រុញឱ្យប្រើប្រាស់វិធីសាស្ត្រដែលធ្លាប់តែបរាជ័យរួចទៅហើយបែបនេះ?

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN