ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDanceដែលជាម្ចាស់ TikTok កំពុងចរចាជាមួយក្រុមហ៊ុនផលិតឈីប AI នៅសៀងហៃ Iluvatar CoreX ដើម្បីទិញឈីបសម្រាប់ការងារ AI ប្រភេទ “inference” ហើយក៏កំពុងពិចារណាកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ Baidu ផងដែរ នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ។
ប្រសិនបើកិច្ចព្រមព្រៀងសម្រេចបាន Iluvatar CoreX នឹងក្លាយជាអ្នកផ្គត់ផ្គង់ GPU ក្នុងស្រុកធំទីបីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បន្ទាប់ពី Huawei និង Cambricon
ប្រភពបានបន្ថែមថា ByteDance ក៏កំពុងពិចារណាប្រើឈីប Kunlunxin របស់ Baidu ខណៈក្រុមហ៊ុន Tencent បានក្លាយជាអតិថិជនរួចហើយនៃបច្ចេកវិទ្យានេះ។

កិច្ចព្រមព្រៀងដែលកំពុងពិចារណានេះបង្ហាញពីការកើនឡើងនៃការប្រើប្រាស់ឈីប AI ក្នុងស្រុកចិន ខណៈរដ្ឋាភិបាលប៉េកាំងជំរុញឱ្យកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស នៅចំពោះមុខការរឹតបន្តឹងការនាំចេញឈីបពីសហរដ្ឋអាមេរិក។
ទីផ្សារឈីប AI ក្នុងស្រុកបានកាន់កាប់ប្រហែល 41% នៃទីផ្សារ AI accelerator server នៅចិនកាលពីឆ្នាំមុន ដែលធ្វើឱ្យឥទ្ធិពលរបស់ក្រុមហ៊ុនNvidia ធ្លាក់ចុះយ៉ាងខ្លាំងនៅទីផ្សារដ៏សំខាន់មួយនេះ។
តាមប្រភពដដែល Iluvatar CoreX អាចផ្គត់ផ្គង់ឈីបប្រហែល 50,000 គ្រាប់ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ក្នុងឆ្នាំនេះ ដែលភាគច្រើនប្រើសម្រាប់ការងារ AI “inference” ក្នុងការឆ្លើយសំណួររបស់អ្នកប្រើប្រាស់។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters