[ដាការ]៖ ជនចំណាកស្រុកចំនួន ៥នាក់ ដែលសហរដ្ឋអាមេរិកព្យាយាមនិរទេសទៅកាន់ប្រទេសលីបេរីយ៉ា ក្នុងសប្តាហ៍នេះ បានបដិសេធមិនចុះពីយន្តហោះ បន្ទាប់ពីទៅដល់ប្រទេសគោលដៅ ហើយត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសអេក្វាទ័រហ្គីណេវិញ។ នេះបើយោងតាមប្រភពចំនួន ២ ដែលដឹងពីករណីនេះ និងបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ករណីនេះត្រូវបានចាត់ទុកថា ជាឧបសគ្គដំបូងមួយចំពោះផែនការរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ជូនមនុស្សរហូតដល់ ១,២០០នាក់ ដែលត្រូវបានហៅថា «អ្នកនិរទេសប្រទេសទីបី» ទៅកាន់ប្រទេសលីបេរីយ៉ា។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងធំបំផុតរបស់រដ្ឋបាលអាមេរិកជាមួយប្រទេសនៅទ្វីបអាហ្វ្រិក ប៉ុន្តែបានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងអ្នកតស៊ូមតិសិទ្ធិជនអន្តោប្រវេសន៍។ «អ្នកនិរទេសប្រទេសទីបី» ជាទូទៅគឺជាមនុស្សដែលត្រូវបានចៅក្រមអន្តោប្រវេសន៍អាមេរិកសម្រេចថា មានហានិភ័យប្រឈមនឹងការធ្វើទារុណកម្ម ឬការរំលោភបំពានផ្សេងៗ ប្រសិនបើត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើត។ ដូច្នេះ ពួកគេអាចទទួលបានការការពារផ្លូវច្បាប់មួយចំនួនពីការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើត។

ប្រទេសលីបេរីយ៉ាបានប្រកាសកាលពីថ្ងៃអង្គារ ថាខ្លួនបានយល់ព្រមទទួលអ្នកនិរទេសពីសហរដ្ឋអាមេរិក ហើយក្រុមដំបូងចំនួន ២០នាក់ ត្រូវបានរំពឹងថានឹងមកដល់នៅថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីលីបេរីយ៉ាម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហា បានប្រាប់ Reuters កាលពីថ្ងៃសុក្រថា មានអ្នកនិរទេសតែ ១៥នាក់ប៉ុណ្ណោះដែលបានចុះពីយន្តហោះ។ តាមប្រភពចំនួន ៣ ដែលដឹងពីហេតុការណ៍នេះ បានឱ្យដឹងថា បុរសជនជាតិគុយបា ៣នាក់ បុរសប្រេស៊ីលម្នាក់ និងស្ត្រីកាមេរូនម្នាក់ បានបដិសេធមិនចុះពីយន្តហោះនៅប្រទេសលីបេរីយ៉ា។ ប្រភពបានបញ្ជាក់ថា ម្នាក់ក្នុងចំណោមអ្នកទាំងនោះ គឺជាជននិរទេសមកពីប្រទេសហុងឌូរ៉ាសដែលស្ថិតនៅលើជើងហោះហើរដូចគ្នា។
ប្រភពបានឱ្យដឹងថា អ្នកទាំង ៥ ត្រូវបានប្រាប់ថា ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ប៉ុន្តែយន្តហោះបានបន្តហោះទៅកាន់ទីក្រុងម៉ាឡាបូ (Malabo) រដ្ឋធានីប្រទេសអេក្វាទ័រហ្គីណេ ហើយអ្នកទាំង ៥ ត្រូវបាននាំចុះពីយន្តហោះនៅទីនោះ ទោះបីជាពួកគេមិនយល់ព្រមក៏ដោយ។ ក្រសួងព័ត៌មានលីបេរីយ៉ាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី Reuters កាលពីថ្ងៃសុក្រឡើយ។ រដ្ឋាភិបាលអេក្វាទ័រហ្គីណេក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ អ្នកនិរទេសប្រមាណ ៤០នាក់កំពុងឃុំខ្លួននៅម៉ាឡាបូ បច្ចុប្បន្ន អ្នកនិរទេសទាំង ៥នាក់ ត្រូវបានឃុំខ្លួនជាមួយជនចំណាកស្រុកជាង ៣០នាក់ផ្សេងទៀត ដែលរដ្ឋបាលលោក ត្រាំ បានបញ្ជូនទៅកាន់អេក្វាទ័រហ្គីណេក្រោមកិច្ចព្រមព្រៀងដូចគ្នា។

កិច្ចព្រមព្រៀងនិរទេសរបស់សហរដ្ឋអាមេរិកជាមួយប្រទេសអាហ្វ្រិកមួយចំនួន បានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដែលបារម្ភថា អ្នកនិរទេសអាចត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសកំណើតរបស់ពួកគេ ទោះបីពួកគេមានការការពារផ្លូវច្បាប់ប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ក៏ដោយ។ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្រង់ទ្រាយធំ និងពង្រឹងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិកបាននិយាយថា ជនចំណាកស្រុកទាំងអស់ត្រូវបានបញ្ជូនទៅកាន់ «ប្រទេសទីបីដែលមានសុវត្ថិភាព»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រសិនបើចៅក្រមរកឃើញថាជនបរទេសមិនមានសិទ្ធិស្នាក់នៅក្នុងសហរដ្ឋអាមេរិកទេ អាជ្ញាធរនឹងអនុវត្តការនិរទេស។ យោងតាមរបាយការណ៍របស់ ICE Flight Monitor ដែលជាប្រព័ន្ធតាមដានជើងហោះហើរនិរទេស និងគ្រប់គ្រងដោយអង្គការសិទ្ធិមនុស្ស Human Rights First បានឱ្យដឹងថា យន្តហោះដឹកអ្នកនិរទេសបានមកដល់ទីក្រុងម៉ុនរ៉ូវៀ ប្រទេសលីបេរីយ៉ា នៅម៉ោងប្រមាណ ១២:៤៥នាទីថ្ងៃត្រង់ ម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍។ យន្តហោះនេះបានហោះចេញពីរដ្ឋ Louisiana និងបានឈប់នៅទីក្រុងដាការ ប្រទេសសេណេហ្គាល់ មុនទៅដល់លីបេរីយ៉ា។
បន្ទាប់មក យន្តហោះបានចាកចេញពីលីបេរីយ៉ា ឆ្ពោះទៅទីក្រុងម៉ាឡាបូ នៅម៉ោងប្រមាណ ៨:៥០នាទីយប់ ម៉ោងសកល។ លោក Ahmed Soliman ជាជនចំណាកស្រុកអេហ្ស៊ីបម្នាក់ ដែលបានមកដល់អេក្វាទ័រហ្គីណេប្រមាណ ៤ខែមុន បាននិយាយថា បច្ចុប្បន្នមានអ្នកនិរទេសប្រមាណ ៤០នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងសណ្ឋាគារមួយដែលត្រូវបានបិទដំណើរការនៅទីក្រុងម៉ាឡាបូ។ ក្រុមសិទ្ធិមនុស្សចំនួន ៥ រួមមាន Asian Americans Advancing Justice-Atlanta និង EG Justice បានចេញសេចក្តីថ្លែងការណ៍កាលពីខែមុន ដោយពិពណ៌នាពីស្ថានភាពនៅកន្លែងឃុំខ្លួនថា មានបញ្ហាជាច្រើន រួមទាំងការទទួលបានសេវាវេជ្ជសាស្ត្រមិនគ្រប់គ្រាន់ បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ និងការមិនទទួលបានជំនួយផ្នែកច្បាប់គ្រប់គ្រាន់។
លោក Meredyth Yoon នាយកផ្នែកវិវាទនៃ Asian Americans Advancing Justice-Atlanta បានរិះគន់គោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដោយលើកឡើងថា កិច្ចព្រមព្រៀងនិរទេសទាំងនេះកំពុងត្រូវបានប្រើប្រាស់ ដើម្បីបញ្ជូនមនុស្សទៅកាន់ប្រទេសផ្សេងៗ ដោយមិនបានគិតគូរគ្រប់គ្រាន់ពីសិទ្ធិ និងសុវត្ថិភាពរបស់ពួកគេ។ ករណីអ្នកនិរទេស ៥នាក់ដែលបដិសេធមិនចុះពីយន្តហោះនៅលីបេរីយ៉ា ហើយត្រូវបានបញ្ជូនបន្តទៅអេក្វាទ័រហ្គីណេ បានបង្ហាញពីភាពស្មុគស្មាញថ្មីចំពោះគោលនយោបាយនិរទេសរបស់រដ្ឋបាលលោក ត្រាំ ខណៈសហរដ្ឋអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសទីបី ដើម្បីទទួលអ្នកដែលខ្លួនមិនអាចបញ្ជូនត្រឡប់ទៅប្រទេសកំណើតបានដោយផ្ទាល់។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters