សហរដ្ឋអាមេរិកកំពុងរៀបចំកំណត់ក្រុម Cartel de los Soles ដែលត្រូវបានគេអះអាងថាត្រូវបានដឹកនាំដោយប្រធានាធិបតីវេណេស៊ុយអេឡាគឺលោក Nicolás Maduro និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដែលជាអង្គការភេរវកម្មបរទេស (FTO) នៅក្នុងខែនេះ។ ការប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា “Maduro និងមិត្តភក្តិរបស់គាត់មិនតំណាងឱ្យរដ្ឋាភិបាលស្របច្បាប់ទេ” ហើយបានចោទប្រកាន់ក្រុម Cartel de los Soles ថាមានការចូលរួមជាមួយអង្គការភេរវកម្មផ្សេងទៀត ក្នុងការធ្វើអំពើហិង្សា និងការជួញដូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប”។

ការកំណត់នេះនឹងចូលជាធរមាននៅថ្ងៃទី 24 ខែវិច្ឆិកា នៅពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធានៅតំបន់ការ៉ាប៊ីន ដោយរួមទាំងការធ្វើដំណើរមកដល់របស់នាវាផ្ទុកយន្តហោះធំបំផុតរបស់ពិភពលោក។ ភាពតានតឹងកាន់តែកើនឡើងខ្លាំង ខណៈពេលដែលកងកម្លាំងអាមេរិកបន្តវាយប្រហារទៅលើជនជួញដូរគ្រឿងញៀន និងរឹតបន្តឹងគោលនយោបាយដដែលដោយចោទប្រកាន់ថា ក្រុមនេះមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក Maduro។

ក្រុម Cartel de los Soles ត្រូវបានក្រសួងរតនាគារអាមេរិកដាក់ទណ្ឌកម្មតាំងពីខែកក្កដា ហើយត្រូវបានចាត់ទុកថា “ភេរវករសកលដែលត្រូវបានកំណត់ជាពិសេស”។ ឈ្មោះក្រុមនេះត្រូវសន្មត់ថាបានមកពីនិមិត្តសញ្ញាព្រះអាទិត្យ ដែលបង្ហាញនៅលើឯកសណ្ឋានមន្ត្រីយោធាវេណេស៊ុយអេឡា។
កាលពីខែសីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Pam Bondi បានដាក់រង្វាន់ចំនួន 50 លានដុល្លារសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនលោក Maduro ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួលដូរគ្រឿងញៀនចូលមកសហរដ្ឋអាមេរិក។ លោកស្រីមិនបានបង្ហាញភស្តុតាងច្បាស់លាស់ណាមួយចំពោះការចោទប្រកាន់ទៅកាន់មេដឹកនាំវេណេស៊ុយអេឡាក្នុងការជួញដូរគ្រឿងញៀនអន្តរជាតិនោះទេ។

ទោះជាយ៉ាងណា មន្រ្តីវេណេស៊ុយអេឡាបន្តបដិសេ ដោយបានអះអាងថាក្រុម Cartel de los Soles “មិនមានពិតនោះទេ” ហើយវាគ្រាន់តែជាការបង្កើតព័ត៌មានរបស់ពួកលោកខាងលិច។ អ្នកស្រាវជ្រាវ Phil Gunson ពន្យល់ថា ទោះបីជាគ្មានអង្គការផ្លូវការដែលមានឈ្មោះនេះក៏ដោយ ក៏នៅតែមិនអាចបដិសេធចំពោះការចូលរួមរបស់មន្រ្តីជាន់ខ្ពស់ និងកងយោធារបស់លោក Maduro ក្នុងការជួញដូរគ្រឿងញៀនបានទេ។ គាត់បានបញ្ជាក់ថា មានការដឹកជញ្ជូនគ្រឿងញៀនតាមទន្លេ Orinoco និងដោយសម្ងាត់តាមអាកាស ដែលបង្ហាញថា គឺជារឿងដែលត្រូវសង្ស័យយ៉ាងខ្លាំង៕
ប្រភព៖ CNN